Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១១ (អ្នកលឿង-ថ្នល់ទទឹង) នៅថ្ងៃទី០៦ធ្នូ

spot_img

ខេត្តព្រៃវែង ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកបណ្តោះអាសន្ន នូវការធ្វើចរារចណ៍យានយន្តគ្រប់ប្រភេទ លើកំណត់ផ្លូវជាតិលេខ១១ (ចាប់ពីម៉ោង ២៣និង២៥នាទី ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ ម៉ោង១២និង០០នាទី ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១) ដើម្បីរៀបចំពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១(អ្នកលឿង-ថ្នល់ទទឹង) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បើតាមសេចក្តីជូនដំណឹង រដ្ឋបាលខេត្តព្រៃវែង សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាជ្រាបថា ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយរដ្ឋបាលខេត្តព្រៃវែង និងរៀបចំពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១១(អ្នកលឿង-ថ្នល់ទទឹង) នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ នៅភូមិបារាយណ៍កើត សង្កាត់បារាយណ៍ ក្រុងព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ដើម្បីបញ្ចៀសការកកស្ទះ និងសម្រួលដល់ការធ្វើចរាចរណ៍ របស់ថ្នាក់ដឹកនាំ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញចូលរួមពិធី រដ្ឋបាលខេត្តព្រៃវែង សូមធ្វើការផ្អាកចរាចរណ៍បណ្តោះអាសន្ន ចំពោះយានយន្តគ្រប់ប្រភេទ ដែលឆ្លងកាត់លើកំណាត់ផ្លូវជាតិលេខ១១ ចាប់ពីម៉ោង២៣និង៥៩នាទី ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ ម៉ោង១២និង០០នាទី ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចទីតាំងដូចខាងក្រោម៖
១-ចំណុចរង្វង់មូលកែងស្នេហ៍ ស្ថិតភូមិព្រែកណ្ដៀង ឃុំព្រែកណ្ដៀង ស្រុកពាមរក៍

២-ចំណុចច្រមុះជ្រូកនាគព័ន្ធ ភូមិបារាយណ៍កើត សង្កាត់បារាយណ៍ ក្រុងព្រៃវែង

៣-ចំណុចរង្វង់មូលភគ្គនេស្ស ភូមិក្លយ សង្កាត់តាកោ ក្រុងព្រៃវែង។

ក្នុងករណីនេះ បងប្អូនប្រជាពលរដ្ឋ អាចធ្វើដំណើរតាមផ្លូវវាងត្រង់ចំណុចកែងតាសូ ឃុំធាយ ស្រុកបាភ្នំ ដោយឆ្លងកាត់ឃុំសំរោង និងឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ឆ្ពោះទៅផ្លូវជាតិលេខ៨ ត្រង់ចំណុចភូមិធ្នង់ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ។

ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះពិនិត្យទីតាំង និងប្រជុំពិភាក្សាផែនការបែងចែក ភារកិច្ចរៀបចំពិធីសម្ពោធ បើកឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១១ ក្រោមអធិតបតីភាព ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងគណៈកម្មការរៀបចំបុណ្យជាតិ អាជ្ញាធរខេត្ត ស្រុក ព្រមទាំងផ្នែកពាក់ព័ន្ធនានា ដើម្បីទទួលភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលខាងមុខនេះ ស្ថិតនៅក្រុងព្រៃវែង ខេត្តព្រៃវែង។

កិច្ចប្រជុំពិភាក្សា ក្រោយការចុះពិនិត្យទីតាំងនោះ គឺក្នុងន័យរៀបចំផែនការបែងចែកភារកិច្ចលម្អិត នៃការទទួលខុសត្រូវ ក្នុងការរៀបចំដំណើរការ ពិធីសម្ពោធរបស់គណៈកម្មការរៀបចំបុណ្យជាតិ អាជ្ញាធរខេត្ត ស្រុក ព្រមទាំងផ្នែកពាក់ព័ន្ធ ដើម្បីធានាឲ្យការប្រព្រឹត្តទៅប្រកបដោយសន្តិសុខ សណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ក៏ដូចជាអង្គពិធីទាំងមូល ប្រកបដោយភាពរលូន និងជោគជ័យ។

គួរបញ្ជាក់ថា គម្រោងសាងសង់នូវផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែងប្រវែងសរុប ៩៦,៤៨គីឡូម៉ែត្រ ចាប់ពីអ្នកលឿង (ចំណុចប្រសព្វផ្លូវជាតិលេខ១)- ខេត្តព្រៃវែង-ថ្នល់ទទឹង-ខេត្តត្បូងឃ្មុំ (ចំណុចប្រសព្វផ្លូវជាតិលេខ៧) ក្រោមហិរញ្ញប្បទានសម្បទាន រពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត សូមថ្លែងអំណរគុណជូនចំពោះឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងគណៈកម្មការរៀបចំបុណ្យជាតិ អាជ្ញាធរខេត្ត ស្រុក ព្រមទាំងផ្នែកពាក់ព័ន្ធ ជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានពិនិត្យទីតាំង និងពិភាក្សាបែងចែកភារកិច្ចលម្អិត នៃការទទួលខុសត្រូវក្នុងដំណើរការ ពិធីសម្ពោធធានាបានសន្តិសុខ សណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ក៏ដូចជាអង្គពិធីទាំងមូល។

ក្នុងនាម អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងគ្រប់ជាន់ថ្នាក់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តព្រៃវែង សូមថ្លែងអំណរគុណ នូវចំណងដៃដ៍ថ្លៃថ្លា របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ក៏ដូចជាជូនដល់សង្គមជាតិទាំងមូល ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចពេញផ្ទៃប្រទេស៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×