ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ឈប់ការផ្តល់អាជ្ញាបណ្ណថ្មី សម្រាប់ប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ដើម្បីពង្រឹងបន្ថែមទៀតនូវសមត្ថភាពរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រក្សាស្ថិរភាពហិរញ្ញវត្ថុ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ធនាគារជាតិនៃកម្ពុជា សូមជូនដំណឹងដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងសាធារណជន ទាំងអស់ ឱ្យបានជ្រាបថា បច្ចុប្បន្នគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ ទាំងគុណភាព ទំហំ និងវិសាលភាព។ ក្នុងគោលបំណងពង្រឹងបន្ថែមទៀតនូវសមត្ថភាព របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក៏ដូចជាការត្រួតពិនិត្យ សំដៅរក្សាស្ថិរភាពហិរញ្ញវត្ថុ និងរួម ចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ធនាគារជាតិនៃកម្ពុជា សម្រេចបញ្ឈប់ការផ្តល់អាជ្ញាបណ្ណថ្មី សម្រាប់ប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

សេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា ធនាគារនៃកម្ពុជា ស្វាគមន៍វិនិយោគិន ចំពោះការចូលរួមវិនិយោគជាមួយគ្រឹះស្ថានធនាគារ និងហិរញវត្ថុដែលកំពុងប្រកបអាជីវកម្ម និងលើកទឹកចិត្តចំពោះការច្របាច់បញ្ចូលគ្នារវាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលមានស្រាប់ ដើម្បីលើកកម្ពស់ការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយគុណភាព ប្រសិទ្ធភាព និងមានតម្លៃសមរម្យសម្រាប់ក្រុមហ៊ុន សហគ្រាស និងសាធារណជន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី


