ព្រះសីហនុ៖កម្លាំងជំនាញនៃស្នងការដ្ឋានគរបាលក្រុងព្រះសីហនុបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់វាយប្លន់កម៉ូតូរបស់នារីរងគ្រោះ នៅវេលាម៉ោងប្រមាណ១០និង៤០នាទីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១៧ ត្រង់ចំណុចផ្លូវចុះចំណោតអាងក្រពើចាស់ នៅក្រុមទី១២ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
លោកវរសេនីយ៍ឯកញ៉ែត ភ័ណ្ឌ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថាៈ ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ត្រីកុល ផាលីស្នងការរងទទួលផែនព្រហ្មទណ្ឌ បានប្រកាស តាមវិទ្យុទាក់ទង ឲ្យកម្លាំងគ្រប់មុខជំនាញ គ្រប់មុខព្រួញទាំងអស់ ដែលកំពុងមានភារកិច្ច ល្បាតតាមដងផ្លូវ សហការគ្នាដេញស្ទាក់ចាប់មុខសញ្ញាជាបន្ទាន់។
ជាលទ្ធផល រយៈពេលប្រមាណ១០នាទីក្រោយ សមត្ថកិច្ច ដេញចាប់មុខសញ្ញាបាន នៅផ្លូវចូលទៅក្បាលឆាយ ស្ថិតក្នុងសង្កាត់លេខ១ក្រុងព្រះសីហនុ ដែលជនល្មើសជិះម៉ូតូរត់គេចខ្លួនចូលទៅតំបន់នោះ និង ចាប់យកបានម៉ូតូម៉ាកហុងដា ZOOMER ១គ្រឿងជាវត្ថុតាងនៃអំពើប្លន់។
មុខសញ្ញាឈ្មោះអ៊ុំ ពិសិដ្ឋ ភេទប្រុសអាយុ២៧ឆ្នាំ មានស្រុកកំណើតនៅសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខរាជធានីភ្នំពេញ។ មកធ្វើការសំណង់ ស្នាក់នៅកន្លែងធ្វើការ ក្រុមទី៣០ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ចំណែកជនរងគ្រោះឈ្មោះសេង ស្រីពេជ្រ ភេទស្រីអាយុ១៧ឆ្នាំ ផ្ទះនៅក្រុម១៧ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ មុខរបរ កំពុងសិក្សា។
ដោយជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា៖ ពេលដែលនាងជូនបងទៅធ្វើការ ក៏បានឃើញជនសង្ស័យ នៅឈររ៉េរា នៅទីនោះដែរ លុះជិះម៉ូតូត្រឡប់មកវិញ ស្រាប់តែជនសង្ស័យចេញមកស្ទាក់យកដុំថ្មគប់ នាងបានគេច ហើយក៏ដួលម៉ូតូ ត្រូវរបួស ជននោះបានលើកយកម៉ូតូជិះគេចសំដៅមករ៉ា ផ្លូវជាតិលេខ៤តែម្តង។
លោកញ៉ែត ភ័ណ្ឌ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះអ៊ុំ ពិសិដ្ឋ ធ្វើការជាមួយក្រុមហ៊ុនសំណង់ចិន និងជាអ្នកបើកបរផង។ ចិនបានប្រើអោយយកទូរស័ព្ទទៅជួសជុល ហើយបានយកទូរសព្ទ័របស់ចិនទៅបញ្ចាំ ក្រោយមកគ្មានលុយ ដើម្បី លោះយកទូរសព្ទសងចិន ក៏បែកគំនិតប្លន់ម៉ូតូតែម្តង។
បច្ចុប្បន្នសមត្ថកំពង់កសាងសំណុំរឿងបញ្ជូនសង្ស័យទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕ ដោយ ៖ បេឡា