ភ្នំពេញ ៖ លោកកឹម សុខា អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ និងសហការី នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាអតីតនាយករដ្ឋមន្ត្រីទី១ និងជាអតីតប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលជាការលាគ្នាចុងក្រោយ នៅកន្លែងតម្កល់សព ស្ថិតនៅដំណាក់ព្រះអង្គផ្លូវសម្តេចប៉ាន់ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោកកឹម សុខា បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីគោរពវិញ្ញាណក្ខន្ធព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ថា លោកមានការសោកស្តាយ ចំពោះការយាងសោយទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងមានការស្រណោះចំពោះអ្វីដែលោកបានរៀនសូត្រពីសម្តេចក្រុមព្រះ។ ដោយលោកបានមានប្រសាសន៍បញ្ជាក់ថា “ខ្ញុំធ្លាប់ជាសហការីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ខ្ញុំមានការស្រណោះអ្វីដែលខ្ញុំបានរៀនសូត្រ ពីសម្តេចក្រុមព្រះនូវចំណុចល្អឧត្តមគតិជាតិ និងការផ្សះផ្សាជាតិ”។

គួរបញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់សោយព្រះទិវង្គតនៅប្រទេសបារាំង នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងព្រះជន្មាយុ ៧៧ ព្រះវស្សា ដោយព្រះរោគាពាធ ។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់ប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ នៅក្រុងភ្នំពេញ។ ទ្រង់ជាបុត្រាច្បងរបស់ព្រះបាទ នរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ








