ខេត្តត្បូងឃ្មុំ ៖ រាជរដ្ឋាភិបាលបានសម្រេចដាក់តំបន់បឹងកាដេរ ស្ថិតនៅភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាតំបន់ប្រើប្រាស់ច្រើនយ៉ាង ដើម្បីគ្រប់គ្រង និងប្រើប្រាស់ឲ្យមានភាពឆ្លាតវៃ។

សម្រេច ៖
មាត្រា១ – ត្រូវបានបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងកាដេរ ដែលមានផ្ទៃដីទំហំ ១ ៦៤៣ (មួយពាន់ប្រាំ មួយរយសែសិបបី) ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដូចមានផែនទី ភ្ជាប់ក្នុងឧបសម្ព័ន្ធ១ និងនិយាមកា(Datum: WGSI984) ភ្ជាប់ក្នុងឧបសម្ព័ន្ធ២ នៃអនុក្រឹត្យនេះ។
មាត្រា២ – ការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងកាដេរ មានគោលបំណងដូចតទៅ៖ – ធានាការថែរក្សានិងការពារសោភ័ណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ បរិស្ថាន និងវប្បធម៌ – ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព – រក្សាលំនឹងបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ – បង្កើនតួនាទីប្រព័ន្ធអេកូឡូស៊ី សម្រាប់ជាផលប្រយោជន៍ដល់សង្គមជាតិគ្រប់ជំនាន់ – បង្កើននិងធានាការប្រើប្រាស់តំបន់ដីសើម ប្រកបដោយភាពឈ្លាសវ – លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជន ក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ប្រើប្រាស់ ច្រើនយ៉ាងបឹងកាដេរ។

មាត្រា៣ – ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រង តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងកាដេរ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តត្បូងឃ្មុំ និងសហគមន៍មូលដ្ឋានពាក់ព័ន្ធ ដើម្បីធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព ស្របតាមបទប្បញ្ញត្តិ នៃច្បាប់ជាធរមាន។ ក្រសួងបរិស្ថានត្រូវគាំទ្របច្ចេកទេស ហិរញ្ញវត្ថុ និងកសាងសមត្ថភាពដល់ រដ្ឋបាលខេត្តត្បូងឃ្មុំ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដោយប្រើប្រាស់មូលនិធិបរិស្ថាន និងសង្គម។
មាត្រា៤ – រដ្ឋបាលខេត្តត្បូងឃ្មុំ ត្រូវបង្កើតក្រុមការងារអចិន្ត្រៃយ៍មួយរបស់ខ្លួន ដោយមានការចូលរួមពីអាជ្ញាធរ មូលដ្ឋាន និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ និងមានតួនាទីដឹកនាំ ថែរក្សា ការពារ និងប្រើប្រាស់ធនធានធម្មជាតិ នៃតំបន់បឹងកាដេរ ឱ្យមាននិរន្តរភាព។ រដ្ឋបាលខេត្តត្បូងឃ្មុំ ត្រូវរៀបចំគម្រោងថវិកា សម្រាប់ដំណើរការ របស់ក្រុមការងារ ក្នុងកញ្ចប់ថវិការបស់រដ្ឋបាលខេត្ត។
មាត្រា៥ – បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី











