ភ្នំពេញៈ អតីតមេទ័ពមួយរូបរបស់គណបក្សហ៊្វុនស៊ិនប៉ិច និងបច្ចុប្បន្នជាប្រធានគណបក្សខ្មែររួបរួមជាតិ លោកញឹក ប៊ុនឆៃ នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ នេះ បានដឹកនាំមន្ត្រីជាន់ខ្ពស់គណបក្សខ្មែររួបរួមជាតិ អញ្ជើញគោរពវិញ្ញាណក្ខន្ធព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា អតីតនាយករដ្ឋមន្ត្រីទី១ និងជាអតីតប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅកន្លែងតម្កល់សព ស្ថិតនៅដំណាក់ព្រះអង្គផ្លូវសម្តេចប៉ាន់ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។
លោកញឹក ប៊ុនឆៃ បានអុជធូបគោរពវិញ្ញាណក្ខន្ធ ដោយក្តីក្តុកក្តួលរំជួលចិត្តលាយលំនិងទឹកភ្នែករលីង និងបានមានប្រសាសន៍ទៅកាន់ព្រះរាជបុត្រា បុត្រីរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដោយការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត។
សូមជម្រាបថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់សោយព្រះទិវង្គតនៅប្រទេសបារាំង នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងព្រះជន្មាយុ ៧៧ ព្រះវស្សា ដោយព្រះរោគាពាធ ។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់ប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ នៅក្រុងភ្នំពេញ។ ទ្រង់ជាបុត្រាច្បងរបស់ព្រះបាទ នរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ