ភ្នំពេញ ៖ បើតាមការប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិធីដាក់ដំណើរការជាផ្លូវការនូវ កម្មវិធីថ្នាក់ជាតិស្តីពី “ធុរកិច្ចថ្មីកម្ពុជា” នឹងត្រូវប្រព្រឹត្តទៅនៅ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ នៅវេលាម៉ោង៩:០០ព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន ស្ថានទូត សមាគម អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានសិក្សា វិស័យឯកជន ស្ថាប័នបណ្តុះ និងពន្លឿនអាជីវកម្ម បណ្តាញវិនិយោគិន និងធុរកិច្ចថ្មីផងដែរ។

ការអភិវឌ្ឍធុរកិច្ចឌីជីថលគឺជាសរសរស្តម្ភមួយក្នុងការកសាងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដោយផ្តោតលើការគាំទ្រប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងធុរកិច្ចថ្មី តាមរយៈការពង្រឹងសហគ្រិនភាព និងការជំរុញធុរកិច្ច ទាំងផ្នែកសមត្ថភាពនិងធនធានហិរញ្ញវត្ថុ។ តាមទិសដៅនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងក្រសួងស្ថាប័នពាក់ព័ន្ធដាក់ចេញនូវ ការអនុវត្តកម្មវិធីថ្នាក់ជាតិស្តីពី “ធុរកិច្ចថ្មីកម្ពុជា ក្រោមការសម្របសម្រួលពីសំណាក់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និងសហគ្រិនខ្មែរ។
ការរៀបចំកម្មវិធីថ្នាក់ជាតិនេះមានគោលបំណងធំៗចំនួន៤រួមមាន៖ (១) ភ្ជាប់ តួអង្គទាំងអស់ក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និងពង្រឹងកិច្ចសហការរវាងគ្នា និងគ្នាតាមរយៈកម្មវិធីបែបសហគមន៍និង ថ្នាលឌីជីថល (២) សហការពង្រឹងសហគ្រិនភាព និងបណ្តុះធុរកិច្ចថ្មីដោយបំពេញមុខងារគាំទ្រឱ្យគ្នាទៅវិញ ទៅមករវាងតួអង្គក្នុងប្រព័ន្ធអេកូឡូស៊ីតាមយន្តការសហបង្កើតថ្មី (៣) ផ្ដល់ព័ត៌មានបែបវិទ្យាសាស្ត្រគ្រប់ជ្រុង ជ្រោយទាក់ទងនឹងសហគ្រិនភាព ធុរកិច្ចថ្មីនិងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីទាំងមូល តាមថ្នាលឌីជីថលនិង (៤) ជាវេទិកាជាតិ មួយក្នុងការថ្ពក់ទៅនឹងកម្មវិធីស្រដៀងគ្នារបស់បណ្តាប្រទេសនានា។
ការផ្សាយផ្ទាល់ ពិធីដាក់ដំណើរការជាផ្លូវការនូវកម្មវិធីថ្នាក់ជាតិស្តីពី “ធុរកិច្ចថ្មីកម្ពុជា” នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៩និង០០ព្រឹក លើទំព័រហ្វេសប៊ុក របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរបស់ក្រសួង-ស្ថាប័ន ដៃគូ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី



