ខណៈដែលអាជីវកម្ម ខារ៉ាអូខេ (KTV) ក្លិបកម្សាន្ត រង្គសាល-ឌីស្កូតែក និងម៉ាស្សា បាននិងកំពុងត្រៀមដំណើរការឡើងវិញ ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះទៅ ក្រសួងទេសចរណ៍ បានចេញលិខិតណែនាំការងារចាំបាច់មួយចំនួនដល់ រដ្ឋបាលរាជធានី-ខេត្ត ឲ្យដឹងថា ត្រូវតាមដានពិនិត្យមើល គ្រប់អាជីវកម្មដ្ឋាន ក្លិបកម្សាន្តទាំងអស់ ត្រូវអនុវត្តសុវត្ថិភាពតាមនីតិវិធីប្រតិបត្តិស្តង់ដារអប្បរមា (SOP)។
បើតាមលិខិតណែនាំរបស់ក្រសួងទេសចរណ៍ ផ្ញើជូនអភិបាលរាជធានី-ខេត្តចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានបង្គាប់ឲ្យអនុវត្ត ដូចខាងក្រោម ៖
១- មុននឹងបើកអាជីវកម្ម ខារ៉ាអូខេ (KTV) ក្លិបកម្សាន្ត រង្គសាល-ឌីស្កូតែក និងម៉ាស្សា រដ្ឋបាលរាជធានី-ខេត្ត ត្រូវត្រួតពិនិត្យ និងវាយតម្លៃលក្ខណសម្បត្តិរបស់មូលដ្ឋានអាជីវកម្មទាំងនោះ ឱ្យបានគ្រប់ជ្រុងជ្រោយ ស្របតាមខ្លឹមសារលិខិតលេខ ៤៥៦ លស.អគឧ. ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ និងតាមនីតិវិធីប្រតិបត្តិស្តង់ដារអប្បរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីរបស់ក្រសួងទេសចរណ៍ និងមូលដ្ឋាននៃគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។
២- ក្នុងដំណើរការអនុវត្ត ប្រសិនបើម្ចាស់អាជីវកម្មមិនអនុវត្តបានត្រឹមត្រូវតាមវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មខារ៉ាអូខេ (KTV) ក្លិបកម្សាន្ត រង្គសាល-ឌីស្កូតែក និងអាជីវកម្មម៉ាស្សា រដ្ឋបាលរាជធានី-ខេត្ត ត្រូវចាត់វិធានការ ស្របតាមខ្លឹមសារលិខិតលេខ ៤៥៦ លស.អគឧ. ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ របស់ក្រសួងទេសចរណ៍ឱ្យបានម៉ឺងម៉ាត់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម លោកជំទាវ ដែលជាអភិបាល រាជធានី-ខេត្ត អនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់៕ ពិសិដ្ឋ CEN



