អ៊ីស្រាអែលកាលពីថ្ងៃអង្គារម្សិលមិញ បានធ្វើការវាយប្រហារតាមផ្លូវអាកាសមួយទៅលើកំពង់ផែរបស់ប្រទេសស៊ីរីឈ្មោះថា Latakia។ ការវាយប្រហារនេះ គឺជាហេតុការណ៍ដ៏កម្រមួយទៅលើមូលដ្ឋានរបស់ប្រទេសសេរីផ្ទាល់។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី។ បើតាមសម្តីប្រភពពីកងទ័ពស៊ីរីដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានសាណា៖« ប្រហែលម៉ោង១និង២៣នាទីព្រឹកថ្ងៃអង្គារ កងទ័ពអ៊ីស្រាអែលបានចាប់ផ្តើមឈ្លានពានដែនអាកាសស៊ីរីដោយបាញ់មីស៊ីលជាច្រើនគ្រាប់។»
«ដែនការពារអាកាសរបស់យើងត្រូវបានរងការឈ្លានពានពីប្រទេសអ៊ីស្រាអែលក្នុងតំបន់កំពង់ផែ Latakia។» ជាក់ស្តែង ទីភ្នាក់ងារសារព័ត៌មានខាងដើមបានលើកឡើងថា ការវាយប្រហារទៅកាន់តំបន់Latakia គឺអ៊ីស្រាអែលបានកំណត់គោលដៅច្បាស់លាស់ណាស់ ដោយបាញ់មកចំទីតាំងដាក់កុងតឺន័ររបស់កំពង់ផែស៊ីរី។ ក្រោយពីការវាយប្រហារ កុងតឺន័រជាច្រើនត្រូវបានភ្លើងឆាបឆេះ ប៉ុន្តែហេតុការណ៍នោះ វាមិនបានបង្កជាបញ្ហាគ្រោះថ្នាក់ដល់អ្នកណាម្នាក់នោះទេ។
ក្នុងនោះ រូបភាពជាច្រើនសន្លឹកត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានសាណា ដោយបានបង្ហាញអំពីទិដ្ឋភាពនៃអគ្គីភ័យឆាបឆេះក្នុងទីតាំងដាក់កុងតឺន័រ។ ប៉ុន្តែទូរទស្សន៍រដ្ឋរបស់ស៊ីរីបានអះអាងថា ក្រុមពន្លត់អគ្គីភ័យបានគ្រប់គ្រងស្ថានការណ៍នេះរួចរាល់ហើយ។បន្ថែមពីនេះ អ៊ីស្រាអែលបានបញ្ជាក់ម្តងទៀតថា ខ្លួននឹងមិនអនុញ្ញាតឱ្យប្រទេសជិតខាងខ្លួន(ស៊ីរី) ក្លាយទៅជាកូនអុករបស់ប្រទេសអឺរ៉ង់នោះទេ។
ចាប់តាំងពីសង្រ្គាមស៊ីវិលត្រូវបានបញ្ចប់ក្នុងប្រទេសស៊ីរីកាលពីឆ្នាំ២០១១ អ៊ីស្រាអែលបានបញ្ចូលមីស៊ីលជាច្រើនគ្រាប់ទៅកាន់ទឹកដីស៊ីរី ដោយផ្តោតលើទីតាំងរដ្ឋាភិបាល ក៏ដូចជាកងកម្លាំងសម្ព័ន្ធមិត្តដែលគាំទ្រដោយអ៊ីរ៉ង់ និងក្រុមសកម្មប្រយុទ្ធ Hezbollah ។ជាក់ស្តែងកាលពីថ្ងៃទី២៤ ខែវិច្ឆិកាកន្លងទៅ ការវាយប្រហារដោយកាំជ្រួចរបស់អ៊ីស្រាអែលនៅភាគខាងលិចនៃខេត្ត Homs បានសម្លាប់មនុស្ស
ហើយអ្នកឃ្លាំមើលបញ្ហាសង្គ្រាមដែលមានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេសចេញមកអះអាងថា នៅក្នុងការវាយប្រហារពីរដាច់ដោយឡែកពីគ្នារបស់អ៊ីស្រាអែលក្នុងខែតុលាកន្លងទៅ កងជីវពលគាំទ្រអ៊ីរ៉ង់៥ នាក់ត្រូវបានសម្លាប់នៅជិតរដ្ឋធានីដាម៉ាសរបស់ប្រទេសស៊ីរី ខណៈដែលអ្នកប្រយុទ្ធគាំទ្ររដ្ឋាភិបាល៩នាក់ផ្សេងទៀត ត្រូវបានសម្លាប់នៅជិតមូលដ្ឋានទ័ពអាកាស T4 ភាគខាងកើតនៃទីក្រុង Palmyra ភាគកណ្តាលនៃប្រទេសស៊ីរី៕ ប្រភព៖ The National News