Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ចេញសារលិខិតអំពាវនាវ ឱ្យមានការយកចិត្តទុកដាក់បន្ថែម ដល់ជនមានពិការភាព

spot_img

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ សម្ដេចតេជោ ហ៊ុន សែន បានអបអរទិវាជនពិការជាតិ និងអន្តរជាតិ ៣ ធ្នូ ឆ្នាំ២០២១ ដោយបានបង្ហាញនូវមនោសញ្ចេតនា នឹករលឹកនិងព្រួយបារម្ភពីសុខទុក្ខ របស់ជនមានពិការភាពទាំងអស់ក្នុងប្រទេស និងលើកទឹកចិត្តដល់ជនរួមជាតិទាំងអស់ បន្តលើកស្ទួយសុខុមាលភាពជនមានពិការភាព ឱ្យកាន់តែប្រសើរឡើង ដើម្បីជាឧត្តមប្រយោជន៍ របស់វិស័យពិការភាពនៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានរំលឹកពីក្ដីមេត្តាធម៌ និងការលះបង់របស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះវររាជមាតា ដែលជានិច្ចកាលព្រះអង្គទាំងទ្វេតែងយកចិត្តទុកដាក់ ដល់សុខទុកកូនចៅមានពិការភាពរបស់ព្រះអង្គ ដោយបានប្រោសប្រទានព្រះរាជអំណោយ ដ៏វិសេសវិសាលថ្លៃថ្លាដល់កូនចៅដែលរងគ្រោះ ដោយមេរោគកូវីដ-១៩ ពិសេសជនមានពិការភាព។
ក្នុងសារលិខិតក្នុងឱកាសនៃទិវាជនមានពិការភាពកម្ពុជា និងអន្តរជាតិឆ្នាំនេះ សម្ដេចតេជោ បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ យកផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ២០១៩-២០២៣ ទៅអនុវត្តន៍ឱ្យមានប្រសិទ្ធភាព បន្តផ្សព្វផ្សាយវិធានការទប់ស្កាត់ការរាតត្បាតនៃជំងឹកូវីដ-១៩ធ្វើយ៉ាងណាឱ្យដល់ជនមានពិការភាព និងជំរុញដល់ជនមានពិការភាពទាំងអស់រក្សាវិធានការសុខាភិបាលដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩ផងដែរ។

សម្ដេចបានជំរុញបន្ថែមដល់ក្រសួងស្ថាប័នរដ្ឋ និងឯកជនឱ្យលើកទឹកចិត្តជនមានពិការភាព ដែលមានលក្ខណសម្បត្តិនិងសមត្ថភាពឱ្យបំពេញមុខងារតួនាទី ក្នុងស្ថាប័នរបស់ខ្លួនដោយគ្មានការរើសអើង ស្របគ្នាជាមួយនឹងការរៀបចំការបង្កលក្ខណៈងាយស្រួលចេញចូលទីកន្លែងសាធារណៈសម្រាប់ជនមានពិការភាព ដូចជាការរៀបចំចំណតយានយន្តពិសេសសម្រាប់ជនមានពិការភាព ការធ្វើជម្រាល ការបំពាក់ឧបករណ៍ធ្នាក់ដៃ ទ្វារ បន្ទប់ទឹកជនមានពិការភាព ការដាក់ស្លាកសញ្ញានានានៅតាមទីតាំងសាធារណៈនិងឯកជនទាំងអស់។

ជាមួយគ្នានេះ សម្ដេចតេជោ បានអំពាវនាវដល់ក្រសួងព័ត៌មានឱ្យណែនាំ ដល់គ្រប់ស្ថានីយវិទ្យុនិងទួរទស្សន៍របស់រដ្ឋនិងឯកជន ព្រមទាំងគ្រប់ប្រព័ន្ធសារព័ត៌មានឱ្យបង្កើនម៉ោងផ្សាយ ឱ្យបានទូលំទូលាយដោយមានការបកប្រែភាសាសញ្ញា ជាពិសេសព័ត៌មានស្ដីពីការរាតត្បាតនិងវិធីការពារជំងឺកូវីដ-១៩ ដល់ជនមានពិការភាព ខណៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបង្កើនល្បឿនក្នុងការធ្វើអត្តសញ្ញាណពិការភាព ជូនជនមានពិការភាពគ្រប់រូបទូទាំងប្រទេស ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ពួកគាត់ អាចប្រើបានក្នុងការទទួលបានសេវាសាធារណៈនិងឯកជន។

បើទោះបីជាប្រទេសកម្ពុជាយើងទទួលរងនូវវិបត្តិមេរោគកូវីដ-១៩ ដែលបានធ្វើឱ្យប៉ះពាល់ដល់ការងារនិង មុខរបររបស់ប្រជាពលរដ្ឋ ពិសេសជនមានពិការភាពក៏រាជរដ្ឋាភិបាលនៅបន្តផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ដោយសារជំងឺកូវីដ-១៩ ជូនទៅដល់គ្រួសារដែលមានបណ្ណសមធម៌ (ទាំងក្រ ១និងក្រ-២) ជាក់ស្ដែងយើងបាន ផ្តល់សាច់ប្រាក់បានប្រមាណ៦៧៨ ៤៥៩ គ្រួសារ ដែលត្រូវចំណាយថវិកាជាតិប្រមាណ ១ ៨៨៣ ៧៤៤ ៨០២ ០០០រៀល (ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១) ក្នុងនោះមានជនមានពិការភាពចំនួន ៦១ ៤២៦នាក់ មនុស្សវ័យចាស់អាយុចាប់ពី៦០ឆ្នាំ ចំនួន៣៣៥ ០២៩នាក់ និងគ្រួសារដែលមានជំងឺអេដស៏ចំនួន ១៩៥៨នាក់ទទួលបានប្រាក់ឧបត្ថម្ភនេះផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្តផ្តល់ការឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ ជនងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជុំទី៧ (ខែតុលា វិច្ឆិកា និងធ្នូ ឆ្នាំ២០២១)។

បច្ចុប្បន្នជនមានពិការភាព ត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន ក្នុងឆ្នាំ២០២០ កន្លងទៅជនមានពិការ ភាពចូលបម្រើការងារក្នុងក្រសួងស្ថាប័នរដ្ឋចំនួន៣៧ មានជនមានពិការភាពចំនួន ៣៦២១នាក់ ក្នុងនោះស្រ្តីមាន ពិការភាពចំនួន ៨១៥នាក់ ជនពិការកម្រិតធ្ងន់ចំនួន ២ ៣៧៣នាក់ បើគិតជាភាគរយ ២% កើនលើសឆ្នាំ២០២០។ ដោយឡែកវិស័យឯកជន រួមមាន៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ ដែលបានប្រកាសចុះ បត្តិការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទូទាំងប្រទេសមានចំនួន២០៤ គ្រឹះស្ថាន រោងចក្រ សហគ្រាស មានជនមានពិការភាពចូលបម្រើការងារ ចំនួន៥ ២៣៥នាក់ ស្រ្តីមានពិការភាព ៣ ៣៨៩នាក់ សរុបទាំងស្ថាប័នរដ្ឋនិងវិស័យឯកជនទូទាំងប្រទេសមានចំនួនជនមានពិការភាព៨ ៧៦៨នាក់កំពុងបម្រើការងារ។ ដោយឡែកគិតត្រឹមថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសហការ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សាសកម្មភាពជនពិការរាជធានីខេត្ត បានកំពុងដំណើការអត្តសញ្ញាណពិការភាព នៅទូទាំងប្រទេសដើម្បីផលិតបណ្ណសំគាល់ពិការភាពជូនជនមានពិការភាពចំនួន ២១៥,៣៥៨នាក់ ក្នុងនោះជនមាន ពិការភាពចំនួន ២៦ ៩៤៩នាក់ ជាសហគ្រិនដែលប្រកបមុខរបរផ្ទាល់ខ្លួនផងដែរ។

រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យច្បាស់លាស់ធ្វើយ៉ាងណាឱ្យជនមានពិការភាព និងក្រុមគ្រួសារមានគុណភាព ជីវិតល្អ និងចូលរួមយ៉ាងសកម្មពេញលេញ ស្មើភាពគ្នាក្នុងសង្គមដែលមានការគោរពសិទ្ធិនិងសេចក្ដីថ្លៃថ្នូរព្រមទាំង មានការធ្វើបរិយាបន្នពិការភាពក្នុងគ្រប់វិស័យនិងការអភិវឌ្ឍ។ ក្នុងន័យនេះ យើងមានបេសកកម្មរួមគា្នមួយគឺ៖ ជំរុញ ការចូលរួមពីក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍវិស័យឯកជន អង្គការសង្គមស៊ីវិល អង្គការជនមានពិការភាព អង្គការមិន មែនរដ្ឋាភិបាលនានា រួមទាំងជនមានពិកាភាពដើម្បីធ្វើបរិយាបន្នពិការភាពទៅក្នុងការអនុវត្តផែនការសកម្មភាពរបស់ ខ្លួនឈានទៅសម្រេចបាននូវគុណភាពជីវិតរបស់ជនមានពិការភាពប្រកបដោយចីរភាព។

រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រស្តីពីពិការភាព ២០១៩-២០២៣ ដោយបានគិតយ៉ាង ល្អិតល្អន់អំពីការដោះស្រាយជូនជនមានពិការភាពដើម្បីបង្កើនការងារនិងសន្តិសុខសេដ្ឋកិច្ច ក្នុងគោលដៅកាត់បន្ថយ ភាពក្រីក្រ តាមរយៈការលើកកម្ពស់កំណើនការងារសមស្រប និងការពង្រឹងពង្រីកអាជីពនិងមុខរបរដើម្បីបង្កើនជីវភាព រស់នៅបានសមរម្យជូនជនមានពិការភាព។ ទន្ទឹមនឹងនេះ ការផ្ដល់លទ្ធភាពទទួលបានការអប់រំនិងបណ្ដុះបណ្ដាល បច្ចេកទេស ជំនាញ និងវិជ្ជាជីវៈ ការលើកកម្ពស់ការអប់រំដល់ជនមានពិការភាពប្រកបដោយគុណភាព បរិយាបន្ន សមភាព សមធម៌ និងពេញមួយជីវិត គឺជាការធ្វើវិនិយោគទុនមួយដ៏មានសារៈប្រយោជន៍។ ក្រៅពីនេះ ការរៀបចំបង្កលក្ខណៈ ងាយស្រួលជូនជនមានពិការភាព តាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងឧបករណ៍ផ្សេងៗ ការកែលម្អ មធ្យោបាយដឹកជញ្ជូនសាធារណៈ កែលម្អមធ្យោបាយទំនាក់ទំនង ចំណេះដឹង និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គឺជា កាតព្វកិច្ចរបស់អាជ្ញាធរមូលដ្ឋាន ដែលត្រូវរួមគ្នាអនុវត្តឱ្យខានតែបាន។

ដើម្បីឱ្យសង្គមមួយមានការគិតគូរដាក់បញ្ចូលគ្នាបាន ការចូលរួមដោយសមភាព តាមរយៈការលើកកម្ពស់ ការចូលរួមរបស់ជនមានពិការភាពក្នុងជីវភាពសាធារណៈ ជីវភាពនយោបាយ សកម្មភាពសង្គម វប្បធម៌ សិល្បៈ សាសនា កីឡា ការសម្រាក លម្ភៃ និងសកម្មភាពផ្សេងៗទៀត ចាំបាច់ត្រូវមានការបង្កឱកាសស្មើភាពគ្នារវាងជនមាន ពិការភាពនិងមិនមានពិការភាព។ ជាមួយគ្នានេះ ការលើកកម្ពស់ការផ្តល់សេវាយុត្តិធម៌ ជូនជនមានពិការភាព ការធានា សមភាពយេនឌ័រ ភាពអង់អាចរបស់ស្ត្រីមានពិការភាពនិងក្មេងស្រីមានពិការភាពចាំបាច់ទាមទារឱ្យមានការចូលរួមពី គ្រប់ដៃគូរពាក់ព័ន្ធទាំងអស់។

ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ សូមស្នើដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ ពង្រឹង យន្តការសម្របសម្រួល ទប់ស្កាត់ដល់ការរើសអើង ការប្រមាថ មាក់ងាយលើជនមានពិការភាព។ បន្ថែមលើសពីនេះ ទៀត ខ្ញុំសូមឱ្យមានការគិតវិភាគប្រភេទអាជីវកម្មនិងមុខរបរដែលសមស្របសម្រាប់ជនមានពិការភាព ឆ្លើយតប តម្រូវការទីផ្សារដើម្បីធានានិរន្តភាពមុខរបរនិងអាជីវកម្ម ហើយបង្កើនការយល់ដឹងអំពីឱកាសក្លាយជាសហគ្រិនភាព ក្នុងការបង្កើតសាជីវកម្មនិងការចាប់ផ្តើមធ្វើធុរកិច្ចដោយខ្លួនឯង។

យោងតាមរបាយការណ៍អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ឱ្យដឹងថា ជនមានពិការភាពនៅកម្ពុជាមានចំនួនជិត៧០ម៉ឺននាក់ ខណៈដែលស្ថានភាពនៃជនមានពិការភាព ត្រូវបានយកចិត្តទុកដាក់ជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាល ដើម្បីឱ្យធ្វើឱ្យជនមានពិការភាពទាំងអស់ មានលទ្ធភាពចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសបានដូចពលរដ្ឋទូទៅ។
ទិវាជនមានពិការភាពកម្ពុជាលើកទី២៣ និងអន្តរជាតិលើកទី៣៩ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១នេះ ធ្វើឡើងក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំនិងការចូលរួមរបស់ជនមានពិការភាព ដើម្បីឆ្ពោះទៅរកការស្ដារឡើងវិញក្រោយកូវីដ-១៩ ប្រកបដោយបរិយាបន្ន ផាសុកវត្ថុ និងចីរភាព» ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×