ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តកាមរីហាយព្រីត ក្នុងល្បឿនលឿនបានរេចង្កូត ទៅបុ.ករថយន្តហាយឡែនឌ័រ ចំពាក់កណ្តាលចំហៀងខាងឆ្វេង យ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១១និង៤០ នាទីយប់ថ្ងៃទី ៧ ខែធ្នូឆ្នាំ ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវ ២៩៤ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុ គេបានឃើញរថយន្តហាយឡែនឌ័រ មួយគ្រឿង ពណ៌ស្ករពាក់ផ្លាកលេខភ្នំពេញ 2AI-4746 បើតាមបណ្ដោយផ្លូវ២៩៤ ទិសដៅពីកើតមកលិចក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តបង្កម៉ាកកាមរីហាយប្រ៊ីត ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2BM-3298 បើកបរតាមបណ្តោយផ្លូវ២៩៤ ទិសដៅបញ្រ្ចាសគ្នាពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុ.ករថយន្តហាយឡែនឌ័រ ចំពាក់កណ្តាលទ្វារខាងឆ្វេង ពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ចំណែករថយន្តបង្ករងការខូចខាតមួយចំហៀងខាងឆ្វេង យ៉ាងដំណំផងដែរ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចឲ្យភាគីទាំងពីរ សម្របសម្រួលគ្នាដោយភាគីរថយន្តបង្ក ក៏មិនចង់វែងឆ្ងាយ ក៏ព្រមសងជាសំណង ទៅលើរថយន្តហាយឡែនឌ័រ បញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សា មេត






