ភ្នំពេញ៖ ការគាំទ្ររបស់ឯកឧត្តមរដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាស ជួបពិភាក្សាជាមួយលោកស្រី Gwyneth Cotes នាយិកាប្រចាំប្រទេស អង្គការ ហេឡែន ខេលល័រ អន្តរជាតិ នៅទីស្តីការក្រសួងការងារ ដើម្បីស្នើសុំកិច្ចសហការលើការសាកល្បងគម្រោងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភនៅតាមបណ្តារោងចក្រមួយចំនួន។
ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគាំទ្រចំពោះអង្គការ ហេឡែន ខេលល័រ ដែលនឹងត្រូវអនុវត្តសាកល្បងគម្រោងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភនៅតាមបណ្តារោងចក្រមួយចំនួន ដោយឯកឧត្តមដ្ឋមន្ត្រី ស្នើឲ្យមានការរៀបចំជាកិច្ចព្រមព្រៀងអនុស្សារណៈនៃការយោគយល់គ្នា(MOU) រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយអង្គការ ដើម្បីធ្វើឲ្យគម្រោងនេះអនុវត្តទៅទទួលបានប្រសិទ្ធភាព និងជោគជ័យរួម។
ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងពីវិបត្តិកូវីដ-១៩ ដែលធ្វើឲ្យមានការរាំងស្ទះដល់គ្រប់វិស័យ ជាពិសេសសម្រាប់វិស័យការងារជាវិស័យមួយជួបនូវការលំបាកផងដែរ ធ្វើឲ្យកម្មករនិយោជិតបាត់បង់ការងារ និងប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាព ដែលទាមទារឲ្យរាជរដ្ឋាភិបាលខិតខំដោះស្រាយតាមរយៈវិធានការឧបត្ថម្ភជាកញ្ចប់។ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា បានជ្រើសរើសយុទ្ធសាស្ត្រចាក់វ៉ាក់សាំងជាគន្លឹះ ធ្វើឲ្យប្រជាពលរដ្ឋមានភាពស៊ាំមនៅក្នុងសហគមន៍ ហើយអាចបើកដំណើរការប្រទេសឡើងវិញ។
លោកស្រី Gwyneth Cotesបានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា អង្គការ ហេឡែន ខេលល័រ ជាអង្គការមនុស្សធ៌មមិនមែនរដ្ឋាភិបាល ដែលបានកំពុងអនុវត្តកម្មវិធីលើកកម្ពស់សុខភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា ដោយបច្ចុប្បន្ននេះ អង្គការ កំពុងរៀបចំដំណើរការសាកល្បងគម្រោងលើកកម្ពស់ សុខភាពនិងអាហារូបត្ថម្ភ ស្ត្រី និងកុមារនៅតាមបណ្តារោងចក្រមួយចំនួនតាមរយៈការគាំទ្រថវិការបស់គម្រោង GIZ-MUSEFO ដើម្បីរួមចំណែកលើកកម្ពស់ សុខភាព ផលិតភាព និងសេដ្ឋកិច្ចកម្ពុជា។
កម្មវិធីនេះនឹងផ្តោតលើការអប់រំដល់បុគ្គលិក កម្មករ កម្មការិនីអំពីសារៈសំខាន់នៃសុខភាពនិងអាហារូបត្ថម្ភដូចជា៖ សារៈសំខាន់នៃអាហារូបត្ថម្ភក្នុងការលើកកម្ពស់សុខភាព និងការពារជំងឺផ្សេងៗអត្ថប្រយោជន៍ការបរិភោគអាហារចម្រុះ ដែលមានសារជាតិចិញ្ចឹមខ្ពស់ដើម្បីសុខភាព និងថាមពលមាំមួន ការថែទាំសុខភាពពេលលំហែមាតុភាព និងក្រោយសម្រាលកូន ការអប់រំស្តីពីការចិញ្ចឹមទារក និងកុមារតូចក្នុងកំឡុងពេលធ្វើការដើម្បីឲ្យកូនរបស់ពួកគេមានសុខភាពល្អ និងក្លាយជាពលរដ្ឋមានសក្តានុពលប្រកបដោយផលិតភាពខ្ពស់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិនាពេលអនាគត។
នៅក្នុងជំនួបនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងពីការយកចិត្តទុកដាក់គិតគូដល់បងប្អូនកម្មករនិយោជិត ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលកន្លងមកសម្តេចតេជោនាយករដ្ឋមន្ត្រី បានចុះទៅឃើញស្ថានភាពបែបនេះតាមបណ្តារោងចក្រ ហើយសម្តេចតេជោ បានផ្តល់អនុសាសន៍ឲ្យមានការរៀបចំនៅកន្លែងធ្វើការ ត្រូវមានអាហារដ្ឋាន កន្លែងបំបៅដោះកូន ជាដើម។ មួយវិញទៀតចំពោះគម្រោងនេះ ក៏ជាការផ្ញើសារមួយទៅកាន់ទីផ្សារបញ្ជាទិញអន្តរជាតិធំៗផងដែរអំពី កិច្ចគាំពារ លក្ខខណ្ឌការងារ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ នៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា គម្រោងនេះគឺយើងធ្វើនៅតាមរោងចក្រមិនមែនអនុវត្តនៅតាមសហគមន៍ទេ ដូច្នេះនៅទីតាំងរោងចក្រ គឺជាទីកន្លែងអាជីវកម្មមួយដែលមានការគ្រប់គ្រងពីនិយោជក មានម៉ោងធ្វើការច្បាស់លាស់ យើងត្រូវប្រាកដថាមានទំនាក់ទំនងវិជ្ជាជីវៈល្អជាមួយអ្នកពាក់ព័ន្ធ ដូច្នេះឯកឧត្តមបណ្ឌិត ស្នើឲ្យមានកិច្ចសហការផ្លូវការ ដោយមានអនុស្សរណៈរវាងអង្គការជាមួយក្រសួង ដើម្បីមានសកម្មភាពសម្រាប់យកទៅអនុវត្ត និងមានគោលដៅច្បាស់លាស់ ទទួលបាននូវលទ្ធផលគាប់ប្រសើរថែមទៀត៕