Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តរតនគិរី រងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារគ្រាប់បែកចង្កោម , ចក្រភពអង់គ្លេស នឹងបន្តចូលរួមជួយបោសសម្អាតមីន ឲ្យអស់ពីទឹកដីកម្ពុជា

ខេត្តរតនគិរី ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន រួមជាមួយ លោកជំទាវ Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ឯកឧត្តម ញែម សំអឿន អភិបាលខេត្តរតនគីរី និងឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន បានអញ្ជើញចុះបំពេញទស្សនសិក្សាស្វែងយល់ពីការអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ការងារស្រាវជ្រាវមិនច្ចេកទេស និងកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់បែកចង្កោមរបស់អង្គការ MAG ប្រចាំខេត្តរតនគិរី នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណដល់ អង្គការ MAG ប្រចាំខេត្តរតនគិរី ដែលបានទទួលស្វាគមន៍ ព្រមទាំងបានរៀបចំឲ្យមានការធ្វើបទបង្ហាញ អំពីលទ្ធផលសម្រេចបាន ការអប់រំយល់ដឹងអំពីគ្រាប់មិនទាន់ផ្ទុះ នៅតាមសហគមន៍ជនជាតិភាគតិច ការស្រាវជ្រាវចម្ការគ្រាប់ចង្កោម និងកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់បែកចង្កោម។

ទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស ដែលបាននិងកំពុងចូលរួមជួយ ដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ដើម្បីផ្តល់ដីមានសុវត្ថិភាព ជួយសង្រ្គោះជីវិតមនុស្ស និងបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ហើយបេសកកម្មរបស់លោកជំទាវឯកអគ្គរាជទូតនាថ្ងៃនេះ គឺដើម្បីសិក្សាស្វែងយល់បន្ថែមអំពីវឌ្ឍនភាព ការងាររបស់អង្គការ MAG លើទឹកដីខេត្តរតនគិរី ដែលជាខេត្តរងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារគ្រាប់បែកចង្កោម។

ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត និងអង្គការសប្បុរសធម៌នានា ក៏ដូចចក្រភពអង់គ្លេស ក្នុងគោលដៅពន្លឿនឲ្យកម្ពុជា រួចចាកផុតទុក្ខពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឲ្យបានឆាប់ ក៏ដូចជាកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះឲ្យនៅកម្រិតអប្បបរមា និងឈានទៅលប់បំបាត់ឲ្យអស់គ្រាប់មីនពីទឹកដីកម្ពុជា នៅឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោកជំទាវ Tina Redshaw បានលើកឡើងថា ចក្រភពអង់គ្លេស បានផ្តល់ជំនួយជួយដល់អង្គការ MAG ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើការបោសសម្អាតមីន ផ្តល់ដីមានសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជននៅទីជនបទ ព្រមទាំងបានផ្តល់សារអប់រំផ្សេងៗ ក្នុងគោលដៅបង្កើនការយល់ដឹងអំពីគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ហើយលោកស្រីសង្ឃឹមថា ប្រជាពលរដ្ឋដែលបានទទួលសារអប់រំនាថ្ងៃនេះ នឹងផ្សព្វផ្សាយណែនាំបន្តដល់ក្រុមគ្រួសារ និងញាតិមិត្តរបស់ខ្លួន។

លោកជំទាវ បានបញ្ជាក់បន្ថែមថា ចក្រភពអង់គ្លេស ក៏ដូចជាម្ចាស់ជំនួយដទៃទៀត នឹងបន្តចូលរួមជួយបោសសម្អាតមីន ឲ្យអស់ពីទឹកដីកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×