ភ្នំភ្លើង Semeru ជាភ្នំភ្លើងមួយស្ថិតនៅលើកោះ Java ដែលមានប្រជាជនច្រើនជាងគេបំផុត របស់ប្រទេសឥណ្ឌូណេស៊ី បានផ្ទុះឡើងភ្លាមៗកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ដោយបានបញ្ចេញផេះដ៏មហិមាដែលមានរយៈកម្ពស់ជាង ១២ គីឡូម៉ែត្រទៅលើមេឃ ហើយបញ្ជូនឧស្ម័ន និងកម្អែភ្នំភ្លើង ហូរចុះតាមជម្រាលរបស់វា។
បន្ទាប់ពីផ្ទុះភ្នំភ្លើងនេះបានផ្ទុះឡើង តាមរយៈវីដេអូបានបង្ហាញឲ្យឃើញអ្នកស្រុកបានប្រញាប់ប្រញាល់រត់ចេញពីផ្ទះរបស់ពួកគេ ខណៈដែលភូមិជាច្រើននៅក្នុង Lumajang ត្រូវបានគ្របដណ្តប់ដោយផេះ។ ជាងនេះទៅទៀត ផ្ទះ និងរថយន្តត្រូវបានលិចលង់ដោយទឹកជំនន់ផងដែរ។
តាមរយៈរបាយការណ៍របស់ Al-Jazeera នៃខេត្ត Java ភាគខាងកើតនៃប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា ការដោះស្រាយស្ថានការណ៍ គឺប្រឈមនឹងផលវិបាកខ្លាំង ចំពោះការផ្ទុះភ្នំភ្លើងនេះ។ បច្ចុប្បន្នចំនួនអ្នកស្លាប់កើនដល់១៣នាក់ហើយនិងយ៉ាងហោចណាស់ក៏មានមនុស្ស៩៨នាក់ផ្សេងទៀតបានរងរបួសក្នុងនោះមានស្ត្រីមានផ្ទៃពោះ២នាក់ផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ លោក Abdul Muhari អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូនេស៊ី (BNPB) បាននិយាយថា មនុស្ស ២ នាក់ក្នុងចំណោមមនុស្ស ១៣ នាក់ ដែលត្រូវបានសម្លាប់ដោយការផ្ទុះនេះ ត្រូវបានកំណត់អត្តសញ្ញាណ។ លើសពីនេះ មនុស្ស ៩០២ នាក់ ត្រូវបានជម្លៀសចេញពីភូមិជុំវិញ Semeru។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក៏បានរាយការណ៍ផងដែរថា កម្មករការដ្ឋានបូមខ្សាច់ចំនួន 10 នាក់ដែលជាប់គាំងដោយសារការផ្ទុះនោះ ត្រូវបានជួយសង្គ្រោះដោយជោគជ័យពីភូមិនានានៅក្នុងស្រុក Lumajang។
យោងតាមមជ្ឈមណ្ឌលស្ទង់ភូមិសាស្ត្ររបស់ប្រទេសឥណ្ឌូនេស៊ី នោះការផ្ទុះភ្លាមៗនៃភ្នំភ្លើងនេះ គឺអាចបណ្តាលមកពីព្យុះផ្គររន្ទះ និងភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ។ លោក Eko Budi Lelono ប្រធានមជ្ឈមណ្ឌលបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ហើយទីបំផុតក៏បានដួលរលំលំហភ្នំភ្លើងកម្ពស់ ៣,៦៧៦ ម៉ែត្រ តែម្តង។ លោកបានអះអាងបន្ថែមទៀតថា លំហូរនៃឧស្ម័ន និងកម្អែ បាន «ធ្វើដំណើរ» រហូតដល់ទៅចម្ងាយ ៨០០ ម៉ែត្រទៅកាន់ទន្លេក្បែរនោះ ដែលយ៉ាងហោចណាស់២ដងកាលពីថ្ងៃថ្ងៃសៅរ៍។
អាជ្ញាធរបានណែនាំប្រជាជនឱ្យនៅចម្ងាយយ៉ាងតិច៥គីឡូម៉ែត្រពីមាត់រណ្ដៅភ្នំភ្លើង ដើម្បីសុវត្ថិភាពរបស់ពួកគេ។ គំនិត និងការអធិស្ឋានរបស់យើងនៅពេលនោះ គឺទៅកាន់ជនរងគ្រោះនៃការផ្ទុះ Semeru ហើយសង្ឃឹមថាអ្វីៗទាំងអស់ដែលកំពុងរស់នៅជុំវិញ Semeru នឹងមានសុវត្ថិភាព៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


















