រុស្ស៊ីបានលើកឡើងកាលពីថ្ងៃចន្ទថា ខ្លួនបាននឹងកំពុងពង្រឹងមូលដ្ឋានកងទ័ពយោធានៅក្នុងប្រទេសតាជីគីស្ថានជាមួយនិងរថក្រោះចំនួន៣០គ្រឿង ហើយថាកងកម្លាំងរបស់ខ្លួននៅទីតាំងនោះបានធ្វើសមយុទ្ធជាមួយប្រព័ន្ធការពារកាំជ្រួចផងដែរ ខណៈសកម្មភាពនេះ បានបញ្ជាក់ពីការព្រួយបារម្ភរបស់ក្រុងម៉ូស្គូចំពោះភាពចលាចលនៅអាហ្វហ្គានីស្ថាន។
ជាក់ស្តែង លទ្ធភាពនៃពួកសកម្មប្រយុទ្ធឥស្លាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កំពុងជ្រៀតចូលប្រទេសតាជីគីស្ថាន និងអតីតសាធារណរដ្ឋសូវៀតផ្សេងទៀតនៅអាស៊ីកណ្តាលទៅហើយ ដែលនេះជាការព្រួយបារម្ភមួយសំខាន់សម្រាប់ទីក្រុងម៉ូស្គូ ដែលចាត់ទុកតំបន់នេះថា ជាតំបន់ការពារនៅភាគខាងត្បូងរបស់ខ្លួន។
ក្នុងនោះ ទីភ្នាក់ងារព័ត៌មាន Interfax បានដកស្រង់សំដីក្រសួងការពារជាតិរុស្ស៊ីថា កងកម្លាំងរុស្ស៊ីកាលពីថ្ងៃចន្ទបានអនុវត្តការវាយលុកតាមអាកាសរបស់សត្រូវទៅលើមូលដ្ឋានយោធាដោយប្រើប្រព័ន្ធ S-300PS របស់ខ្លួន។ ហើយក្រសួងការពាររុស្ស៊ីបានបញ្ជាក់ទៀតថា មូលដ្ឋានយោធានៅអតីតសូវៀត តាជីគីស្ថាន ដែលជាប្រទេសធំបំផុតរបស់រុស្ស៊ីនៅផ្នែកខាងក្រៅព្រំដែនរបស់ខ្លួន បានបើកការបាញ់មីស៊ីលចំនួន ១០ គ្រាប់ប្រឆាំងនឹងគោលដៅពីលើអាកាស ដែលជាផ្នែកមួយនៃសមយុទ្ធរបស់ខ្លួន។
សម្រង់សម្តីបន្តទៀតថា «រថក្រោះប្រភេទ T-72B3M ចំនួន ៣០ គ្រឿងដែលបានធ្វើឱ្យបង្កើនលក្ខណៈប្រយុទ្ធកាន់តែប្រសើរឡើង នឹងបញ្ចូនមកដល់មូលដ្ឋានយោធារុស្ស៊ីដើម្បីធ្វើការជួសជុល ដែលឈរជើងនៅប្រទេសតាជីគីស្ថាននាថ្ងៃទី 6 ខែធ្នូ»។ ក្នុងនោះ រុស្ស៊ីបានធ្វើសមយុទ្ធយោធាជាលក្ខណៈទ្រង់ទ្រាយធំជាមួយសម្ព័ន្ធមិត្តនៅជិតព្រំដែនតាជីក-អាហ្វហ្គានីស្ថាន កាលពីខែតុលា បន្ទាប់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានដកទ័ពចេញពីអាហ្វហ្គានីស្ថាន ហើយពួកតាលីបង់បានដណ្តើមអំណាច៕ ប្រភព៖ រ៉យទ័រ