Sunday, March 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរាជធានីភ្នំពេញ គាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្រ្តី តាមរយៈបោះឆ្នោត

ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីតាមរយៈបោះឆ្នោត នាពេលអនាគត។

ញត្តិគាំទ្រ ៖ យើងខ្ញុំទាំងអស់គ្នា ជាសមាជិក-សមាជិកាក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ សូមគាំទ្រយ៉ាង ពេញទំហឹងចំពោះប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងនាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវ នឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយបានចង្អុលបង្ហាញប្រកាសគាំទ្រពេញលេញសម្រាប់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការបោះឆ្នោត នាពេលអនាគត។

ជាការពិតណាស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាយុវជនបន្តវេនពោរពេញដោយសក្តានុពល និងជាឥស្សរជនខ្មែរវ័យក្មេងដ៏ឆ្នើមមួយរូប ប្រកបដោយសមត្ថភាព ទេពកោសល្យ បទពិសោធន៍ គុណធម៌ សីលធម៌ ចរិយា សម្បត្តិ និងភាពជាអ្នកដឹកនាំជាន់ខ្ពស់ ដែលតែងតែចូលរួមយ៉ាងសកម្ម ក្នុងបេសកកម្មដើម្បីបុព្វហេតុជាតិ មាតុភូមិ និង ប្រជាជនកម្ពុជា ជាពិសេសក្នុងដំណាក់កាលប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជាសកលជំងឺកូវីដ-១៩ ពោលគឺពិតជា សក្តិសមបំផុតសម្រាប់ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត។

ជាថ្មីម្តងទៀត! យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រយ៉ាងឱឡារិកចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានថ្លែងគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការបោះឆ្នោតនាពេលអនាគត ដោយក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងបន្តវេនដឹកនាំជាតិមាតុភូមិ ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើជាតិ និងប្រជាជនកម្ពុជា ឱ្យកាន់តែរីកចម្រើនឈានឆ្ពោះទៅរកភាពសំបូរសប្បាយ រុងរឿងជានិច្ចនិរន្តរបន្ថែមទៀត ក្រោមដំបូលនៃ “សន្តិភាព” របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×