បារាំងបានថ្លែងកាលពីថ្ងៃពុធថា ខ្លួននឹងអនុញ្ញាតឱ្យមានការហោះហើរពីប្រទេសទាំង១០ក្នុងតំបន់អាហ្វ្រិកខាងត្បូងចាប់ពីថ្ងៃសៅរ៍តទៅ។ ប៉ុន្តែជាមួយការរឹតត្បិតខ្លាំងបែបនេះ ប្រទេសបារាំងអនុញ្ញាតឱ្យតែជនជាតិបារាំង និងសហភាពអឺរ៉ុបអាចធ្វើដំណើរតាមយន្តហោះបានរួមទាំងអ្នកការទូត និងអាកាសយានិកផ្សេងទៀត។
អ្នកដំណើរទាំងអស់នេះត្រូវបានធ្វើតេស្តរកកូវីដ១៩នៅពេលមកដល់អាកាសយានដ្ឋាន។ ប៉ុន្តែប្រសិនបើអ្នកដំណើរណាដែលតេស្តអវិជ្ជមានក៏នៅតែតម្រូវឱ្យធ្វើចត្តាឡីស័ក្តចំនួន៧ថ្ងៃដដែល ខណៈលទ្ធផលតេស្តបង្ហាញវិជ្ជមាននឹងត្រូវចត្តាឡីសក័្ត១០ថ្ងៃ។ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាល លោក Gabriel Attal ថ្លែងក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។
ប្រទេសបារាំងគឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើននៅទូទាំងពិភពលោកដែលបានផ្អាកជើងហោះហើរពីភាគខាងត្បូងនៃទ្វីបអាហ្រ្វិកក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីមេរោគអូមីក្រុងបានរីករាលដាលខ្លាំង និងត្រូវបានរាយការណ៍ដោយប្រទេសអាហ្វ្រិកខាងត្បូង។
ក្នុងនោះ លោក Attal បានលើកឡើងថា អាជ្ញាធរបារាំងបានរកឃើញករណីសង្ស័យមេរោគបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងចំនួន ១៣នាក់ហើយគិតមកទល់ពេលនេះ ខណៈអ្នកសង្ស័យកំពុងស្ថិតក្រោមការពិនិត្យនិងតាមដានបញ្ជាក់បន្ថែមទៀត។បើតាម លោកAttal ក៏បានប្រកាសផងដែរថា អ្នកដំណើរទាំងអស់ដែលធ្វើដំណើរពីខាងក្រៅសហភាពអឺរ៉ុប នឹងត្រូវបង្ហាញការធ្វើតេស្តរកមេរោគកូវីដ១៩ អវិជ្ជមានយ៉ាងច្រើន៤៨ ម៉ោង ក្នុងគោលបំណងដើម្បីបញ្ឈប់ការរីករាលដាលនូវមេរោគបំប្លែងខ្លួន្មីប្រភេទអូមីក្រុងកុំឱ្យឆ្លងច្រើនជាងនេះ៕ ប្រភព៖ CGTN