Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការសហប្រជាជាតិថា ពលរដ្ឋមីយ៉ាន់ម៉ាជាងពាក់កណ្តាលអាចធ្លាក់ចូលក្នុងបន្ទាត់ក្រីក្រឆ្នាំ២០២២

អង្គការសហប្រជាជាតិបានចេញមកអះអាងថា ភាពក្រីក្រនៅតាមទីប្រជុំជនកំពុងធ្វើឱ្យប្រជាមីយ៉ាន់ម៉ា ស្ទើតែពាក់កណ្តាលនៃប្រជាជនសរុបរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រក្នុងឆ្នាំ២០២២។​ ការអះអាងនេះ ដោយសម្អាងទៅលើផលប៉ះពាល់ពីនៃជំងឺកូវីដ១៩ និងដោយសារតែរដ្ឋប្រហារយោធាគំរាមកំហែងដល់វឌ្ឍនភាពរបស់ប្រទេសនិងប្រជាជន ដែលបានធ្វើឡើងក្នុងមួយទសវត្សរ៍ចុងក្រោយនេះ។

លោកស្រី Kanni Wignaraja នាយកការិយាល័យ UNDP ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«ការធ្លាក់ចូលទៅក្នុងភាពក្រីក្ររបស់ប្រជាជនមីយ៉ាន់ម៉ានេះអាចមានន័យថា ការបាត់បង់អ្នកមានចំណូលមធ្យម ដែលជាប្រផ្នូលអាក្រក់សម្រាប់ការងើបឡើងវិញរបស់សេដ្ឋកិច្ចមីយ៉ាន់ម៉ា។ »

នៅក្នុងសេណារីយ៉ូដ៏អាក្រក់បំផុតមួយ  អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថាចំនួនអ្នករស់នៅក្រោមបន្ទាត់នៃភាពក្រីក្រអាចកើនឡើងទ្វេដងដល់ 46.3% ពី 24.8% ខណៈអត្រានៃភាពក្រីក្រក្នុងទីក្រុងផ្ទាល់ ត្រូវបានគេរំពឹងថានឹងកើនឡើងបីដងនៅឆ្នាំ 2022 ដល់ 37.2% ធៀបនឹង 11.3% ក្នុងឆ្នាំ 2019។

ជាក់ស្តែង ចំនួនពាក់កណ្តាលនៃអ្នកស្ទង់មតិនៅក្នុងទីក្រុងបានលើកឡើងថា ពួកគេមិនមានប្រាក់សន្សំនៅសល់ក្នុងខ្លួននោះទេ ខណៈដែលប្រជាជានមីយ៉ាន់ម៉ាប្រហែលមួយភាគបីបានរាយការណ៍ថា ពួកគេបានលក់ម៉ូតូមួយគ្រឿង ដែលជាមធ្យោបាយធ្វើដំណើរដ៏សំខាន់របស់គ្រួសារ។ បន្ថែមពីនេះមាន “និន្នាការមួយចំនួនបានកើនឡើងពាក់ព័ន្ធទៅនឹងបញ្ហាគ្មានម្ហូប​ រឺអាហារតិច” និងការកើនឡើងនូវអត្រាបោះបង់ការសិក្សានៅក្នុងកម្រិតវិទ្យាល័យ។

បើតាម កម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ «UNDP» បានគូសបញ្ជាក់ថា ទីក្រុងធំៗដូចជា ទីក្រុងយ៉ាំងហ្គោន និងទីក្រុងម៉ាន់ឡៃ ដែលពីមុនជាកន្លែងសម្រាប់ប្រជាជនមានកម្រិតធម្យមរស់នៅ និងបានកើនឡើង បច្ចុប្បន្នបញ្ហានេះបានបង្កជាការរំខានដល់អាជីវកម្មខ្នាតតូច និងវិស័យនានា ចាប់ពីសំណង់ និងបដិសណ្ឋារកិច្ច រហូតដល់ការលក់រាយ និងវាយនភណ្ឌ ដែលនាំមកនូវការបាត់បង់ការងារ និងកាត់បន្ថយប្រាក់ឈ្នួលផងដែរ។

សូមជម្រាបថា ធនាគារពិភពលោក ដែលមុនពេលរដ្ឋប្រហារ ក៏បានធ្វើការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចក្នុងប្រទេសមីយ៉ាន់ម៉ា បើទោះបីជាមានកូវីដ-១៩ ក៏ដោយ ឥឡូវនេះបានព្យាករណ៍ថា សេដ្ឋកិច្ចមីយ៉ាន់ម៉ានឹងធ្លាក់ចុះជាង 18% នៅឆ្នាំនេះ ដែលលើសពីប្រទេសជិតខាងរបស់ខ្លួន៕ ប្រភព៖ រ៉យទ័រ

×