Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈ្វេងយល់អំពីការវិវឌ្ឍន៍ បញ្ហាប្រឈម និងចក្ខុវិស័យទៅមុខ របស់ក្រសួងអប់រំ យុវជន និងកីឡា

រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីបានចូលរួមប្រជុំជាមួយគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា ដើម្បីធ្វើបទបង្ហាញអំពីការវិវឌ្ឍន៍ បញ្ហាប្រឈម និងចក្ខុវិស័យទៅមុខរបស់ក្រសួងអប់រំ យុវជន និងកីឡា ទៅលើកម្មវិធីកំណែទម្រង់អប់រំ ឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថល និងការអប់រំសតវត្សទី២១។ ពិធីនេះធ្វើឡើងនៅថ្ងៃទី ០៧ ធ្នូ ២០២១ នាវិមានព្រឹទ្ធសភា។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការសាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ ព្រមទាំង ឯកឧត្ដម លោកជំទាវ សមាជិក គណៈកម្មការ ជាច្រើនរូបទៀត។

ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានធ្វើបទបង្ហាញស្ដីពីកំណែទម្រង់វិស័យអប់រំ ដែលបាន ប្រែក្លាយវិបត្តិកូវីដឲ្យក្លាយជាឱកាស សម្រាប់ ការ អប់រំ ឌីជីថលការគ្រប់គ្រងការងារអប់រំក្នុងដំណាក់កាលកូវីដ-១៩ អស់រយៈពេល២ឆ្នាំកន្លងមក ដោយផ្តោតលើអាទិភាព២គឺ ការថែរក្សាសុខភាពនិងសុវត្ថិភាពរបស់បុគ្គលិកអប់រំនិងសិស្សានុសិស្ស និស្សិត និងការបន្តការរៀនសូត្ររបស់សិស្សានុសិស្ស។ ក្នុងពេលនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានរៀបរាប់ អំពីកំណែទម្រង់ដោយផ្តោតលើការអប់រំឌីជីថល កំណែទម្រង់សាលារៀន កំណែទម្រង់ស្ថាប័ននិងសមត្ថភាព និងកំណែទម្រង់ឧត្តមសិក្សា។

ជាកិច្ចឆ្លើយតប ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ បានវាយតម្លៃខ្ពស់ និងកោតសរសើរ ការខិតខំប្រឹងប្រែងរបស់ ឯកឧត្ដម បណ្ឌិត សភាចារ្យ រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ និងបុគ្គលិកគ្រប់ លំដាប់ថ្នាក់ដែលបានចូលរួមអភិវឌ្ឍវិស័យ អប់រំ យុវជន និង កីឡា និងការកសាងធនធាន មនុស្សប្រកប ដោយស្មារតីទទួលខុសត្រូវ និងភារកិច្ចរៀងៗខ្លួន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×