ភ្នំពេញ ÷ យុវជនម្នាក់បានបាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូលឿនដល់ផ្លូវកោង មិនប្រយ័ត្នជ្រុលទៅបុ.កបង្កាន់ដៃស្ពានទំនប់៧មករា បណ្តាលឲ្យដួលបោ.កក្បាលនៅហ្នឹងថ្នល់ស្លា.ប់ភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទីយប់ ថ្ងៃសៅរ៍ទី៤ ខែធ្នូ ឆ្នាំ២០២១ ចំណុចលើស្ពានទំនប់៧មករា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់គ្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពជនរងគ្រោះ នៅពុំទាន់ស្គាល់អត្ថសញ្ញាណនៅឡើយ។
ប្រភពព័ត៌មានពីសមត្ថកិច្ច នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញយុវជនរងគ្រោះម្នាក់ ជិះម៉ូតូម៉ាកMSX ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1FG-7424 ជិះតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុ លើស្ពានទំនប់៧មករា ក៏រេចង្កូតមកខាងឆ្វេងដៃ ទៅបុ.កបង្កាន់ដៃស្ពាន បណ្តាលឲ្យដួលបោ.កក្បាលនៅនឹងថ្នល់ស្លា.ប់ភ្លាមៗ។

បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកដល់ពិនិត្យនិងវាស់វែង យកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រងចាំសាច់ញាតិមកទទួល។ ចំណែកសព ដោយមិនមានសាច់ញាតិ សមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យទៅរថយន្តសាមុយ ដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រងចាំក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត





