ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា អមជាមួយ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូចូលរួមវេទិកាវប្បធម៌សុខដុមនីយកម្មពិភពលោក ឆ្នាំ២០២៥ HeHe Culture Forum នៅខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥។
ការថ្លែងសុន្ទរកថាពិសេស នៅក្នុងកម្មវិធីបើកនៃវេទិកាវប្បធម៌សុខដុមនីយកម្មពិភពលោក HeHe Culture Forum 2025 ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានបង្ហាញអំពីគុណតម្លៃនៃវប្បធម៌ និងអរិយធម៌ខ្មែរ ដែលចាក់គ្រឹះយ៉ាងរឹងមាំនៅក្នុងសង្គមជាតិកម្ពុជានាពេលបច្ចុប្បន្ន។ ឯកឧត្តម ក៏បានលើកឡើងពីទំនាក់ទំនងជាប្រវត្តិសាស្ត្រនៃអរិយធម៌ខ្មែរ និងអរិយធម៌ចិន ដែលមានចាប់តាំងពី២០០០ឆ្នាំមុន តាមឯកសាររបស់បេសកជន Kang Tai និង Zhu Ying មកកាន់ហ្វូណន នៅសតវត្សរ៍ទី៣ ក៏ដូចជាការធ្វើដំណើរមកដល់អង្គរ នៅឆ្នាំ១២៩៦ របស់លោក ជីវ តាក្វាន់។
នៅក្នុងយុគសម័យថ្មី ទំនាក់ទំនងកម្ពុជា-ចិន ក៏ត្រូវបានពង្រឹងយ៉ាងរឹងមាំ និងស៊ីជម្រៅ ក្រោមស្នាដៃថ្នាក់ដឹកនាំប្រទេសទាំងពីរ គិតចាប់តាំងពីលោកប្រធាន Mao Zedong រហូតដល់ប្រធានាធិបតី Xi Jingping និងព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ រហូតដល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ ទំនាក់ទំនងទាំងនោះ ស្តែងចេញតាមរយៈការផ្លាស់ប្តូរថ្នាក់ដឹកនាំជាន់ខ្ពស់ ប្រជាជននិងប្រជាជន ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងការទូត។
ឯកឧត្តមបណ្ឌិត មានសុទិដ្ឋិនិយមថា រាល់ជម្លោះ និងភាពខុសគ្នា ត្រូវបានដោះស្រាយតាមការសន្ទនា ការគោរពច្បាប់ ការយោគយល់គ្នា ជាក់ស្តែងការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ កាលពីថ្ងៃទី ២៦ ខែតុលា កន្លងមក។ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណប្រទេសចិន ដែលតែងឈរជាមួយកម្ពុជា ជាមិត្តដែកថែប ជាដៃគូដែលគួរឱ្យទុកចិត្ត និងជាអ្នកសម្របសម្រួលអន្តរជាតិ។ ក្នុងនាមជាមហាអំណាចដែលមានគោលនយោបាយការបរទេសប្រកបដោយស្ថិរភាព ប្រទេសចិននឹងបន្តដើរតួនាទីនាំមុខគេក្នុងការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នា លើកកម្ពស់ការរួមរស់ដោយសន្តិភាព វិបុលភាពរួម និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត បានអំពាវនាវឱ្យមានស្មារតីនៃវប្បធម៌ សុខដុមនីយកម្ម និងធ្វើការរួមគ្នាឆ្ពោះទៅកាន់អនាគតដែលកំណត់ដោយការយោគយល់គ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិសហវិជ្ជមាន និងវិបុលភាពរួម។ ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា “ភាពសុខដុមរមនាក្នុងភាពចម្រុះធ្វើឱ្យយើងរឹងមាំ”៕ រក្សាសិទ្ធដោយ៖សុទ្ធលី









