ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២១ នេះ បានបន្តបើកសវនាការជំនុំជម្រះ លើសំណុំរឿងក្តីព្រហ្មទណ្ឌរបស់ លោក សម រង្ស៊ី និង គូកន ដែលជាអតីតគណបក្សសង្គ្រោះជាតិ សរុបចំនួន ៤២ នាក់ រួមទាំងកញ្ញា សេង ធារី ផងដែរ ជាជនជាប់ចោទ ជាប់ពាក់ព័ន្ធនឹងការរួមគំនិតក្ប.ត់ និង ប៉ុន.ប៉ងផ្តួល ដើម្បី ធ្វើរដ្ឋប្រហារផ្តួលរំ.លំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ផែនការ ៩ វិច្ឆិកា ២០១៩ របស់លោកសម រង្សី ប្រព្រឹត្ត ចន្លោះពីឆ្នាំ ២០១៨ និង ២០១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សវនាការនេះ ត្រូវបានដឹកនាំដោយ លោកចៅក្រម រស់ ពិសិដ្ឋ ជាប្រធានចៅក្រម ប្រឹក្សាជំនុំជម្រះ និង មានលោកព្រះរាជអាជ្ញារង ចំនួនពីររូប គឺ លោក សេង ហៀង និងលោក សំម ឬទ្ធីវាសនា គឺជាតំណាងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។
យោងតាមឯកសាររបស់តុលាកា បានអោយដឹងថា ជនជាប់ចោទនៅក្នុងសំណុំ រឿងក្តីព្រហ្មទណ្ឌនេះ រួមមានលោកសមរង្ស៊ី, លោកស្រី ជូឡុង សូមួរ៉ា, លោក ម៉ែន សុថាវរិន្ទ្រ , លោកអេងឆៃអ៊ាង, លោក អ៊ូ ច័ន្ទឫទ្ធិ, លោក ហូរ វ៉ាន់, លោក ឡុង រី និងលោក នុត រំដួល សរុបមានចំនួន
៤២នាក់ រួមទាំងកញ្ញា សេង ធារីផងដែរ។
ពួកគេត្រូវបានជាប់ចោទពីបទ « រួមគំនិតក្ប.ត់ » និង « ញុះ.ញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម » ។
សាលាដំបូងរាជធានីភ្នំពេញនឹងបន្តសវនាការនេះ នៅថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ ២០២១ នេះទៀត។

គួររំលឹកថា កាលពីថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសបាំងមុខ លោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគារ២៥ ឆ្នាំ ព្រមទាំង ដកហូតសិទ្ធិបោះឆ្នោត ផងដែរ។
ចំណែកឯ គូកនផ្សេងទៀតរួម មានលោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង គឺជាប់ពន្ធនាគារចំនួន២២ឆ្នាំ និង លោកស្រី ជូឡុង សូមួរ៉ា, លោក ម៉ែន សុថាវរិន្ទ្រ ,លោក អ៊ូ ច័ន្ទឫទ្ធិ ,លោក ហូរ វ៉ាន់ ,លោក ឡុង រី , និង លោក នុត រំដួល ត្រូវជាប់គុក ក្នុងម្នាក់ៗកំណត់ ២០ឆ្នាំផងដែរ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


