ខេត្តព្រះវិហារ ៖ ថ្លែងទៅកាន់ក្រុមមន្ត្រីពាក់ព័ន្ធមានថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មន្ត្រីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថាសូមកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់មេភូមិ មេឃុំ-សង្កាត់ មួយចំនួន នៃខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង បាននិងកំពុងអប់រំគ្រប់គ្រង ក្មេងជំទង់ យុវជន និងប្រជាពលរដ្ឋបានល្អ ធ្វើឱ្យចៀសចាកផុតពីគ្រឿងញៀន ក្នុងការអនុវត្តផែនការ ភូមិ ឃុំ សង្កាត់ ស គ្មានគ្រឿងញៀន។

ការថ្លែងបែបនេះរបស់ លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្វើឡើងក្នុងពេលចុះជួបសំណេះសំណាល និងត្រួតពិនិត្យការអនុវត្តផែនការ ភូមិ ឃុំ សង្កាត់ ស គ្មានគ្រឿងញៀន នៅខេត្តចំនួន២ គឺខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធ ក្រុមថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ មន្ត្រីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននាក់ ដោយឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បញ្ជាក់ថា តាមរយៈការគាំទ្រពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមូលដ្ឋាន ពិសេស ការចូលរួមរបស់ប្រជាពលរដ្ឋធ្វើការដោះស្រាយ បង្ការ និងដោះស្រាយបញ្ហាគ្រឿងញៀននារយៈពេលកន្លងមកនេះ គឺបានជួយប្រជាពលរដ្ឋ កូនចៅប្រជាពលរដ្ឋ មិនឲ្យធ្លាក់ចូលទៅក្នុងអន្ទាក់នៃគ្រឿងញៀន បង្កមហន្តរាយដល់ខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍ ពោលគឺ ទទួលបានលទ្ធផលល្អក្នុងការអនុវត្តផែនការ ភូមិ ឃុំ សង្កាត់ ស គ្មានគ្រឿងញៀននេះ។

លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានជម្រាបទៅកាន់ក្រុមមន្ត្រី និងប្រជាពលរដ្ឋទៀតថា សម្តេចក្រឡាហោម ស ខេង នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកន្លងមក បានណែនាំថា ធ្វើយ៉ាងណាឱ្យក្រុមការងារទាំងអស់ ជាពិសេស ខេត្តជាប់ព្រំដែន បង្កើតភូមិ ស គ្មានគ្រឿងញៀន យ៉ាងហោច ២ ក្នុងមួយខេត្ត, ប៉ុន្តែថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង និង ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានណែនាំឲ្យបង្កើតគ្រប់ភូមិតែម្តងក្នុងខេត្តនីមួយៗ, ហើយជាក់ស្ដែង
ភូមិ-ឃុំ-សង្កាត់មួយចំនួន ដែលកំពុងអនុវត្តផែនការគ្មានគ្រឿងញៀន ឲ្យទទួលបានជោគជ័យ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

















