ភ្នំពេញ៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានកំពុងខិតខំស្តារប្រឡាយនិងអណ្តូងលូនៅក្នុងមូលដ្ឋានរបស់ខ្លួនជាងកន្លះឆ្នាំមកហើយ «តាំងពីខែមករាមក»ដើម្បីត្រៀមនាំទឹកចេញពីភូមិដ្ឋានប្រជាពលរដ្ឋ ក្នុងរដូវវស្សានេះ។ ការងារនេះក្រោមការយកចិត្តទុកដាក់ និងណែនាំ ព្រមទាំង ការ ឧបត្ថម្ភ គាំទ្រ ពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀងបញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សា។
នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញបានឱ្យដឹងនារសៀលថ្ងៃទី៣ ខែមិថុនានេះ។
លោកស្រីបានបន្តថា៖ តាំងពីរដូវប្រាំងមកដល់ពេលនេះ ក្រោម ការ ជួយ ឧបត្ថម្ភ គាំទ្រ ពី ឯកឧត្តម អភិបាល រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានស្តារប្រឡាយ និងអណ្តូងលូជាច្រើនកន្លែងនៅក្នុងភូមិសាស្ត្ររបស់ខ្លួន ក្នុងនោះរួមមាន៖ បានស្តារប្រឡាយទួលពង្រ ជាប់ព្រំទល់ខណ្ឌដង្កោ បានប្រវែង ៧៥២ម៉ែត្រ ,ស្ដារប្រឡាយអមផ្លូវជាតិលេខ៣ បានប្រវែង ៤៦០ម៉ែត្រ ,ស្ដារប្រឡាយមេ ស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ចោមចៅទី១ ប្រវែង៦១៧ ម៉ែត្រ ,ស្តាប្រទ្បាយទួលពង្រទី១ បានប្រវែង១៥០០ម៉ែត្រ ,ស្តាប្រទ្បាយនៅភូមិត្រពាំងជ្រៃ ភូមិព្រៃសាលា ភូមិចំការឪទ្បឹក២ សង្កាត់កាកាបទី២ បានប្រវែង ១០៧០ម៉ែត្រ។
លោកស្រី ដោ សម្ផស្ស បញ្ជាក់ទៀតថា៖ ជាមួយគ្នានេះក្រុមការងារក៏បានស្តារនិងជួសជុលអណ្តូងលូ នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ បានចំនួន១៩៦អណ្តូងលូ ស្តារអណ្តូងលូតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី បានចំនួន២២៧អណ្តូង ស្តារអណ្តូងលូនៅភូមិត្រពាំងអញ្ចាញ និងភូមិសាមគ្គី ១,២,៣ សង្កាត់ត្រពាំងក្រសាំងចំនួន២២អណ្តូងលូ ស្តារអណ្តូងលូរតាម បណ្តោយផ្លូវវេងស្រេងបានចំនួន១៦៤អណ្តូង ស្តារអណ្តូងលូ នៅភូមិតំណាក់ត្រយឹង បុរីសន្តិភាព២ សង្កាត់ចោមចៅទី២ បានចំនួន១៨៥អណ្តូង ស្តារអណ្តូងលូនៅភូមិចោមចៅ២ ភូមិចោមចៅ៣ បុរីសទ្បា បានចំនួន ៦៤អណ្តូង ស្តារអណ្តូងលូនៅភូមិ ថ្មគោល១,២ ,៣ បានចំនួន៥៧អណ្តូង ស្តាអណ្តូងលូនៅភូមិក្បាលដំរី២ ភូមិចំការឪទ្បឹក២ បានចំនួន៣២អណ្តូង ស្តាអណ្តូងលូនៅផ្លូវលេខ២០១១ បានចំនួន ៤០ អណ្តូង ស្តារអណ្តូងលូនៅផ្លូវលេខ៧៦k បានចំនួន៤៩អណ្តូង ស្តារអណ្តូងលូនៅផ្លូវលេខ៨៣បានចំនួន៣៥អណ្តូង ស្តារអណ្តូងលូនៅផ្លូវលេខ១០៥k បានចំនួន៣៥អណ្តូង ស្តារអណ្តូងលូនៅផ្លូវលេខ២០០៥,២០០៧,២០០៩ បានចំនួន ៣០អណ្តូង ស្តារអណ្តូងលូនៅមហាវិថីសម្តេចចៅហ្វាវាំងគង់សំអុល (២០០៤) បានចំនួន ៤៨ អណ្តូង ,ស្តារអណ្តូងលូនៅផ្លូវលេខ១៣៧kបាន ចំនួន ៣អណ្តូង។
ចំណែកលោក សក់ ចន្ទកញ្ញារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យបានឱ្យដឹងថា៖ កន្លងមករដ្ឋបាលខណ្ឌពោធិសែនជ័យ សហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានខិតខំស្តារប្រឡាយទាំអស់ខាងលើនេះជាងកន្លះឆ្នាំមកហើយ ដើម្បីត្រៀមនាំទឹកចេញពីភូមិដ្ឋានប្រជាពលរដ្ឋ នៅពេលរដូវវស្សាមកដល់។
ក្នុង នាម អាជ្ញាធរ មូលដ្ឋាន លោកស្រី អ្នកនាំពាក្យ សូមអំពាវនាវឱ្យបងប្អូនប្រជាពលររដ្ឋនៅជាប់ប្រឡាយ និងផ្លូវនានាចូលរួមថែរក្សាប្រឡាយដែលបានស្តាររួច ដោយទុកដាក់សំរាមវេចខ្ចប់ឱ្យបានត្រឹមត្រូវ ដើម្បីអនាម័យបរិស្ថាន និងបញ្ចៀសកាលិចលង់ និងសោភណ្ឌភាពរាជធានីភ្នំពេញយើង៕ រក្សាសិទ្ធដោយ៖សុទ្ធលី



















