Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ កោតសរសើរ រាជរដ្ឋាភិបាល និងកាកបាទក្រហម ដែលបានធ្វើឱ្យស្ថានភាពជន មានពិការភាពកាន់តែប្រសើរឡើង

spot_img

ភ្នំពេញ ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជានិងកាកបាទក្រហម ដែលបានជួយគាំទ្រធ្វើឱ្យជីវភាពរស់នៅ របស់ជនមានពិការភាពនៅកម្ពុជា កាន់តែប្រសើរឡើងជាលំដាប់។

ព្រះរាជសាររបស់អង្គព្រះមហាក្សត្រ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៣ និងអន្តរជាតិលើកទី៣៩ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១នេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី មានរាជអង្កាថាព្រះអង្គ និងព្រះវររាជមាតាជាតិខ្មែរ តែងយកហឬទ័យទុកដាក់ គិតគូរ និងបានប្រទាននូវរាជទ្រព្យតាមរយៈព្រះរាជតំណាង ដើម្បីជួយដល់ពលរដ្ឋដែលមានការលំបាកក្រខ្សត់ដែលជាក្រុមជនងាយរងគ្រោះ ជាពិសេសជនមានពិការភាព។

ព្រះមហាក្សត្រទ្រង់ឆ្វេងយល់ថា កម្ពុជាក្រោមការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានធ្វើឱ្យជីវភាពរស់នៅរបស់ជនមានពិការភាពកាន់តែប្រសើរឡើងជាលំដាប់ និងបានសំដែងនូវព្រះរាជហឬទ័យគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលមានឆន្ទៈខ្ពស់ប្រកបដោយភាពប្រាកដនិយម ក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំនិងការចូលរួមរបស់ជនមានពិការភាពដើម្បីឆ្ពោះទៅរកស្ដារឡើងវិញក្រោយវិបត្តិកូវីដ-១៩ ប្រកបដោយបរិយាន្ន ផាសុកវត្ថុ និងចីរភាព។

ព្រះអង្គមានរាជអង្កាថា៖ «ខ្ញុំព្រះករុណា ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហមកម្ពុជា ដែលតែងតែផ្ដល់សេចក្ដីអាណិតស្រឡាញ់ សន្ដោសប្រណីចំពោះជនមានពិការភាពដែលជួបទុកលំបាកនាពេលកន្លងមក។ ខ្ញុំព្រះករុណាខ្ញុំសូមអរគុណចំពោះសហគមន៍ជាតិនិងអន្តរជាតិដែលមានទឹកចិត្តសប្បុរសបានផ្ដល់ការគាំទ្រទាំងផ្នែកស្មារតីសម្ភារៈ និងថវិការដ៏ច្រើនដើម្បីជួយឱ្យវិស័យពិការភាពក្នុងព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យ» ។

ខណៈដែលមេរោគកូវីដ-១៩ កំពុងបន្តរីករាលដាលក្នុងប្រទេស ព្រះមហាក្សត្រក៏អំពាវនាវដល់ជនរួមជាតិ ពិសេសជនមានពិការភាពទៅទទួលការចាក់វ៉ាក់សាំង ឱ្យបានគ្រប់គ្នាតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបន្តអនុវត្តវិធានការសុខាភិបាល ក៏ដូចជាវិធានការ ៣កុំ៣ការពារ ដែលដាក់ចេញដោយនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ផងដែរ។

យោងតាមរបាយការណ៍អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ឱ្យដឹងថាជនមានពិការភាពនៅកម្ពុជាមានចំនួនជិត៧០ម៉ឺននាក់ ខណៈដែលស្ថានភាពនៃជនមានពិការភាព ត្រូវបានយកចិត្តទុកដាក់ជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាល ដើម្បីឱ្យធ្វើឱ្យជនមានពិការភាពទាំងអស់មានលទ្ធភាព ចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសបានដូចពលរដ្ឋទូទៅ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×