Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម លឹម គានហោ ឲ្យបណ្តាប្រទេសតាមដងទន្លេមេគង្គ ធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈម និងជំរុញការអភិវឌ្ឍរួម

ភ្នំពេញ ៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងថា ដោយសារតែបញ្ហាប្រឈម រួមមាន កំណើនប្រជាជន ការកើនឡើងនូវតម្រូវការសម្រាប់សន្តិសុខទឹក ស្បៀងអាហារ និងថាមពល នៅក្នុងបណ្តាប្រទេសតាមដងទន្លេ និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស នៅក្នុងអាង គួបផ្សំនឹងផលប៉ះពាល់ និងហានិភ័យ នៃការប្រែប្រួលអាកាសធាតុ បាននឹងកំពុងដាក់សម្ពាធមកលើធនធាន និងនិរន្តរភាពទន្លេ ។

តបតាមការអញ្ជើញរបស់ឯកឧត្តម Li Guoying រដ្ឋមន្រ្តីក្រសួងធនធានទឹកនៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃអង្គារ ទី ០៧ ខែធ្នូ ឆ្នាំ ២០២១ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមក្នុងវេទិកាកិច្ចសហប្រតិបត្តិការធនធានទឹកឡានឆាង-មេគង្គ លើកទី២ ក្រោមប្រធានបទ « ធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈម និងជំរុញការអភិវឌ្ឍរួម »ដែលនឹងប្រព្រឹត្តទៅរយៈពេល ០២ ថ្ងៃ គឺនៅថ្ងៃទី ៧-៨ ខែធ្នូ ឆ្នាំ ២០២១ តាមប្រព័ន្ធវីដេអូ Zoom ។

នៅក្នុងសុន្ទរកថាថ្លែងក្នុងពិធីបើកនៃវេទិកាខាងលើ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីសារសំខាន់នៃទន្លេមេគង្គ-ឡានឆាង ដែលផ្តល់នូវធនធានទឹក និងធនធានពាក់ព័ន្ធសម្រាប់ជួយជំរុញដល់កិច្ចអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម សម្រាប់បណ្តាប្រទេសតាមដងទន្លេ ក៏ដូចជាទ្រទ្រង់ដល់ជីវភាពរស់នៅ និងសុខុមាលភាពនៃប្រជាជនក្នុងអាងទាំងមូល ។

ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ដោយសារតែបញ្ហាប្រឈម រួមមាន កំណើនប្រជាជន ការកើនឡើងនូវតម្រូវការសម្រាប់សន្តិសុខទឹក ស្បៀងអាហារ និងថាមពល នៅក្នុងបណ្តាប្រទេសតាមដងទន្លេ និងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងអាង គួបផ្សំនឹងផលប៉ះពាល់ និងហានិភ័យនៃការប្រែប្រួលអាកាសធាតុដែលកើតឡើង បាននឹងកំពុងដាក់សម្ពាធមកលើធនធាន និងនិរន្តរភាពទន្លេ ដែលនេះ ជាទំនួលខុសត្រូវរួមរបស់ប្រទេសតាមដងទន្លេទាំងអស់ ដែលចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ និងត្រូវធ្វើការរួមគ្នាឆ្ពោះទៅសម្រេច បាននូវលទ្ធផលប្រកបដោយនិរន្តរភាព នៅក្នុងបរិបទធានាបាននូវសន្តិសុខទឹក ដើម្បីគាំទ្រដល់ការគ្រប់គ្រង និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់មេគង្គ-ឡានឆាង ។

ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសមិទ្ធិផលសំខាន់ៗ ដែលសម្រេចបានរហូតមកទល់ពេលនេះ ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ដោយបានរួមចំណែកជួយបណ្តាប្រទេសតាមដងទន្លេ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបានជួយនាំមកនូវវិបុលភាព ក្នុងតំបន់ប្រកបដោយផលិតភាព និងលទ្ធផលជាក់ស្តែង ដែលក្នុងនោះ ក៏រួមទាំងកិច្ចសហប្រតិបត្តិការធនធានទឹក ផងដែរ និងក៏បានគូសបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្ត និងការត្រៀមខ្លួនរបស់កម្ពុជា ដើម្បីបន្តធ្វើការកាន់តែជិតស្និទ្ធក្នុងស្មារតី នៃការទទួលខុសត្រូវរួមគ្នា ឆ្ពោះទៅរកការសម្រេចបាននូវវិបុលភាពរួមគ្នា ជាមួយនឹងកំណើនប្រកបដោយបរិយាប័ន្ន និងអនាគតប្រកបដោយចីរភាព សម្រាប់ប្រទេសតាមដងទន្លេនីមួយៗ និងសម្រាប់តំបន់ឡានឆាង-មេគង្គទាំងមូល រួមគ្នា ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×