ភ្នំពេញ ៖ ក្រុមហ៊ុនរបស់ឧកញ៉ាល្បីឈ្មោះម្នាក់ បានរងការចោទប្រកាន់ពីប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅភូមិកោះក្របី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលមានមុខរបរដាំស្ពៃថា ក្រុមហ៊ុនរបស់ឧកញ៉ាម្នាក់នោះ បានធ្វើផ្លូវចាក់ដី និងធ្វើផ្លូវបិទផ្ជិតប្រឡាយបង្ហូរទឹក ដែលធ្វើឲ្យដំណាំស្ពៃរបស់ពួកគាត់ ត្រូវបានរងការលិចទឹក និងរងការខូចខាត។ ចំណែកមន្ត្រីមួយចំនួន នៅក្រុងកំពង់ឆ្នាំង ក៏មិនហ៊ាននិយាយពីឈ្មោះក្រុមហ៊ុននោះដែរ។

ប្រជាពលរដ្ឋរស់នៅភូមិកោះក្របី បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំពួកគាត់បានដាំស្ពៃ នៅលើទីតាំងនេះដើម្បីចិញ្ចឹមជីវិត ហើយឆ្នាំនេះពួកគាត់បានជួលដីគេមកដាំស្ពៃ ដូចសព្វដង ប៉ុន្តែកាលពីយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញនេះ បន្ទាប់ពីមានក្រុមហ៊ុន បានចាក់ដីធ្វើផ្លូវបិទប្រឡាយទឹកហូរចេញ បណ្តាលឲ្យជន់លិចស្ពៃរបស់ពួកគាត់ ខូចខាតតែម្តង ក្នុងរយៈពេលមួយយប់ប៉ុណ្ណោះ ស្ពៃរបស់ពួកគាត់ត្រូវបានលិចលង់អស់ជាច្រើនរង ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋបានសំណូមពរ ដល់អាជ្ញាធរ ខេត្ត ក្រុង ជួយអន្តរាគមន៍ឲ្យក្រុមហ៊ុនខាងលើ ជួយដាក់ប្រព័ន្ធលូរំដោះទឹកចេញ ដើម្បីឲ្យពួកគាត់អាចបានដាំស្ពៃ បានដូចសព្វដងផង។

ចំណែកលោក ហ៊ីង ភ័ព្វមីនា អភិបាលរងក្រុងកំពង់ឆ្នាំង បានមានប្រសាសន៍បញ្ជាក់ប្រាប់សារព័ត៌មាន CEN នៅព្រលប់ថ្ងៃទី៦ ខែធ្នូនេះថា “យើងបានដាក់លូដាក់អីហើយៗ ដើម្បីរំដោះទឹក យើងបានចាត់វិធានការហើយ។ ចំពោះឈ្មោះក្រុមហ៊ុនខ្ញុំអត់ចាំទេ ក៏ប៉ុន្តែមិនក្រុមហ៊ុនរបស់ឧកញ៉ាធំនឹងទេ។ យើងបានដាក់លូដោះស្រាយ ជូនប្រជាពលរដ្ឋរួចហើយ”។
បើតាមសេចក្តីរាយការណ៍ ពីមន្ត្រីមួយចំនួននៅខេត្តកំពង់ឆ្នាំង បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនបានធ្វើផ្លូវចាក់ដី និងធ្វើផ្លូវបិទផ្ជិតប្រឡាយបង្ហូរទឹក ដែលធ្វើឲ្យដំណាំស្ពៃរបស់ប្រជាពលរដ្ឋនោះ គឺមានឥទ្ធិពលសម្បើមណាស់ មិនមានអ្នកណាប៉ះពាល់បានឡើយ៕
រក្សាសិទ្ធិដោយ ៖ ចេស្តារ



