Saturday, August 20, 2022

មេដឹកនាំគណបក្សខ្មែររួបរួមជាតិ ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានលក្ខណៈគ្រប់គ្រាន់ ជាបេក្ខភាពនាយករដ្ឋមន្ត្រី

spot_img

ភ្នំពេញ ៖ មេដឹកនាំគណបក្សខ្មែររួបរួមជាតិ ឯកឧត្តម ញឹក ប៊ុនឆៃ បានមានប្រសាសន៍បញ្ជាក់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានសមត្ថភាព សីលធម៌ អត្តចរិក និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាបេក្ខភាពនាយករដ្ឋមន្ត្រី។ ការបញ្ជាក់របស់ឯកឧត្តម ញឹក ប៊ុនឆៃ បានធ្វើឡើងបន្ទាប់ពីចប់កិច្ចប្រជុំគណៈកម្មាការនាយកគណបក្សខ្មែររួបរួមជាតិ កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ នៅទីស្នាក់ការកណ្តាល ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ឯកឧត្តម ញឹក ប៊ុនឆៃ បញ្ជាក់ថា “ខ្ញុំឃើញថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានគុណសម្បត្តិ លក្ខណៈគ្រប់គ្រាន់ ទាំងចំណេះដឹង សីលធម៌ អត្តចរិករបស់គាត់ទាំងប៉ុន្មាន គឺអាចទទួលការងារបន្តវេនពីថ្នាក់ដឹកនាំចាស់ៗបាន។ នេះជារលកថ្មីដែលនឹងបន្តវេន ព្រោះទាំងខ្ញុំ ទាំងថ្នាក់ដឹកនាំផ្សេងៗសុទ្ធតែចាស់អស់ហើយ ធម្មតាត្រូវតែមានអ្នកបន្តវេន”។

សូមជម្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៧ខ្សែ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានា ក្នុងខេត្តព្រះសីហនុជា ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសគាំទ្រដល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត។ ដោយសម្តេចបានប្រកាសថា “គាំទ្រកូនឲ្យធ្វើជានាយករដ្ឋមន្ត្រីបន្ត តែមិនមែនអ្វីក្រៅពីការបោះឆ្នោតទេ។ ហ៊ុន ម៉ាណែត ជាបេក្ខភាពមួយក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រី”៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ