Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អចលនទ្រព្យនៅខេត្ដសៀមរាប នឹងមានកំណើនឡើងវិញ ក្រោយពីបើកទទួលទេស​ចរណ៍ពិភពលោក

ភ្នំពេញ៖ អ្នកជំនាញរំពឹងថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា​ ប្រកាសបើកទទួលទេស​ចរណ៍ឡើងវិញ ពួកគេ​រំពឹងថា វិស័យអចលនទ្រព្យខេត្ដសៀមរាប នឹងមានសន្ទុះកើន ។ លោក កែវ សុធារ៉ា នាយកប្រតិបត្តិសាខា KW ខេត្តសៀមរាប បានបង្ហាញក្ដីរំពឹងយ៉ាងមុតមាំថា វិស័យអចលនទ្រព្យក្នុងខេត្តគោលដៅទេសចរណ៍ពិភពលោកដ៏ធំមួយនេះ នឹងមានកំណើនកើនឡើងវិញ ដោយផ្អែកលើសក្ដានុពលជាច្រើន ពិសេសការកែប្រែមុខមាត់ថ្មី តាមរយៈការកសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើននាពេលបច្ចុប្បន្ននៅខេត្តសៀមរាប។

ក្នុងពិធីចុះកិច្ចព្រមព្រៀងដំឡើង KW ខេត្តសៀមរាប ពីអនុសាខា ទៅជាសាខារបស់ក្រុមហ៊ុន KW Cambodia អ្នកជំនាញអចលនទ្រព្យ បានបង្ហាញសុទិដ្ឋិនិយម ដោយផ្អែកលើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលដឹកនាំ​ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងក្រោយការប្រកាសបើកប្រទេសឡើងវិញ អមជាមួយការលើកលែងការធ្វើចត្ដាឡីស័កសម្រាប់អ្នកដំណើរមកពីបរទេស និងការត្រៀមបើកទទួលទេសចរណ៍វ៉ាក់សាំងសម្រាប់ខេត្តសៀមរាប នាពេលខាងមុខ។

អ្នកជំនាញ បានបញ្ជាក់ទៀតថា «សៀមរាប បានត្រៀមខ្លួនរួចហើយ ជាមួយការស្ថាបនាផ្លូវ ៣៨ខ្សែ ដែលនឹងបញ្ចប់នាចុងឆ្នាំនេះ ការកែប្រែមុខមាត់ថ្មីនៃក្រុងសៀមរាប ព្រលានយន្ដហោះថ្មី ដែលនឹងបញ្ចប់នាឆ្នាំ២០២៣។ ដូច្នេះសៀមរាប រង់ចាំតែមួយទេ គឺទេសចរណ៍ ព្រោះខេត្តសៀមរាប ជាខេត្តទេសចរណ៍ដ៏ធំ។ អ៊ីចឹងបន្ទាប់ពីសៀមរាបអាចទទួលវិនិយោគិនបរទេស និងភ្ញៀវទេសចរណ៍អន្ដរជាតិ ច្បាស់ណាស់ វិស័យអចលនទ្រព្យប្រាកដជាមានការីកចម្រើនខ្លាំងមែនទែន ។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបង្ហាញសុទិដ្ឋិនិយមដូចគ្នា បន្ទាប់ពីមានវត្តមានភ្ញៀវទេសចរណ៍ឡើងវិញ នៅខេត្តសៀមរាប មិនត្រឹមតែជំរុញចរន្ដសេដ្ឋកិច្ច ក៏ដូចជាការផ្ដល់ឱកាសការងារដ៏ប្រជាពលរដ្ឋ តាមរយៈតម្រូវការគ្រប់ផ្នែកនោះទេ តែថែមទាំងលើកកម្ពស់វិស័យអចលនទ្រព្យក្នុងខេត្តនេះទៀតផង។

ស្ថាបនិក KW Cambodia រូបនេះ បានបន្ដថា «ពេលទេសចរណ៍បរទេសជាច្រើនមកសៀរាប ខ្មែរជាច្រើននឹងធ្វើចំណាកស្រុកពីខេត្តផ្សេងៗទៅសៀមរាប ព្រោះកម្ពុជាមាន ២៥ខេត្ត-ក្រុង តែមិនមែនគ្រប់ខេត្តសុទ្ធតែមានសេដ្ឋកិច្ចល្អទេ ខេត្តខ្លះក៏មិនសូវមានការងារធ្វើ ចឹងប្រជាជនត្រូវទៅសៀមរាបរកការងារធ្វើ។ អ៊ីចឹងតម្រូវការអចលនទ្រព្យនឹងកើនឡើង។ ខ្ញុំមើលឃើញថា ផ្លូវ ៣៨ខ្សែ ព្រលានយន្ដហោះថ្មី ទេសចរណ៍វ៉ាក់សាំង គឺជាកត្ដាជំរុញមួយឲ្យតម្រូវការអចលនទ្រព្យ នឹងកើនឡើង»៕

×