ភ្នំពេញ ៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Teo Eng Dih អនុរដ្ឋលេខាធិការក្រសួងការពារជាតិ នៃសាធារណរដ្ឋសិង្ហបុរី និងគណៈប្រតិភូ ដែលបានអញ្ជើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបនេះ ឯកឧត្តម អនុរដ្ឋលេខាធិការ បានលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរកម្ពុជា-សិង្ហបុរី ដែលបានអនុវត្តកន្លងមក ហើយបានធ្វើការកោតសសើរនូវវប្បធម៌ អរិយធម៌ និងសមិទ្ធផលនានាដែលបានកើតទ្បើងដោយកត្តាសន្តិភាព និងការបង្រួបបង្រួមជាតិ ស្តែងចេញតាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូទៅកាន់ទីតាំងប្រវតិសាស្រ្តនានាដូចជា សារមន្ទីរជាតិ សារមន្ទីរទួលស្លែង និងវិមានឈ្នះ ឈ្នះ ជាដើម ។

ជាការឆ្លើយតប ឯកឧត្តម អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានសម្តែងការស្វាគមន៍ដល់គណៈប្រតិភូ សម្រាប់ការអញ្ជើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ហើយក៏បានធ្វើការជម្រាបជូនអំពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក៏ដូចប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងការរួមគ្នាថែរក្សាសន្តិភាពដែលមាននេះឲ្យបានគង់វង្ស ដើម្បីបន្តនូវវឌ្ឍនភាព និងភាពសម្បូរណ៍សប្បាយ។
ព្រមជាមួយគ្នា ឯកឧត្តម អគ្គមេបញ្ជាការរង បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសសកម្មភាពកិច្ចសហប្រតិបត្តិការជាច្រើនក្នុងកម្រិតកងទ័ពជើងគោក ដូចជាការផ្លាស់ប្តូរទស្សនកិច្ចសិក្សា លំហាត់ ហ្វឹកហ្វឺន និងការជួយឧត្ថម្ភគាំទ្រនានាជាដើម។

ជាចុងក្រោយ ឧត្តមសេនីយ៍ឯក មេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាលសិង្ហបុរីសម្រាប់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងសូមគាំទ្រចំពោះទិសដៅទៅមុខរបស់រដ្ឋាភិបាល និងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ក្នុងការជំរុញបន្ថែមទៀត នូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិ ដែលជាកិច្ចសហប្រតិបត្តិការបែបយុទ្ធសាស្ត្រដ៏សំខាន់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី


