សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានប្រកាសកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ថា កម្ពុជាបានបញ្ជូនលិខិតផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីចាប់ផ្តើមដំណើរការ «យន្តការផ្សះផ្សារដោយចាប់បង្ខំ» (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីការពារដែនអធិបតេយ្យជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជា ដោយអនុលោមតាមច្បាប់អន្តរជាតិ។ រាជរដ្ឋាភិបាលកម្ពុជាបន្តបោះជំហានទៅមុខជានិច្ចក្រោមអភិក្រមនយោបាយការទូតសកម្ម ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងប្រជាជន ដែលជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦
រាជរដ្ឋាភិបាលកម្ពុជាបន្តបោះជំហានទៅមុខជានិច្ចក្រោមអភិក្រមនយោបាយការទូតសកម្ម ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងប្រជាជន ដែលជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ ជាក់ស្តែង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ថា កម្ពុជាបានបញ្ជូនលិខិតផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីចាប់ផ្តើមដំណើរការ «យន្តការផ្សះផ្សារដោយចាប់បង្ខំ» (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) ដើម្បីការពារដែនអធិបតេយ្យជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជា ដោយអនុលោមតាមច្បាប់អន្តរជាតិ។
សម្តេចធិបតីរម្លឹកថា ការប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំលើកដំបូងបង្អស់ត្រូវបានអនុវត្តដោយជោគជ័យក្នុងករណីវិវាទរវាងប្រទេសទីម័រខាងកើតនិងអូស្ត្រាលី តាមរយៈដំណើរការនៃយន្តការនេះប្រទេសទាំងពីរបានដោះស្រាយព្រំដែនសមុទ្រដោយសន្តិវិធី នៅឆ្នាំ២០១៨។ តាមរយៈការប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំនៅពេលនេះ គឺជាករណីទី២ ក្នុងប្រវត្តិសាស្រ្តរបស់ UNCLOS។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ដំណើរការនេះនឹងបង្ហាញជាថ្មីម្ដងទៀតនូវតម្លៃពិតប្រាកដនៃច្បាប់អន្តរជាតិ និងការដោះស្រាយជំលោះដោយសន្តិវិធី តាមរយៈការចរចារវាងប្រទេសទាំងពីរ ក្រោមការសម្របសម្រួលរបស់អ្នកជំនាញផ្សះផ្សារអន្តរជាតិ។ សម្តេចធិបតី បានបញ្ជាក់នៅព្រឹកនេះទៀតថា ទោះបីជាយន្តការនេះត្រូវការពេលវេលា ប៉ុន្តែ វាគឺជាជម្រើសល្អបំផុត ប្រសើរជាងការច្បាំងគ្នាដែលធ្វើឱ្យមនុស្សស្លាប់ ហើយទីបំផុតដោះស្រាយបញ្ហាមិនបាន និងត្រូវវិលទៅរកការចរចាដដែល។
ការបោះជំហានថ្មីដ៏សំខាន់របស់រាជរដ្ឋាភិបាលបានទទួលការគាំទ្រពីគ្រប់ស្ថាប័នកំពូលរបស់ជាតិ ព្រមទាំងក្រសួង ស្ថាប័ននានាដែលចំណុះឱ្យរាជរដ្ឋាភិបាល ជាពិសេសពីប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន។ ជាក់ស្តែង ភ្លាមៗក្រោយពីការប្រកាសជូនដំណឹងរបស់សម្តេចធិបតី ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងស្ថាប័នផ្សេងទៀត រួមទាំងក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីខេត្តទូទាំងប្រទេសបានចេញញ្ញត្តិគាំទ្រពេញទំហឹង ដោយក្នុងញ្ញត្តិទាំងនោះបានបង្ហាញភាពជឿជាក់ថា ការអនុវត្តយន្តការផ្សះផ្សារដោយចាប់បង្ខំនេះ គឺជាជំហានស្របច្បាប់ប្រកបដោយសុឆន្ទៈ និងការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការបន្តស្វែងរកដំណោះស្រាយដោយសន្តិវិធី និងយុត្តិធម៌ចំពោះមុខអន្តរជាតិ។
នៅរសៀលថ្ងៃដដែល ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក៏បានធ្វើបទបង្ហាញជូនប្រធាន និងតំណាងបេសកកម្មការទូត និងអង្គការអន្តរជាតិនានានៅរាជធានីភ្នំពេញ ស្តីពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយផ្តោតសំខាន់លើការចាប់ផ្តើមដំណើរការយន្តការផ្សះផ្សារដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) របស់កម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកពីការសោកស្តាយ និងការខកចិត្តយ៉ាងជ្រាលជ្រៅរបស់កម្ពុជា ចំពោះការសម្រេចចិត្តរបស់ប្រទេសថៃ ក្នុងការដកខ្លួនជាឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នាទាក់ទងនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នានៃខ្ពង់រាបបាតសមុទ្រ (MOU-2001)។ ប្រមុខការទូតកម្ពុជា បានគូសបញ្ជាក់ថា រយៈពេល២៥ឆ្នាំកន្លងមកនេះ MOU-2001 គឺជាក្របខណ្ឌទ្វេភាគីតែមួយគត់ ដែលភាគីទាំងពីរពឹងផ្អែកលើ ដើម្បីដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារបស់ខ្លួន។ ប៉ុន្តែ ដោយសារថៃបានដកខ្លួនចេញ កម្ពុជាបានពិចារណាដោយប្រុងប្រយ័ត្ននូវរាល់ជម្រើសប្រកបដោយសន្តិភាព និងស្របច្បាប់ ហើយកម្ពុជាយល់ឃើញថា គ្មានជម្រើសផ្សេងក្រៅពីផ្តើមដំណើរការផ្សះផ្សារដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នោះទេ។
នៅចំពោះមុខប្រធាននិងតំណាងបេសកកម្មការទូត និងអង្គការអន្តរជាតិដែលបានអញ្ជើញចូលរួមស្តាប់បទបង្ហាញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងក្តីសង្ឃឹមថា តាមរយៈការផ្តើមយន្តការផ្លូវច្បាប់ដោយសន្តិវិធីក្រោម UNCLOS នេះ កម្ពុជាអាចបង្ហាញពីតម្លៃនៃច្បាប់អន្តរជាតិ និងដំណោះស្រាយជម្លោះដោយសន្តិវិធី ក្នុងការការពារអធិបតេយ្យ ការពង្រឹងទំនុកចិត្ត ការបើកលទ្ធភាពប្រើប្រាស់ធនធាន ការគាំទ្រការអភិវឌ្ឍ និងការរួមចំណែកដល់សន្តិភាព និងស្ថិរភាព មិនត្រឹមតែសម្រាប់កម្ពុជានិងថៃប៉ុណ្ណោះទេ ប៉ុន្តែ ក៏សម្រាប់តំបន់ទាំងមូលដែរ។
ស្របពេលនៃការចាប់ផ្តើមដំណើរការ «យន្តការផ្សះផ្សារដោយចាប់បង្ខំ» ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) ដើម្បីការពារដែនអធិបតេយ្យជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជា សកម្មភាពការទូតសកម្មរបស់រាជរដ្ឋាភិបាលក៏នៅតែបន្តធ្វើចំពោះព្រំដែនគោក។ ជាក់ស្តែង នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ដដែល ក្រុមសម្របសម្រួល(CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយហ្វីលីពីន ចុះទៅច្រកអានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅទីតាំងផ្ទាល់ដែលបានរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រដើម្បីកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ ដែលបានរារាំងប្រជាពលរដ្ឋជាច្រើនមិនឱ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។
បេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន នៅទីតាំងដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយត្រូវបានយោធាថៃកាន់កាប់ដោយខុសច្បាប់ខាងលើនេះ គូសបញ្ជាក់ពីភាពចាំបាច់ ដែលគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ត្រូវចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានចែងនៅក្នុងចំណុចទី៣ នៃសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
ទាំងអស់នេះសបញ្ជាក់ឱ្យឃើញពីភាពសកម្មនៃនយោបាយការទូតរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា ក្នុងការការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ទាំងដែនគោក និងដែនសមុទ្រ ដោយមិនធ្វេសប្រហែស និងមិននៅស្ងៀមចំពោះមុខការរំលោភបំពានណាមួយមកលើដែនអធិបតេយ្យ និងមកលើប្រជាជនរបស់ខ្លួនឡើយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី



