ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ជិះកង់ដឹកទុយោ ត្រូវរថយន្តបែនបើកបុ.កពីក្រោយពេញទំហឹង បណ្ដាលឲ្យស្លា.ប់មួយរំ.ពេចនៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ព្រឹកថ្ងៃទី៥ ខែធ្នូឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពជនរងគ្រោះឈ្មោះ ម៉ៅ ទីន អាយុ៦២ឆ្នាំ មុខរបរយាមឃ្លាំង ស្នាក់នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសវ័យចំណាស់ម្នាក់ ជិះកង់ដឹកទុយោ ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ត្រង់ចំណុចកើតហេតុ ស្របពេលក៏មានរថយន្តបែនមួយគ្រឿង ម៉ាក NISSAN ពណ៌ខៀវ ពាក់ផ្លាកលេខ ចង្កូតស្ដាំ PP-1288 បើកបរដោយបុរសម្នាក់ធ្វើដំណើរ ស្របគ្នាល្បឿនលឿនមកពីក្រោយ ជ្រុលទៅបុ.កជាមួយនឹងកង់ជិះ ដោយជនរងគ្រោះពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះស្លា.ប់ភ្លាមៗមួយរំ.ពេច នៅនឹងកន្លែងកើតហេតុ ចំណែកកង់គៀបជាប់ក្រោមរថយន្ត អូសប្រហែលជា៥០ ម៉ែត្រទើបឈប់ អ្នកបើកបរបើកទ្វាររថយន្ត ចុះរត់គេចត្រូវបានបងប្អូនប្រជាពលរដ្ឋ ឃើញហេតុការណ៍ចាប់បានប្រគល់ ឱ្យសមត្ថកិច្ចនាំយកទៅប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែង យករថយន្តនិងកង់ ព្រមទាំងអ្នកបើកបរយកទៅជំនាញការិយាល័យចរាចរណ៍ ដើម្បីកសាងសុំណុំរឿង ចាត់ការទៅតាមនីតិវិធី ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួងសាម





