ភ្នំពេញ៖ កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ឬ ជាភាសាអង់គ្លេស (RCEP) «Regional Comprehensive Economic Partnership» ជាកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរី ដែលមានសមាជិកសរុបចំនួន ១៥ ប្រទេស រួមមានសមាជិកអាស៊ានទាំង១០ប្រទេស និងប្រទេសជាដៃគូអាស៊ានទាំង៥ គឺចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី និងនូវែលសេឡង់។
ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា រវាងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងមជ្ឈមណ្ឌលនេត្រាយុទ្ធសាស្ដ្រ-វោហារ (VOHAR) នៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានឱ្យដឹងថា ចំពោះបញ្ហាសេដ្ឋកិច្ចនៅឆ្នាំក្រោយនេះ កម្ពុជានឹងអនុវត្តកិច្ចព្រមពៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ដែលជាកាលានុវត្តភាពថ្មីមួយទៀត និងជាពិសេសរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ និងកូវីដបំប្លែងថ្មី អូមីក្រុង ក៏ដូចជាការបន្សាំសហគមអាស៊ានឲ្យទាន់ពេលវេលា។
លោក ឈាង វណ្ណារិទ្ធ បានបង្ហាញសុទិដ្ឋិនិយមថា ខណៈកម្ពុជា ជាប្រធានអាស៊ាននាឆ្នាំ២០២២ខាងមុខនេះ កម្ពុជា ក៏ទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជាទិដ្ឋភាពនយោបាយ ការបរទេស ដែលឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់កម្ពុជា ក្នុងការជំរុញសមាហរណកម្មក្នុងតំបន់ និងក្របខ័ណ្ឌអាស៊ាន និងអាស៊ានបូក ដែលមានកិច្ចប្រជុំជាមួយដៃគូពិភាក្សា ក្នុងគោលដៅរួមគ្នាជាធ្លុងមួយ ធ្វើឲ្យបរិយាកាសនយោបាយ សេដ្ឋកិច្ចដំណើរការល្អ ដែលឆ្ពោះទៅកាន់ការស្ដារសេដ្ឋកិច្ចសង្គមឡើងវិញ ក្រោយវិបត្តិកូវីដ-១៩។
ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានលើកឡើងថា គោលបំណងនៃអនុស្សរណៈយោគយល់គ្នារវាងវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងមជ្ឈមណ្ឌលនេត្រាយុទ្ធសាស្ដ្រ-វោហារ ធ្វើឡើង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាប្រធានប្ដូរវេនអាស៊ាន នៅឆ្នាំ២០២២។
ក្នុងឱកាសនោះដែរ លោក សំអាត ច័ន្ទសុមានិត ប្រធានប្រតិបត្តិនៃមជ្ឈមណ្ឌលនេត្រាយុទ្ធសាស្ដ្រ-វោហារ បានថ្លែងរំពឹងថា ក្នុងនាមកម្ពុជា ជាប្រធានអាស៊ានឆ្នាំ២០២២ នឹងនាំមកនូវផ្លាផ្លែជាវិជ្ជមាន ដោយហេតុថា កម្ពុជា ជាប្រទេសតូចពិត ក៏ប៉ុន្ដែតែងឲ្យតម្លៃទៅលើពុហភាគីនិយម។
គួរបញ្ជាក់ថា បើតាមអ្នកជំនាញ RCEP អាចនឹងជួយប្រទេសសមាជិកអាស៊ាន និងប្រទេសជាដៃគូ រួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី និងនូវែលសេឡង់ អាចទាញយកផលចំណេញដើម្បីស្តារសេដ្ឋកិច្ច ពីផលប៉ះពាល់ដោយជំងឺរាតត្បាតសកលកូវីដ១៩ និងម៉្យាងទៀតអាចកាត់បន្ថយផលប៉ះពាល់ពីឥទ្ធិពលអវិជ្ជមានដែលចេញពី សង្រ្គាមពាណិជ្ជកម្មរវាង សហរដ្ឋអាមេរិក និងចិន។ ជាក់ស្តែង RCEP នឹងជំរុញឱ្យមានការរីកចម្រើនសម្រាប់បរិយាកាសវិនិយោគដោយផ្ទាល់ពីបរទេស កំណែទម្រង់ស្តង់ដារការងារ ការពង្រឹងសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិត (Cyber Security) និងការចែករំលែកព័ត៌មានក្នុងចំណោមសមាជិក ហើយពិតប្រាកដណាស់ កិច្ចព្រមព្រៀងនេះ នឹងបើកផ្លូវពាណិជ្ជកម្មថ្មីមួយទៀត តាមរយៈការដោះដូរពាណិជ្ជកម្មសេរីតាមបទដ្ឋានរួម៕