Thursday, June 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើទោះបីការងារកំណែទម្រង់រដ្ឋបាលសាធារណៈ មានភាពស្មុគស្មាញច្រើន ក្រសួងមុខងារសាធារណៈបានសម្រេចសមិទ្ធផលធំៗជាបន្តបន្ទាប់

ភ្នំពេញ ៖ “ការកែទម្រង់រដ្ឋបាលសាធារណៈ ជាការបន្តបេសកកម្មពីថ្នាក់ដឹកនាំជំនាន់មុន ហើយក្នុងរយៈពេល១ឆ្នាំ ១០ខែ ក្រសួងមុខងារសាធារណៈបានសម្រេចសមិទ្ធផលធំៗជាបន្តបន្ទាប់ បើទោះបីការងារកំណែទម្រង់ មានភាពស្មុគស្មាញច្រើនយ៉ាងណាក្តី។” ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ និងមន្ទីរមុខងារសាធារណៈប្រមាណ ៦០០នាក់។

ក្នុងពិធីបើកវិបស្សនាស្តីពី «ការអនុវត្តវិធានការគន្លឹះទាំង៣ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងការធ្វើជំរឿនមន្រ្តីរាជការ» នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងពីការបន្តបេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈពីថ្នាក់ដឹកនាំជំនាន់មុន ពោលគឺតាំងពីយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណ ដោយគ្រាន់តែសម្រួចមុំ។ ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានកំណត់យក «ការកែទម្រង់ និងអភិបាលកិច្ច» ជាស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ និងបានចាត់ទុក «កំណែទម្រង់រដ្ឋបាល សាធារណៈ គឺជាបេះដូងនៃការធ្វើកំណែទម្រង់ និងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល»។

ដើម្បីជំរុញការអនុវត្តការងារកែទម្រង់ឱ្យមានស័ក្តិសិទ្ធិភាព គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ(គ.វ.រ.) ត្រូវបានបង្កើតឡើង ដោយមាន សម្តេចមហាបវរធិបតី ជាប្រធាន និងមានក្រសួងមុខងារសាធារណៈជាអនុប្រធានប្រចាំការ និងជាលេខាធិការដ្ឋាន ក្នុងការដឹកនាំអនុវត្តនូវវិធានការគន្លឹះជាអាទិភាពចំនួន៣ រួមមាន៖ វិធានការគន្លឹះទី១ គឺការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្រ្តីចូលបម្រើការងារ ប្រកប ដោយ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ វិធានការគន្លឹះទី២ គឺការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ ប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។ និង វិធានការគន្លឹះទី៣ គឺការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា “រយៈពេល១ឆ្នាំ១០ខែ ក្នុងនាមជាសេនាធិការឱ្យ គ.វ.រ. ក្រសួងមុខងារសាធារណៈបានសម្រេចសមិទ្ធផលធំៗជាច្រើន”។ ក្នុងនោះ តាមរយៈវិធានការគន្លឹះទី១ ក្រសួងមុខងារសាធារណៈបានដឹកនាំការប្រឡងជ្រើសរើសមន្រ្តីរាជការសម្រាប់ក្រសួង-ស្ថាប័នចំនួន ៩ដង ស្មើនឹង ៤៤លើក ជ្រើសរើសបានមន្រ្តីចំនួន ៤,២០៣នាក់ ក្នុងចំណោមបេក្ខជនជិត ២៣ម៉ឺននាក់។ ការប្រឡងនេះ ទទួលបានការសាទរពីមជ្ឈដ្ឋានជាច្រើន ដោយយើងបានកែទម្រង់ការប្រឡង ដោយប្រើប្រាស់និយាមនីតិវិធីប្រតិបត្តិថ្មី ជាគោលការណ៍អនុវត្តដើម្បីសម្រេចគោលដៅសំខាន់៣៖ (១)ការប្រឡងត្រូវមានភាពយុត្តិធម៌ តម្លាភាព និងបរិយាបន្នក្នុងគ្រប់ដំណាក់កាលទាំងអស់ ស្របតាមប្រសាសន៍ សម្តេចធិបតី «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» (២)ជ្រើសរើសមន្រ្តីឱ្យចំនឹងតម្រូវការរបស់ក្រសួង-ស្ថាប័ន តាមអភិក្រម «រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ» និង(៣)ជួយសន្សំថវិកាជាតិ ដោយការជ្រើសរើស ត្រូវផ្អែកលើតម្រូវការជាក់ស្តែងពិតប្រាកដ។

រីឯការអនុវត្តវិធានការគន្លឹះទី២ ក្រសួងមុខងារសាធារណៈ បានចាប់ផ្តើមពីការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័នទាំង៣១ (អនុវត្តចាប់ពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤) ដោយឈរលើស្មារតីភាពជាម្ចាស់ បុរេសកម្ម សកម្ម និងការទទួលខុសត្រូវខ្ពស់តាមអភិក្រម «ពង្រឹងជាជាងពង្រីក» និង «រៀបចំផ្ទះរបស់ខ្លួនឱ្យរៀបរយ»។ ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ មិនមែនជាការវះកាត់ មុខងារ រចនាសម្ព័ន្ធ ឬមន្រ្តីនោះឡើយ តែជាការពិនិត្យមើលសុខភាពប្រព័ន្ធរដ្ឋបាលសាធារណៈកម្ពុជា ដើម្បីវិភាគ វាយតម្លៃ កែតម្រូវចំណុចខ្វះខាត សំដៅពង្រឹងសមត្ថភាពខ្លួនឯងឱ្យកាន់តែខ្លាំង និងកាន់តែឆ្លើយតបនឹងតម្រូវការសង្គម ជាមួយគ្នានេះ ក៏ជាការពិនិត្យមើលរួមគ្នានៃប្រព័ន្ធរដ្ឋបាលសាធារណៈទាំងមូល ដើម្បីពង្រឹងភាពប្រទាក់ប្រឡា មិនឱ្យស្ទួន មិនឱ្យចន្លោះប្រហោង និងអាចគាំទ្រ ជំរុញគ្នាទៅវិញទៅមក រវាងក្រសួង ស្ថាប័នរដ្ឋនីមួយៗ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ក្នុងគោលដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈ ឱ្យឆ្លើយតបនឹងការវិវត្តនៃសង្គមបច្ចុប្បន្ន និងពង្រឹងភាពធន់ ភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងឆាកអន្តរជាតិ។ ដើម្បីអនុវត្តការងារនេះឱ្យសម្រេចបានជោគជ័យ ក្រសួងមុខងារសាធារណៈ បានរៀបចំបទដ្ឋានគតិយុត្ត វេទិកាពិគ្រោះយោបល់អន្តរក្រសួង ស្ថាប័ន(ទ្វេភាគី ពហុភាគី) ទាំងកម្រិតបច្ចេកទេស និងកម្រិតនយោបាយបច្ចេកទេស ដើម្បីបង្កើនការយល់ដឹងពីគ្នា ការចូលរួម ឈានទៅពង្រឹង និងពន្លឿនកិច្ចសហការអន្តរវិស័យ ក្នុងនោះ ក្រសួងមុខងារសាធារណៈ ក៏បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយបើកទូលាយនៅតាមក្រសួង-ស្ថាប័ន នីមួយៗ អំពីគោលបំណង ភាពចាំបាច់និងផលប្រយោជន៍នៃការវិភាគមុខងារ ព្រមទាំងកិច្ចសហការដែលអាចគាំទ្រគ្នាទៅវិញទៅមក ដែលគិតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នេះ យើងបានរៀបចំនៅតាមក្រសួង-ស្ថាប័ន ទាំង២៩ រួចរាល់។


ទន្ទឹមនឹងនេះ ក្រសួងមុខងារសាធារណៈ ក៏បានដឹកនាំ សម្របសម្រួល កិច្ចពិភាក្សាអន្តរក្រសួងលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង-ស្ថាប័ន ចំនួន១០ និងកំពុងត្រៀមចុះធ្វើជំរឿនមន្ត្រីរាជការជាក់ស្តែងនៅតាមក្រសួង-ស្ថាប័ន និងក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលនៅថ្នាក់ក្រោមជាតិ ដើម្បីរៀបចំប្រព័ន្ធទិន្នន័យមន្រ្តីឱ្យមានភាពត្រឹមត្រូវ និងជាមូលដ្ឋានគ្រប់គ្រង ដោះស្រាយបញ្ហា លើសតែខ្វះ និងការពង្រាយមន្រ្តី។

ដើម្បីគាំទ្រដល់ការអនុវត្តការងារកំណែទម្រង់ សម្តេចមហាបវរធិបតី ក៏បានណែនាំចង្អុលបង្ហាញឱ្យក្រសួងមុខងារសាធារណៈ គិតគូរអំពីវិធានការលើកទឹកចិត្ត យកចិត្តទុកដាក់ដល់មន្រ្តីដែលបម្រើការងារនេះ ចៀសវាងការអនុវត្តការងារគ្មានការគាំទ្រ ឬគ្មានលទ្ធភាពគ្រប់គ្រាន់ តាមរយៈវិធានការគន្លឹះទី៣ គឺប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធកម្ម។ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់នេះ ក្រសួងមុខងារសាធារណៈ បានរៀបចំអនុក្រឹត្យស្ដីពីប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ដែលជាយន្តការថ្មីបន្ថែម សម្រាប់លើកទឹកចិត្តដល់ក្រសួង-ស្ថាប័ន និងមន្រ្តីដែលកំពុងអនុវត្តការងារកំណែទម្រង់ ឱ្យកាន់តែសកម្ម និងមានថវិកាគាំទ្រគ្រប់គ្រាន់ ដើម្បីឈានទៅសម្រេចឱ្យបាននូវសមិទ្ធផលជាក់ស្តែងនានា ឱ្យបានឆាប់រហ័ស។

ផ្អែកលើសមិទ្ធផលកន្លងមកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងសូមកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់កម្រិតថ្នាក់ ដែលបានខិតខំប្រឹងប្រែង អនុវត្តការងារយ៉ាងសកម្ម ស្វាហាប់ និងមោះមុត ប្រកបដោយទំនួលខុសត្រូវ។ ក្នុងនោះឯកឧត្តមបានកត់សម្គាល់ដែរថា “ទោះបីការងារកំណែទម្រង់ មានភាពស្មុគស្មាញច្រើន តែក្រសួងមុខងារសាធារណៈ ក៏បានសម្រេចបានលទ្ធផលជាច្រើនបន្តបន្ទាប់។ សម្តេចមហាបវរធិបតី ក៏បានលើកឡើងដែរថា «គ្មានការធ្វើកំណែទម្រង់ណាមួយដែលងាយស្រួលនោះទេ កំណែទម្រង់ដែលជោគជ័យផ្អែកលើកត្តាសំខាន់បួន៖ ១.ចក្ខុវិស័យច្បាស់លាស់ ២.ការបេ្តជ្ញាចិត្តខ្ពស់ ៣.ការចូលរួមដោយស្មោះត្រង់ និង៤.ការលះបង់»។”

គួរបញ្ជាក់ដែរថា វិបស្សនាស្តីពី «ការអនុវត្តវិធានការគន្លឹះទាំង៣ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងការធ្វើជំរឿនមន្រ្តីរាជការ» រយៈពេលមួយថ្ងៃពេញ រៀបចំឡើងក្នុងគោលបំណងដើម្បី (១)ផ្សព្វផ្សាយអំពីទស្សនវិស័យច្បាស់លាស់ និងសមិទ្ធផលការងារដែលសម្រេចបាន ក្នុងការអនុវត្តការងារកំណែទម្រង់ដែលសម្រេចបាន ជម្រាបជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ (២)ជាវេទិកាពិភាក្សាស្វែងរកធាតុចូលបន្ថែមលើ ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម ផលជះនានា វិធានការដំណោះស្រាយ និងសំណូមពរការងារផ្សេងៗ (៣)តម្រង់ទិសការងារឆ្ពោះទៅមុខ ដើម្បីមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ឈរលើស្មារតី មូលដ្ឋានដូចគ្នា អនុវត្តការងារកាន់តែស្រុះគ្នា និងស៊ីសង្វាក់គ្នា៕រក្សាសិទ្ធដោយ៖សុទ្ធលី

×