ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ឡើងស្ពានច្បារអំពៅ ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុ.ករ៉ឺម៉កដឹកតៅហ៊ូ ពីក្រោយបណ្តាលឲ្យក្រឡាប់រ៉ឺម៉កចាក់តៅហ៊ូចោលពេញផ្លូវ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៤ និង ៣០នាទីទៀបភ្លឺ ថ្ងៃទី ៧ ខែធ្នូឆ្នាំ២០២១ ស្ថិតនៅចំណុចលើស្ពានច្បារអំពៅ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់ បើកម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ1CB-4253 ដឹកតៅហ៊ូ ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីលិចមកកើត ជិះឡើងស្ពានច្បាអំពោ ខណៈឡើងដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តបង្កស៊េរីទំនើប ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BI-8219 ធ្វើដំណើរស្របទិសមកបុកពីក្រោយរ៉ឺម៉ក បណ្តាលឲ្យក្រឡាប់ផ្ងារជើង ចំណែករថយន្តបង្ករងការខូចខាតតិតួច។
ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចឲ្យភាគីទាំងពីរ សម្របសម្រួលគ្នា ដោយភាគីខាងរថយន្តបង្ក ព្រមសងជាសំណងទៅលើរ៉ឺម៉កទាំងអស់ បញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សា មេត








