ភ្នំពេញ៖ ក្នុងរយៈពេល ១១ខែ ឆ្នាំ ២០២១នេះ កម្ពុជា បានធ្វើការនាំចេញកសិផលសំខាន់ៗទៅក្រៅប្រទេស មានចំនួនសរុបចំនួន ៧,១៣លានតោន ទៅកាន់ទិសដៅ ៦៨ប្រទេស កើនឡើង ៨៧,៥៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ នេះបើយោងតាមទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ទិន្នន័យដដែល បានឲ្យដឹងទៀតថា កសិផលសំខាន់ៗ ដែលបាននាំចេញ នាំមុខគេ គឺការនាំចេញអង្ករ ការនាំចេញស្រូវ និងការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ ដែលមានរួមមាន ដំឡូងមី, ពោត, សណ្តែកសៀង, គ្រាប់ស្វាយចន្ទី, ផ្លែស្វាយស្រស់ និងផ្លែចេកស្រស់ ជាដើម។ តាមការប៉ាន់ស្មានតម្លៃនៃការនាំចេញកសិផល (ដោយមិនបានរាប់បញ្ចូលផលិតផលជលផល ផលិតផលសត្វ និងព្រៃឈើ ហើយនិងឈើកៅស៊ូ) របស់កម្ពុជា ទៅកាន់គោលដៅទីផ្សារ ៦៨ប្រទេស ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២១ មានទឹកប្រាក់ចំនួន ៤ ៤៣៥លានដុល្លារ។
គួរបញ្ជាក់ថា បើតាមការឱ្យដឹងពីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម កាលពីពេលថ្មីៗនេះថា បានឱ្យដឹងថា តាមរយៈការបង្កើនផលិតភាពផលិតកម្មកសិកម្ម ប្រែក្លាយវិបត្តិទៅជាឱកាសដើម្បីពង្រីក និងពង្រឹងសមត្ថភាពដាំដុះ និងការចិញ្ចឹមសត្វ ព្រមទាំងជំរុញការនាំចេញ ក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺកូវីដ១៩ គឺការជំរុញផលិតកម្មកសិកម្ម ក្នុងស្រុក ដែលជាស្បៀងគោល ក្រសួងកសិកម្ម នៅតែចាត់ទុកថា ជាអទិភាពចម្បង ដែលត្រូវខិតខំប្រឹងប្រែងយកអស់ពីស្មារតីទទួលខុសត្រូវ ដើម្បីចូលរួមទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ និងធានាសន្តិសុខស្បៀង ប្រកបដោយនិរន្តរភាព៕