រុស្ស៊ីចេញមកអះអាងថា ខ្លួនបានបញ្ជាឱ្យបុគ្គលិកស្ថានទូតអាមេរិក ដែលធ្លាប់បម្រើការក្នុងទីក្រុងមូស្គូរយៈពេល៣ឆ្នាំ ត្រូវធ្វើការចាកចេញពីប្រទេសរបស់ខ្លួនចាប់ពីថ្ងៃទី៣១ មករា ឆ្នាំ២០២២ខាងមុខតទៅ។ ការបញ្ជាបែបនេះពីរុស្ស៊ី គឺដើម្បីសងសឹកទៅកាន់សហរដ្ឋអាមេរិកចំពោះការបណ្តេញអ្នកការទូតរបស់ខ្លួននាពេលកន្លងមក។
ជាជំហានចុងក្រោយនៃភាពតានតឹង នៃចំណងការទូតរវាងប្រទេសទាំងពីរបានកើតឡើង ក្រោយឯកអគ្គទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិកបានលើកឡើងកាលពីសប្តាហ៍កន្លងទៅថា មន្ត្រីការទូតរុស្ស៊ីចំនួន២៧នាក់ ព្រមទាំងគ្រួសាររបស់ពួកគេផងនោះ នឹងត្រូវបណ្តេញចេញពីសហរដ្ឋអាមេរិកនៅថ្ងៃទី៣០ មករាខាងមុខនេះ។
ក្នុងនោះ ទីក្រុងវ៉ាន់ស៊ីនតោនបានគូសបញ្ជាក់ថា មែនទែនទៅ អ្នកការទូតមិនត្រូវបានបណ្តេញចេញពីប្រទេសណាមួយនោះទេ។ ប៉ុន្តែ អ្នកការទូតគួរតែស្ថិតនៅក្នុងប្រទេសនោះបានយូរជារយៈពេល៣ឆ្នាំ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានឱ្យដឹងថា៖« យើង មានបំណងឆ្លើយតបតាមវិធីសាស្ត្រដែលស័ក្តសមគ្នាជាមួយអាមេរិក។ ដូច្នេះបុគ្គលិកស្ថានទូតអាមេរិកដែលបានធ្វើការអស់រយៈពេល៣ឆ្នាំនៅក្នុងទីក្រុងមូស្កូនឹងត្រូវចាកចេញពីរុស្ស៊ីនៅថ្ងៃទី៣១ មករា។»
បើតាមទីភ្នាក់ងារសារព័ត៌មាន RIA បានរាយការណ៍ថា លោកស្រី Zakharova ចាត់ទុកថា គោលការណ៍របស់អាមេរិកដែលដាក់មកលើអ្នកការទូតរុស្ស៊ី និងបញ្ជាឱ្យចាកចេញពីអាមេរិកនោះ ក៏រងការហាមឃាត់មិនឱ្យធ្វើការជាមន្ត្រីទូតនៅក្នុងប្រទេសសហរដ្ឋអាមេរិករយៈពេល៣ឆ្នាំថែមទៀតផងដែរ។
លោកស្រីបន្តថា នៅមុនថ្ងៃទី១ កក្តដាឆ្នាំក្រោយ បើសិនជាទីក្រុងវ៉ាស៊ីនតោន មិនបោះបង់គោលការណ៍ច្បាប់រយៈពេលបីឆ្នាំ និងការសម្របសម្រួលជាមួយរុស្ស៊ី នោះកម្មករ(ពលរដ្ឋ)របស់សហរដ្ឋអាមេរិកជាច្រើននាក់នៅក្នុងប្រទេសរុស្ស៊ី នឹងត្រូវចាកចេញក្នុងចំនួនដែលសមស្របទៅនឹងចំនួនដែលប្រជាជនរុស្ស៊ីត្រូវបានប្រកាសបណ្តេញចេញដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។
ជាក់ស្តែងទីក្រុងវ៉ាស៊ីនតោនបានផ្តល់ព័ត៌មានប្រាប់រុស្ស៊ីក្នុងរយៈពេលជិត១ឆ្នាំកន្លងមកនេះថា ចំណងការទូតរបស់ខ្លួននឹងអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសខ្លួនត្រឹមតែរយៈពេលបីឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែអាចធ្វើការផ្លាស់ប្តូរដោយអ្នកការទូតថ្មី។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកដដែល។បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកខាងលើ៖« ខ្ញុំចង់ធ្វើឱ្យច្បាស់លាស់ថា នេះមិនមែនជាការបណ្តេញចេញនោះទេ។ អ្នកនាំពាក្យរូបនេះបន្ថែមថា ការផ្លាស់ប្តូរច្បាប់នេះ ត្រូវបានបង្កើតឡើងដើម្បីធ្វើឱ្យរុស្ស៊ីបង្វិលអ្នកការទូតរបស់ខ្លួនជាមួយនឹងគោលការណ៍ស្រដៀងគ្នាទៅនឹងស្ថានទូតអាមេរិកនៅទីក្រុងម៉ូស្គូ។»
ហើយទីក្រុងវ៉ាស៊ីនតោនបានលើកឡើងថា ស្ថានទូត គឺជាបេសកកម្មប្រតិបត្តិការចុងក្រោយរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីស្ថានកុងស៊ុលនៅទីក្រុង Vladivostok និង Yekaterinburg ត្រូវបានបិទទ្វារ ហើយវាបានកាត់បន្ថយសមាជិកបុគ្គលិកដល់ទៅ១២០នាក់ពីប្រហែល ១,២០០នាក់នៅដើមឆ្នាំ២០១៧។
ក្នុងនោះ អ្នកនាំពាក្យរបស់រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីលោកស្រី Sergei Ryabkov បានថ្លែងថា វាមិនទាន់ហួសពេលទេដែលទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ទីក្រុងមូស្គូពីការតាមដានលើបញ្ហាបណ្ដេញចេញថ្មីមកលើមន្ត្រីការទូតរបស់ខ្លួន ប្រសិនបើអាមេរិកបោះបង់ចោលផែនការរបស់ខ្លួនក្នុងការបង្ខំអ្នកការទូតរុស្ស៊ីចេញពីប្រទេសអាមេរិក។ សូមជម្រាបថា ចំណងការទូតរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងមូស្គូស្ថិតនៅកម្រិតទាបក្រោយសង្គ្រាមត្រជាក់អស់រយៈពេលជាច្រើនឆ្នាំ និងស្ថិតនៅក្រោមសម្ពាធដោយសារតែកងទ័ពរុស្ស៊ីបង្កើតទីតាំងនៅជិតប្រទេសអ៊ុយក្រែន៕ ប្រភព៖ រ៉យទ័រ