Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រហែលចុងឆ្នាំ២០២២ ពលរដ្ឋកម្ពុជានឹងបានប្រើវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ផលិតនៅក្នុងទឹកដីរបស់ខ្លួន

ភ្នំពេញ ៖ បន្ទាប់ពីមានសំណូមពររបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាទៅកាន់មិត្តចិន អំពីការសាងសង់រោងចក្រផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជានោះ ពេលនេះ មិត្តចិន បានឆ្លើយតបថា ក្រុមហ៊ុនស៊ីណូហ្វាមចិន កំពុងតែទំនាក់ទំនងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីរិះរកកន្លែង និងមធ្យោបាយសាងសង់រោងចក្រផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ នោះហើយ, ហើយប្រហែលឆ្នាំក្រោយ ប្រជាជនកម្ពុជា នឹងអាចប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលផលិតនៅក្នុងស្រុកខ្មែរបាន។

ការឆ្លើយតបបែបនេះ ធ្វើឡើងដោយលោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងនៃព្រៃវែង ជាង៩៦គីឡូម៉ែត្រ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១។

សូមរំលឹកថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងសន្និសីទកាសែតអំឡុងទទួលជំនួយវ៉ាក់សាំងចិន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើតាមរយៈ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ទៅកាន់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន និងនាយករដ្ឋមន្រ្តីចិន លោក លី កឺឈាំង សុំឱ្យមានការសាងសង់រោងចក្រសម្រាប់ផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ចិន នៅក្នុងប្រទេសកម្ពុជា, ដោយសម្ដេចលើកឡើងថា «ធ្វើដូច្នេះ កម្ពុជាមានលទ្ធភាពទិញវ៉ាក់សាំងដែលផលិតនៅក្នុងប្រទេសរបស់ខ្លួន ដើម្បីចាក់ឱ្យពលរដ្ឋខ្លួនឯងផង ហើយកម្ពុជាក៏មានលទ្ធភាពដើម្បីចែកចាយវ៉ាក់សាំងនេះទៅកាន់ប្រទេសដទៃ តាមរយៈនៃការបញ្ជាទិញរបស់ប្រទេសដទៃផងដែរ។

គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងហាងចូវ ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៣ ដល់ ៥ ខែធ្នូ ឆ្នាំ២០២១ និងក្នុងឱកាសប្រមុខការទូតកម្ពុជា-ចិន ជួបពិភាក្សាទ្វេភាគី លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងកាបរទេសចិន ក៏បានប្រកាសគាំទ្រឱ្យមានការបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ របស់ចិននៅក្នុងប្រទេសកម្ពុជាផងដែរ។ ពោលគឺ លោក វ៉ាង យី បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា រដ្ឋាភិបាលចិននៅតែបន្តផ្តល់ជំនួយដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងគាំទ្រឱ្យបង្កើតរោងចក្រផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅក្នុងកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×