ភ្នំពេញ ៖ តាមគម្រោងព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ នៃព្រះមហាក្សត្រ នឹងយាងដង្ហែមកដល់កម្ពុជា នាថ្ងៃអាទិត្យ ទី០៥ ខែធ្នូ ឆ្នាំ២០២១ តាមយន្តហោះពិសេស ពីប្រទេសបារាំង។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោកញឿន រ៉ាដែន បានប្រាប់សារព័ត៌មាន CEN នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។

អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចបានបញ្ជាក់ថា ព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅពេលយាងដង្ហែមកដល់កម្ពុជា គឺនឹងត្រូវតម្កល់នៅអតីតព្រះដំណាក់របស់សម្តេចក្រុមព្រះ នៅផ្លូវសម្តេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។ ហើយយោងទៅតាមគណៈកម្មការបុណ្យជាតិការដង្ហែយាព្រះសពសម្តេចក្រុមព្រះ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ គឺមានក្បួនព្រះទីតាំង និងមានទាំងព្រះសង្ឃរាជ។ ហើយគណបក្សក៏បានរៀបចំសមាជិក សមាជិកា ដែលមានបំណងចូលរួមដង្ហែព្រះសពសម្តេចក្រុមព្រះនៅតាមដងវិថី។

នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ គណៈកម្មការបុណ្យព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ចុះត្រួតពិនិត្យទីតាំងកន្លែងតម្កល់សព នឹងប្រារព្ធព្រះពិធីបុណ្យ សាសនា នៅផ្លូវសម្តេចប៉ាន់ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ តាមគម្រោងព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចនិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់នៃព្រះមហាក្សត្រ នឹងយាងដង្ហែមកដល់កម្ពុជា នាថ្ងៃអាទិត្យ ទី០៥ ខែធ្នូ ឆ្នាំ២០២១ តាមយន្តហោះពិសេស ពីប្រទេសបារាំង។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់សោយព្រះទិវង្គតនៅប្រទេសបារាំងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងព្រះជន្មាយុ ៧៧ ព្រះវស្សា ដោយព្រះរោគាពាធ ។ សម្តេចក្រុមព្រះ ទ្រង់ប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ នៅក្រុងភ្នំពេញ។ ទ្រង់ជាបុត្រាច្បងរបស់ព្រះបាទ នរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ






