Monday, March 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តពោធិ៍សាត់ ចាត់វិធានការបញ្ឈប់ការចូលទន្ទ្រានដី ដែនព្រៃលិចទឹក ធ្វើអត្តសញ្ញាណអ្នកដែលបានចូលទន្ទ្រាន ដើម្បីធ្វើការដកហូតដី និងចាត់វិធានការតាមផ្លូវច្បាប់ ដោយត្រូវកសាងអង្គហេតុ និងដាក់បណ្តឹងអាជ្ញាទៅតុលាការ

ពោធិ៍សាត់ ៖ ក្នុងការចុះពិនិត្យទីតាំងដី ដែលត្រូវបានទន្រ្ទាន ក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ណែនាំឲ្យរដ្ឋបាលខេត្តពោធិ៍សាត់ ចេញលិខិតណែនាំ ដល់អាជ្ញាធរស្រុក ឃុំ បញ្ឈប់ការពិនិត្យបញ្ជាក់លើ លិខិតសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដី ក្នុងដែនព្រៃលិចទឹក ព្រមទាំងចេញលិខិតបដិសេធ លើរាល់លិខិតដែលបានចេញរួចពីពេលមុន។ រដ្ឋបាលខេត្តពោធិ៍សាត់ ចាត់វិធានការបញ្ឈប់ការចូលទន្ទ្រានដី ដែនព្រៃលិចទឹកបន្តទៀត ធ្វើអត្តសញ្ញាណអ្នកដែលបានចូលទន្ទ្រាន ដើម្បីធ្វើការដកហូតដី និងចាត់វិធានការតាមផ្លូវច្បាប់ ដោយត្រូវកសាងអង្គហេតុ និងដាក់បណ្តឹងអាជ្ញាទៅតុលាការ ។ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាត់កម្លាំងចុះល្បាតតាមគោលដៅ ដើម្បីទប់ស្កាត់ការទន្ទ្រាន ដីព្រៃលិចទឹកនិងអនុវត្តវិធានការច្បាប់។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្ដីប្រកាសព័ត៌មានថា អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះពិនិត្យទីតាំងដី ដែលត្រូវបានទន្រ្ទាន ក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ នាថ្ងៃថ្ងៃអាទិត្យ ទី ៥ ខែធ្នូ ឆ្នាំ ២០២១។

បើតាមសេចក្តីប្រកាសព័ត៌មាន ប្រតិភូរួមដំណើរជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី មាន ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់, ឯកឧត្តម វេង សាខុន រដ្ឋមន្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តមកិត្តិបណ្ឌិត លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប, ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ហួត ហាក់ រដ្ឋលេខាធិការ តំណាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច, ឯកឧត្តម អ៊ឹម ចាន់ថុល ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ, ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកង យោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ, ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ននិងអង្គភាព ពាក់ព័ន្ធ។

ប្រតិភូក្រុមការងារអន្តរក្រសួង បានជួបប្រជុំពិភាក្សាគ្នា ប្រមូលធាតុចូល និងបានដាក់ចេញវិធានការ ដូចខាងក្រោម៖

  1. ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ចេញលិខិតណែនាំ ដល់អាជ្ញាធរស្រុក ឃុំ បញ្ឈប់ការពិនិត្យបញ្ជាក់លើ លិខិតសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដី ក្នុងដែនព្រៃលិចទឹក ព្រមទាំងចេញលិខិតបដិសេធ លើរាល់លិខិតដែលបានចេញរួចពីពេលមុន។
  2. ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ចាត់វិធានការបញ្ឈប់ការចូលទន្ទ្រានដី ដែនព្រៃលិចទឹកបន្តទៀត ធ្វើអត្តសញ្ញាណអ្នកដែលបានចូលទន្ទ្រាន ដើម្បីធ្វើការដកហូតដី និងចាត់វិធានការតាមផ្លូវច្បាប់ ដោយត្រូវកសាងអង្គហេតុ និងដាក់បណ្តឹងអាជ្ញាទៅតុលាការ។
  3. ទន្ទឹមនឹងវិធានការផ្លូវច្បាប់ ជនល្មើសត្រូវដាំដើមឈើឡើងវិញ លើផ្ទៃដីដែលបានទន្ទ្រាន។
  4. កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាត់កម្លាំងចុះល្បាតតាមគោលដៅ ដើម្បីទប់ស្កាត់ការទន្ទ្រាន ដីព្រៃលិចទឹកនិងអនុវត្តវិធានការច្បាប់។
  5. ជូនក្រសួងធនធានទឹក និងឧតុនិយម ទទួលបន្ទុកដាំបង្គោលព្រំដែនព្រៃលិចទឹកដែលខ្លះ និងដែលបានដួលរលំ និងដាក់ពាក្យសុំចុះបញ្ជីដីរដ្ឋនូវដីព្រៃលិចទឹកតំបន់ទន្លេសាប។
  6. ចំពោះប្រជាពលរដ្ឋដែលបានដាំដំណាំ ពិសេសដំណាំស្រូវ ទុកពេលឱ្យប្រមូលផល រួចស្នើឱ្យធ្វើលិខិតទទួលកំហុស និងប្រគល់ដីព្រៃលិចទឹកជូនរដ្ឋវិញ។
  7. ការដាំដើមឈើឡើងវិញ ផ្ដល់អាទិភាពលើការដាំដើមឫស្សី៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី
×