ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការបង់ខាតមិនមែន ហ៊ុន សែន ទេ ពួកអ្នកឯងតើ បែកបាក់ក្រុមអ្នកឯងតើ ហើយនរណាស៊ីលើនរណា គេកំពុងតែជជែកគ្នា គណបក្សប្រជាជនអត់លូកដៃ អត់វិភាគទេ អាខ្លះយករូបគេ ទៅជាធុនមនុស្សតែមួយ តែម្នាក់ទៀតថាទេ , សម្តេចបានបន្តថា ការបែកបាក់របស់ក្រុមប្រឆាំងនាពេលនេះ គឺមកពីពួកគេខ្សោយ ហើយកុំមកបន្ទោសសម្តេចថាជាអ្នកបំបែកបំបាក់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញ សម្ពោធផ្លូវ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ។ សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា៖ គេបែកបាក់នៅឯណានោះ មកបន្ទោសឯងដែរ វិភាគចុះវិភាគឡើង គេបែកបាក់គ្នាមកបន្ទោស ហ៊ុន សែន។ សម្តេចបន្តថា ម៉េចក៏ចាំបាច់មកបន្ទោសគេ អញ្ចឹងពួកហ្អែងនេះខ្សោយណាស់ ធ្វើឱ្យគេបំបែកបាន អញ្ចឹង ហ៊ុន សែន ខ្លាំងជាងតោវត្តភ្នំទៀត បំបែកពួកឯងបាន បើភ្លើណាស់ បែកឱ្យងាប់អញ្ចឹងទៅ ពួកហ្អែងគ្មានថ្ងៃរស់ទេ។
សម្តេចតេជោ បានបញ្ជាក់បន្ថែមថា ខ្ញុំទទួលយកអត់បានទេអាហ្នឹង ប៉ុន្តែបើអ្នកឯងប្រសិទ្ធនាមថាខ្ញុំជាអ្នកខ្លាំង បំបែកពួកអ្នកឯងបាន គឺអ្នកឯងចាត់ទុកថាក្រុមអ្នកឯងខ្សោយបំផុត ហើយ ហ៊ុន សែន ខ្លាំងណាស់ ត្រូវទទួលអញ្ចឹង។ សម្តេចបានបន្តថា ការបង់ខាតមិនមែន ហ៊ុន សែន ទេ ពួកអ្នកឯងតើ បែកបាក់ក្រុមអ្នកឯងតើ ហើយនរណាស៊ីលើនរណា គេកំពុងតែជជែកគ្នា គណបក្សប្រជាជនអត់លូកដៃ អត់វិភាគទេ អាខ្លះយករូបគេ ទៅជាធុនមនុស្សតែមួយ តែម្នាក់ទៀតថាទេ មិនមែនមនុស្សតែមួយទេ ២ផ្សេងគ្នា។ បើប្រៀបធៀបទៅនឹងគ្រួសារវិញ បើទោះបីជាមានបងថ្លៃ ម្តាយក្មេកឪពុកក្មេកឬអ្នកដទៃបំបែកក៏ដោយ ឱ្យតែប្តីប្រពន្ធស្រឡាញ់គ្នា គឺនៅតែអាចយកគ្នាបាន។ គណបក្សប្រជាជនកម្ពុជា ជាគណបក្សមួយដែលគេបំបែកតាំងពីឆ្នាំ៧៩-៨០ តាំងពីជាង៤០ឆ្នាំមុន តែគណបក្សប្រជាជនកម្ពុជា មិនព្រមបែកនោះទេ ហើយរឹងមាំរហូតមកដល់សព្វថ្ងៃ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

