Wednesday, January 26, 2022

កប់យោបល់! ក្រោយមានអ្នក​ស្នើ​ឲ្យ​សមត្ថកិច្ចចាប់​ខ្លួន រឿង Live ចែក​លុយ​ហ្វ្រ៊ីៗ ស្រាប់​តែ «មហាសេដ្ឋី» រូប​នេះ បោះសម្តី​ថា ទៅ​មិន​រួច​ទេ ព្រោះ​សមត្ថកិច្ចក៏​ខ្លួន​ឲ្យ​លុយ​ចាយ​…


រឿងដ៏ប្លែកមួយថ្មីៗនេះ គ្រាដែលបុរសម្នាក់តាំងខ្លួនធ្វើជាអ្នកមានទ្រព្យស្តុក ចែកលុយហ្វ្រ៊ីៗ ឲ្យអ្នកចូលមើលក្នុងការ Live ម្នាក់ៗទទួលបាន ១០០ ដុល្លារ ដោយគ្រាន់តែទម្លាក់លេខទូរស័ព្ទ និងទីតាំង ឃើញថា បានធ្វើឲ្យមហាជនជាច្រើនផ្ទុះការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង ព្រោះថាសូម្បីតែសេដ្ឋីៗស្រុកខ្មែរលុយចាយលែងអស់ ក៏ពុំទាន់ដល់ថ្នាក់ចែកលុយឲ្យហ្វ្រ៊ីៗជាសាធារណៈបែបនេះនោះឡើយ ពោលគឺមានតែផ្តល់ជំនួយឧបត្ថម្ភទៅដល់ជនទីទ័លក្រមានជីវភាពលំបាកពិតៗ និងក៏ដូចជួយទៅដល់មន្ទីរពេទ្យគន្ធបុប្ផា ទើបជារឿងដ៏សំខាន់។

ពិតណាស់ ក្រោយបុរសរូបនេះ បានអះអាងជះលុយខ្ទង់ ៥ លានដុល្លារ ចែកឲ្យសាធារណជនហ្វ្រ៊ីៗ ក្នុងម្នាក់ៗទទួល ១០០ ដុល្លារ បែបនេះ បានធ្វើឲ្យមនុស្សជាច្រើន ដែលបានស្គាល់ពីល្បិចបោកប្រាស់ព្រោះតែចង់បានការ Like និង Share សម្រាប់ផេករបស់ខ្លួន នាំគ្នាព្រលះឲ្យយ៉ាងធ្ងន់ៗតែម្តង ហើយក្នុងនោះ គេក៏បានស្នើឲ្យសមត្ថកិច្ចចាប់ខ្លួនបុរសបំពុលសង្គមរូបនេះផងដែរ។

តែទោះយ៉ាងណា ក្រោយឃើញមនុស្សមួយចំនួន បានស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការ ស្រាប់តែបុរសរូបនេះ បានឆ្លើយតបទៅវិញដោយបោះសម្តីបែបនេះថា៖ «លោកម្ចាស់ថ្លៃ សូម្បីសមត្ថកិច្ចក៏បងឲ្យលុយចាយដែរអូន ហើយយកទៅដាក់ទោសយ៉ាងម៉េច អ្នកមានគុណណាពៅ ឯងនិយាយម៉េចចឹង!? សមត្ថកិច្ចក៏មកយកលុយពីបងដែរ ហេតុអីអូនឯងឲ្យសមត្ថកិច្ចមកចាប់មនុស្សអត់មានទោស..!? និយាយចឹងវាសមអត់ ស្មានតែសមត្ថកិច្ចអត់ចេះចាយលុយ…?»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង