Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះពិសេសដឹកព្រះសព សម្តេចក្រុមព្រះ មកដល់មាតុភូមិវិញហើយ

spot_img

ភ្នំពេញ៖ យន្តហោះពិសេសដឹកព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ នៅវេលាម៉ោង១១ព្រឹកថ្ងៃអាទិត្យ ទី០៥ ខែធ្នូ ឆ្នាំ២០២១នេះ។ ព្រះសពរបស់ព្រះអង្គ ត្រូវបានយាងដង្ហែពីប្រទេសបារាំង ដោយព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី រណឫទ្ធិ ព្រះជាយារបស់ព្រះអង្គ។

ពិធីទទួលព្រះសពមាននិមន្តបង្សុកូលដោយសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី, សម្តេចព្រះសង្ឃ និងព្រះសង្ឃប្រមាណ ៥អង្គ ហើយក៏មានការយាងទទួលដោយ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ព្រះបុត្រាច្បង សម្តេចចៅហ្វាវាំង គង់ សំអុល ឧនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីព្រះបរមរាជវាំងព្រមទាំងព្រះបុត្រា ព្រះបុត្រី ព្រះញាតិវង្សានុវង្សជាច្រើនអង្គផ្សេងទៀត។

សពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានដង្ហែតាមព្រះទីនាំងរថយន្ត ឆ្ពោះទៅកាន់ព្រះដំណាក់ផ្លូវសម្តេចប៉ាន់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីប្រារព្ធព្រះរាជពិធីបុណ្យតាមព្រះរាជវេណី។

សូមបញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងចូលព្រះទិវង្គតនៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩និង៤០ព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣និង៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។

សម្តេចក្រុមព្រះ ទ្រង់ព្រះប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤។ ជាបុត្រារបស់សម្តេច នរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល ដែលជានាថការីក្នុងព្រះបរមរាជវាំង។ សម្តេចក្រុមព្រះ មានព្រះរាជបុត្រា ព្រះរាជបុត្រី ៥ព្រះអង្គរួមមាន ៖ អ្នកអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ, អ្នកអង្គម្ចាស់ នរោត្តម សីហឫទ្ធ, អ្នកអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រតនាទេវី, អ្នកអង្គម្ចាស់ នរោត្តម សុធាឫទ្ធិ និងអ្នកអង្គម្ចាស់ នរោត្តម រ៉ាណាវង្ស។

សម្តេចក្រុមព្រះ ទ្រង់បានយាងបំពេញព្រះរាជតួនាទីជានាយករដ្ឋមន្ត្រីទី១ នៃព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៧ និងបានយាងបំពេញព្រះរាជតួនាទីជាព្រះប្រធានរដ្ឋសភា ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៦។

ទន្ទឹមនឹងនេះ ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល បានចេញនូវសារលិខិតរំលែកមរណ:ទុក្ខ ដ៏ក្រៀមក្រំ ដោយបានសម្តែងការសោកស្តាយចំពោះការចូលព្រះទិវង្គតរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើម១រូប ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានបូជាអស់ព្រះកាយពលដើម្បីបុព្វហេតុ ការពារជាតិសាសនា និងព្រះមហាក្សត្រ ។

ជាងនេះទៅទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញនូវសារាចរណែនាំ ដោយបានប្រកាសកំណត់យកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១ ជាថ្ងៃ កាន់ទុក្ខជាផ្លូវការ គ្រប់ក្រសួងស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ ឯកជនទាំងអស់ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ទីអារាម ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដង នៃដងទង់ជាតិ នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១ គ្រប់ស្ថានីយវិទ្យុនិងទូរទស្សន៍ជាតិ និងឯកជនទាំងអស់ ត្រូវផ្អាកការសម្តែង និងចាក់ផ្សាយទូរទស្សន៍នូវទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេងនៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១។

យោងតាមលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ បានបញ្ជាក់ថា ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ សរុបចំនួន ៥២ នឹងអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្តេចក្រុមព្រះ នរោត្តមរណឫទ្ធិ ប្រធានក្រុមឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី ៦ និងទី ៧ ខែធ្នូ ឆ្នាំ ២០២១។

សូមជម្រាបថា ព្រះសពសម្តេចក្រុមព្រះនរោត្តមរណឫទ្ធិ នឹងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅព្រះរាជតំណាក់ ស្ថិតនៅផ្លូវសម្តេចប៉ាន សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×