Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្និសីទមហាសមុទ្រឥណ្ឌាលើកទី៥ ធ្វើឡើងក្រោមប្រធានបទវេទិកា “មហាសមុទ្រឥណ្ឌា៖ អេកូឡូស៊ី និងជំងឺរាតត្បាត”

spot_img

ភ្នំពេញ ៖ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងសុន្ទរកថាក្នុងសន្និសីទមហាសមុទ្រឥណ្ឌាលើកទី៥ នៅថ្ងៃទី០៤-០៥ ខែធ្នូ ឆ្នាំ២០២១ នៅទីក្រុងអាប៊ុយដាប៊ី ប្រទេសអារ៉ាប់រួម។

ឯកឧត្តម អ៊ុច បូររិទ្ធ បានថ្លែងថា ប្រធានបទវេទិកា “មហាសមុទ្រឥណ្ឌា៖ អេកូឡូស៊ី និងជំងឺរាតត្បាត” គឺជាប្រធានបទសមស្រប និងត្រឹម ត្រូវតាមកាលៈទេសៈនៅក្នុងប្រវត្តិសាស្ត្រ នៅពេលដែលភពផែនដីកំពុងប្រយុទ្ធតស៊ូទប់ទល់និងជំងឺ កូវីដ-១៩ និងសំណុំផលវិបាកដែលប៉ះពាល់ដល់សង្គម-សេដ្ឋកិច្ច ខ្ញុំសូមលើកឡើងនូវទស្សនៈមួយចំនួន ជូនអង្គប្រជុំដ៏មានសារៈសំខាន់នេះ សម្រាប់ជាការពិចារណា ដូចតទៅ៖

ដូចប្រទេសជាច្រើនដទៃទៀតនៅក្នុងពិភពលោក ប្រទេសកម្ពុជាបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារជំងឺរាតត្បាតបច្ចុប្បន្នកូវីដ-១៩ ទាំងក្នុងវិស័យសង្គម ទាំងក្នុងវិស័យសេដ្ឋកិច្ច។ ទោះបីជា យ៉ាងនេះក្តី រដ្ឋាភិបាលកម្ពុជា បានតស៊ូយ៉ាងស្វិតស្វាញ ម៉ឺងម៉ាត់ ក្នុងការការពារអាយុជីវិត និងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ដោយសម្រេចបានលទ្ធផលខ្ពស់ក្នុងការស្រោចស្រពការចាក់វ៉ាក់សាំង ក្នុងអត្រា ៨៨,៥៥% នៃចំនួនប្រជាជនចំនួន ១៦ លាននាក់ ដែលបានចាក់វ៉ាក់សាំងពេញលេញគិតត្រឹមថ្ងៃ ទី០៤ ខែធ្នូ ឆ្នាំ២០២១។ ខណៈពេលដែលកម្ពុជាកំពុងចាក់ដូសជំរុញជូនដល់ប្រជាជន កម្ពុជាបានបង្កើន សមត្ថភាពប្រព័ន្ធសុខាភិបាលរបស់ខ្លួនសម្រាប់ការត្រៀម និងឆ្លើយតប និងបានធ្វើឱ្យប្រសើរឡើងការ ផ្តល់សេវាសុខភាព ព្រមទាំងបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីបង្កើនការតាមដាន និងការឆ្លើយតបឱ្យបានសមស្រប។ កម្ពុជាក៏បានដាក់ចេញផងដែរនូវវិធានការសំខាន់ៗ និងសេវាកម្ម គាំទ្រដល់ស្ត្រីដែលងាយរងគ្រោះ ជាពិសេសនៅក្នុងអំឡុងពេលនៃការបិទខ្ទប់ យន្តការសម្រាប់ការការពារពីស្ថានភាពនៃអំពើហិង្សាយេនឌ័រ និងការបង្កើនជីវភាពស្ត្រី សុទ្ធសឹងជាផ្នែកនៃផែនការជាតិរបស់យើងខ្ញុំ។

ជំងឺរាតត្បាតនេះ បានបង្ហាញឱ្យឃើញច្បាស់ថា តើភាពងាយរងគ្រោះនៅក្នុងប្រព័ន្ធសុខាភិបាល អាចធ្វើឱ្យ មានផលប៉ះពាល់ធ្ងន់ធ្ងរយ៉ាងណាខ្លះ ដល់ការផ្តល់សេវាសុខភាពសំខាន់ៗ។ ការផ្លាស់ប្តូរនាពេលអនាគត ពីជំងឺរាតត្បាតជាសកល (Pandemic) ទៅជាជំងឺរាតត្បាតតាមតំបន់ (Endemic) អាចធ្វើទៅបាន តែទាមទារឱ្យមានការខិតខំប្រឹងប្រែងយូរអង្វែង ជាសមូហភាព ក្នុងកម្រិតថ្នាក់ជាតិ តំបន់ និងសកលលោក ដើម្បីធានាថា ពិភពលោកនឹងមានសុវត្ថិភាពសារជាថ្មីឡើងវិញ។ ក្នុងន័យនេះ ការទូតសុខភាពសកល អាចត្រូវបានយកមកអនុវត្ត និងប្រតិបត្តិសម្រាប់ពង្រឹងសន្តិសុខសុខភាព និងសាមគ្គីភាពសកល ជាឧទាហរណ៍ គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា កម្ពុជាបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សរុបប្រមាណ ៤០លានដូស ដែលក្នុងនោះ ១១.៧៣៦.០៦០ដូស ត្រូវបានផ្តល់ឱ្យដោយសប្បុរសធម៌ ដោយប្រទេស ចិន ជប៉ុន ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងអង្គការCOVAX ។ ម៉្យាងវិញទៀត នៅក្នុងស្មារតីសាមគ្គីភាព និងចូលរួមចំណែកក្នុងការស្តារនិងអភិវឌ្ឍន៍ជាសកលដែលជាកត្តាចាំបាច់ក្នុងការដោះស្រាយបញ្ហា វិសមធម៌ និងវិសមភាព កម្ពុជាបានចែករំលែកវ៉ាក់សាំង បរិក្ខារនិងសម្ភារៈពេទ្យ ដល់ប្រទេសជិតខាង ដែលមាន វៀតណាម មីយ៉ាន់ម៉ា ឡាវ ទីម័រឡេស្តេ និងនេប៉ាល់។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា យើងរស់នៅក្នុងពិភពលោកដែលកំពុងក្លាយជាពិភពលោកតែមួយ ដោយសារតែភាពអាស្រ័យគ្នាទៅវិញ ទៅមកទាំងសេដ្ឋកិច្ច និងអេកូឡូស៊ី។ ដោយសារអេកូឡូស៊ីមានសារៈសំខាន់សម្រាប់សុខុមាលភាព និង វិបុលភាពរបស់មនុស្សចំនួនប្រជាជនពិភពលោកដែលកើនឡើងកំពុងដាក់ប្រព័ន្ធ អេកូឡូស៊ីឱ្យនៅក្រោម សម្ពាធយ៉ាងខ្លាំង។ ការស្វែងរកកំណើនសេដ្ឋកិច្ចឥតឈប់ឈរ បន្តបង្ខំឱ្យធម្មជាតិបើកផ្លូវឱ្យកសិកម្មខ្នាតធំ ការជីកយករ៉ែ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងទីក្រុងដែលកំពុងរីកចម្រើន។ គ្មានការងឿងឆ្ងល់ទេ ដែលយើងត្រូវស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាពជាបន្ទាន់ ដើម្បីទប់ទល់នឹងបញ្ហាប្រឈមដែលយើង ទាំងអស់គ្នាកំពុងជួបប្រទះ។

ការលើកកម្ពស់ការអភិវឌ្ឍន៍បៃតង គឺជាសសរស្តម្ភគ្រឹះមួយដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រយៈពេលវែង ដែលនឹងបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច និងពង្រឹងភាពធន់នឹងអាកាសធាតុ។ ក្នុងន័យនេះ យើងត្រូវពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងក្នុងសកលលោក ដើម្បីជំរុញការអភិវឌ្ឍបៃតង ជាពិសេសការលើកទឹកចិត្តដល់វិស័យឯកជនក្នុងការបង្កើនការវិនិយោគបៃតង ការលើកកម្ពស់ប្រសិទ្ធភាព នៃការវិនិយោគលើគ្រប់វិស័យពាក់ព័ន្ធ និងការលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្ម និងការអនុម័ត បច្ចេកវិទ្យាបៃតង។

យើងគួរតែផ្តោតបន្ថែមទៀតលើការជំរុញសេដ្ឋកិច្ចពណ៌ខៀវតាមរយៈការគ្រប់គ្រង និងការប្រើប្រាស់ ធនធានមហាសមុទ្រប្រកបដោយចីរភាព។ ដូច្នេះ ចាំបាច់ត្រូវមានការពង្រឹងកិច្ចសហប្រតិបត្តិការ ជាសាកល/តំបន់ ដើម្បីទាញយកធនធានទាំងនេះ តាមរបៀបដែលមាននិរន្តរភាពជាង។ តំបន់មហា សមុទ្រឥណ្ឌា (IOR) គួរតែធានាការប្រើប្រាស់ប្រកបដោយចីរភាពនូវធនធានសមុទ្រ ដោយសម្រប សកម្មភាពរបស់ខ្លួនជាមួយនឹងលិខិតតូបករណ៍ស្នូលរបស់អង្គការសហប្រជាជាតិ ដូចជា ទសវត្សរ៍នៃវិទ្យាសាស្ត្រមហាសមុទ្រ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (២០២១-២០៣១) ក្របខណ្ឌជីវចម្រុះ ក្រោយឆ្នាំ២០២០ ទសវត្សរ៍ អ.ស.ប. នៃប្រត្យាស្ថាប័នប្រព័ន្ធអេកូឡូស៊ី (the UN Decade of Ecosystem Restorations) និងអនុសញ្ញាក្របខ័ណ្ឌ អ.ស.ប. ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)។

មហាសមុទ្រឥណ្ឌា គឺជាទីតាំងផ្លូវសមុទ្រសំខាន់ៗដែលតភ្ជាប់មជ្ឈិមបូព៌ា អាហ្វ្រិក និងអាស៊ីបូព៌ាជាមួយ អឺរ៉ុប និងអាមេរិក។ ផ្លូវសមុទ្រសំខាន់ៗអស់ទាំងនេះ បានសម្រួលដល់ការធ្វើពាណិជ្ជកម្មតាមសមុទ្រនៅក្នុង តំបន់មហាសមុទ្រឥណ្ឌា ផ្ទុកប្រេងលើសពីពាក់កណ្តាលនៃពិភពលោក និងជាម្ចាស់ផ្ទះកំពង់ផែចំនួន ២៣ ក្នុងចំណោមកំពង់ផែកុងតឺន័រកំពូលទាំង១០០ នៅក្នុងពិភពលោក។ ដោយវិបត្តិកូវីដ-១៩ ត្រូវបានគេរំពឹងថានឹងមានភាពធូស្រាលក្នុងពេលដ៏ខ្លីខាងមុខ ការលើកកម្ពស់ប្រក្រតីកម្មនៃលំហូរពាណិជ្ជកម្ម ធុរកិច្ច និងការវិនិយោគ ស្របតាមការផ្លាស់ប្ដូរពិភពលោក គឺជាកិច្ចការសំខាន់ និងបន្ទាន់សំដៅស្តារ និង លើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅក្នុងតំបន់មហាសមុទ្រឥណ្ឌា។

ពាណិជ្ជកម្មអន្តរជាតិ គឺជាក្បាលម៉ាស៊ីនសំខាន់មួយ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូន ប្រជាជន។ ជាមួយនឹងនិន្នាការនៃផ្លាស់ប្ដូរនៅក្នុងពាណិជ្ជកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល ខ្ញុំយល់ឃើញថា តំបន់មហាសមុទ្រឥណ្ឌា ត្រូវយកចិត្តទុកដាក់បន្ថែមទៀតចំពោះការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជាពិសេសការពង្រឹងបន្ថែមទៀតនូវសេរីភាវូបនីយកម្មពាណិជ្ជកម្ម។

លើសពីនេះ ការសម្របខ្លួនទៅនឹងភាពធម្មតាថ្មី នឹងជំរុញកាន់តែខ្លាំងដល់ការចាប់យកបច្ចេកវិទ្យាឌីជីថល សម្រាប់ការអភិវឌ្ឍឧស្សាហកម្ម និងការធ្វើឧស្សាហូបនីយកម្មសេដ្ឋកិច្ច។ អាស្រ័យហេតុនេះ យើងត្រូវតែ ធ្វើការរួមគ្នា ដើម្បីជំរុញបដិវត្តន៍ឧស្សាហកម្មទី ៤ ឱ្យដល់កម្រិតអតិបរមា ដើម្បីបង្កើតសសរស្តម្ភ កំណើនថ្មីមួយ ប្រកបដោយភាពធន់។

ជាទីបញ្ចប់ ឯកឧត្តម សូមបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ក្នុងការលើកកម្ពស់ទំនាក់ទំនង ទៅវិញទៅមករវាងបណ្តាប្រទេសមហាសមុទ្រឥណ្ឌា និងអាស៊ាន ជាពិសេសនៅពេលដែលកម្ពុជានឹង ទទួលតួនាទីដ៏សំខាន់ជាប្រធានអាស៊ានចាប់ពីខែមករា ឆ្នាំ២០២២ ដើម្បីយើងទាំងអស់គ្នាអាចកសាង ភាពសុខដុមរមនា សន្តិភាព ចីរភាព និងវិបុលភាពសម្រាប់តំបន់ទាំងមូល៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×