ធនាគារជាតិនៃកម្ពុជា បានប្រកាសជាផ្លូវការនូវការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពី បរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ និងការដាក់ឱ្យដំណើរការជាផ្លូវការ យុទ្ធនាការ “តោះ! និយាយាពីលុយ៖ តក់ៗពេញបំពង់”។ កម្មវិធីនេះបានធ្វើឡើងកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ នៅសណ្ឋាគារ Hyatt Regency Phnom Penh ដែលមានអ្នកចូលរួមជាង ៤០០នាក់។ ក្នុងនោះជាង ៣០០នាក់ទស្សនាការផ្សាយផ្ទាល់តាម ZOOM។
ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា លោកជំទាវ អ៊ុក ម៉ាលី មានប្រសាសន៍ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ និងការដាក់ឱ្យដំណើរការជាផ្លូវការ យុទ្ធនាការ “តោះ! និយាយពីលុយ៖ តក់ៗពេញបំពង់” ថា៖«យុទ្ធសាស្រ្តជាតិ ស្តីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ត្រូវបានរៀបចំឡើងស្របតាមចក្ខុវិស័យនៃយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់អាទិភាពដល់ការរៀបចំគោលនយោបាយអភិវឌ្ឍតាមវិស័យ និងកំណត់វិធានការជាក់ស្តែងជាអាទិភាព។»
លោកជំទាវ អ៊ុក ម៉ាលី មានប្រសាសន៍បន្តថា៖«យុទ្ធសាស្រ្តជាតិនេះ ជាក្របខ័ណ្ឌគោលនយោបាយជាតិដោយផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ដែលជាឧបករណ៍សំខាន់មួយគាំទ្រការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០១៦-២០២៥ សំដៅធានាស្ថិរភាពគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។»
លោកជំទាវបានមានប្រសាសន៍បន្ថែមថា យុទ្ធសាស្រ្តជាតិនេះ បានលើកឡើងនូវគោលនយោបាយដែលចង្អុលបង្ហាញពីគោលដៅក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ដូចជា៖ ការបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការដែលមានគុណភាព កាត់បន្ថយអត្រាស្រ្តីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុឱ្យបានពាក់កណ្តាល ពី ២៧% មក ១៣% និងពង្រីកការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ពី ៥៩% ទៅ ៧០% ត្រឹមឆ្នាំ២០២៥ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាព គ្រួសារ និងគាំទ្រកំណើនសេដ្ឋកិច្ច តាមរយៈសកម្មភាពអាទិភាពចំនួន ៦ រួមមាន៖ ១/- លើកទឹកចិត្តឱ្យមានការសន្សំនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ, ២/- ជំរុញនវានុវត្តន៍សេវាឥណទានសម្រាប់សហគ្រាសធុនតូចនិងមធ្យម, ៣/- ពង្រីកសមត្ថភាពប្រព័ន្ធទូទាត់, ៤/- ពង្រីកការផ្តល់សេវាធានារ៉ាប់រងឱ្យបានទូលំទូលាយ, ៥/- ពង្រឹងសមត្ថភាពនិយ័តករវិស័យហិរញ្ញវត្ថុ និង ៦/- លើកកម្ពស់សិទ្ធិនិងបង្កើន កិច្ចការពារអតិថិជន ព្រមទាំងបង្កើនតម្លាភាពក្នុងវិស័យហិរញ្ញវត្ថុ។
លោកជំទាវ អ៊ុក ម៉ាលី មានប្រសាសន៍បញ្ជាក់ទៀតថា ការអនុវត្តនូវយុទ្ធសាស្រ្តជាតិ ស្តីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ នឹងរួមចំណែកដល់ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តាមរយៈការបង្កើតយុទ្ធសាស្រ្ត សេវាហិរញ្ញវត្ថុ និងម៉ូឌែលអាជីវកម្មដែលមានគុណតម្លៃកាន់តែប្រសើរចំពោះប្រជាជនដែលមានប្រាក់ចំណូលទាប និងជួយដល់កំណើនសេដ្ឋកិច្ចនិងសុខុមាលភាពសង្គម ព្រមទាំងជំរុញឱ្យមានកិច្ចសហការកាន់តែជិតស្និទ្ធរវាងភាគីពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានាផងដែរ។
គួរបញ្ជាក់ថា ផ្នែកមួយនៃការអនុវត្តនូវយុទ្ធសាស្រ្តជាតិ ស្តីពី បរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ថ្ងៃនេះ ធនាគារជាតិនៃកម្ពុជានឹងដាក់ឱ្យដំណើរការជាផ្លូវការយុទ្ធនាការ “តោះ! និយាយពីលុយ៖ តក់ៗពេញបំពង់”។ ធនាគារជាតិនៃកម្ពុជា បានសហការជាមួយអង្គការ Good Return ក្នុងការអនុវត្តគម្រោងនៃយុទ្ធនាការផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុ ឈ្មោះថា “តោះ! និយាយពីលុយ” កាលពីឆ្នាំ២០១៦ ដែលយុទ្ធនាការនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន។
ដោយយល់ឃើញពីភាពជោគជ័យនៃយុទ្ធនាការនេះ និងក្នុងគោលបំណងលើកកម្ពស់ការផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុបន្ថែមទៀត យុទ្ធនាការថ្មីមួយទៀតដែលមានឈ្មោះថា “តោះ! និយាយពីលុយ៖ តក់ៗ ពេញបំពង់” ត្រូវបានបង្កើតឡើង ដោយផ្តោតជាចម្បងលើសារៈសំខាន់នៃការគិតគូរឱ្យបានដិតដល់ ការថ្លឹងថ្លែងជម្រើសផលិតផលនិងសេវាហិរញ្ញវត្ថុ និងការរៀបចំផែនការសកម្មភាព ដើម្បីជួយអ្នកប្រើប្រាស់ឱ្យទទួលបានការយល់ដឹងកាន់តែប្រសើរអំពីសិទ្ធិ ការទទួលខុសត្រូវ និងការចូលរួមក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ។ យុទ្ធនាការថ្មីនេះ មានប្រធានបទគន្លឹះចំនួន ៤ រួមមាន៖ ១/- ការគ្រប់គ្រងលុយកាក់របស់អ្នកឱ្យបានកាន់តែប្រសើរ, ២/- ការត្រៀមខ្លួនសម្រាប់រឿងដែលកើតឡើងដោយមិនបានព្រាងទុក, ៣/- ការយល់ដឹងអំពីសិទ្ធិនិងការទទួលខុសត្រូវ និង ៤/- និយាយចេញមក។
ថ្លែងចំណាប់អារម្មណ៍អបអរសាទរ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ឈាង វណ្ណារិទ្ធ មានប្រសាសន៍ថា៖«ការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពី បរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ និងការដាក់ឱ្យដំណើរការជាផ្លូវការ យុទ្ធនាការ “តោះ! និយាយាពីលុយ៖ តក់ៗពេញបំពង់” ពិតជាមានសារៈសំខាន់ក្នុងការលើកកម្ពស់ការចូលរួមចំណែក និង ពង្រឹងការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តវិធានការគោលនយោបាយនានា ដែលបានដាក់ចេញ ដើម្បីសម្រេចឲ្យ បាននូវគោលដៅរួម គឺការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា»។
លោក ឈាង វណ្ណារិទ្ធ បានបន្តថា ការបន្តជំរុញការអនុវត្តយុទ្ធសាស្រ្តជាតិ ស្តីពី បរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ប្រកបដោយប្រសិទ្ធភាពខ្ពស់ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុង ការបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ដែលមានគុណភាព តម្លៃសមរម្យ និងមានកិច្ចការពារស្របច្បាប់ ជាពិសេស កាត់បន្ថយអត្រាក្រុមជនដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុ ដើម្បីធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពសង្គម បង្កើនប្រាក់ចំណូល ដល់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងចូលរួមចំណែក ដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជារួម។
ជាក់ស្តែង លោកថា យុទ្ធសាស្រ្តនេះ បានដាក់ចេញ សកម្មភាពអាទិភាពសំខាន់ៗ ដូចជា៖ លើកទឹកចិត្តឲ្យមានការសន្សំនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ ជំរុញនវានុវត្តន៍ផលិតផលឥណទានសម្រាប់សហគ្រាសធុនតូចនិងមធ្យម ពង្រីកសមត្ថភាពប្រព័ន្ធទូទាត់ ពង្រីកការផ្តល់សេវាធានារ៉ាប់រងឲ្យបានទូលំទូលាយ លើកកម្ពស់សិទ្ធិអតិថិជន និងបង្កើនតម្លាភាពក្នុងវិស័យហិរញ្ញវត្ថុ។ ជាងនេះទៅទៀត ការបន្តជំរុញការអនុវត្តនូវ យុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ ក៏ជាកិច្ចការមួយយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកសម្រេចឲ្យបានជោគជ័យនូវ យុទ្ធសាស្រ្តអភិវឌ្ឍន័វិស័យហិរញ្ញវត្ថុ ឆ្នាំ ២០១៦-២០២៥ ជាពិសេស ក្នុងការធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច វិស័យហិរញ្ញវត្ថុ ដែលជាមូលដ្ឋានចាំបាច់សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពធន់៕