នៅលើបណ្តាញសង្គម ពិតជាមានការលាន់មាត់ភ្ញាក់ផ្អើលជាខ្លាំងតែម្តង ក្រោយពីបានឃើញទិដ្ឋភាពនៃពិធីមង្គលការមួយនៅក្នុងឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បានធ្វើរឿងដ៏ប្លែកជូនម្ហូបដល់ភ្ញៀវ យកទៅផ្ទះរៀងៗខ្លួន ដើម្បីបន្តចូលរួមបង្ការការពារទប់ស្កាត់នៃការឆ្លងរីករាលនៃជំងឺកូវីដ១៩។
តាមរយៈវីដេអូ បានបង្ហាញឲ្យឃើញម្ចាស់ដើមការ ចែកមាន់១ក្បាល និងភ្ជាប់ទឹកផ្លែឈើ និងស្រាបៀរ សរុបចំនួន៦កំប៉ុង(ស្មើមួយយូរ) ជូនទៅដល់ភ្ញៀវដែលមានមកចងដៃ តែមិនអាចនៅអង្គុយហូបជួបជុំសប្បាយនៅក្នុងកម្មពិធីបាន។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Ros Visay បានបង្ហោះវីដេអូជាក់ស្តែង និងបញ្ជាក់ប្រាប់យ៉ាងខ្លីថា «មិនមែនចែកអំណោយទេបងប្អូន គឺអ្នកភូមិមកចងដៃការ តែមិនអង្គុយហូប គឺទទួលបានមាន់មួយ ទឹកផ្លែឈើ ឬស្រា៤កំប៉ុង ដំដែក សូទ្រនិគម សៀមរាប»។
ជាមួយគ្នានេះផងដែរ ក្រោយពីបានឃើញប្លែកបែបនេះ មហាជនមានមតិលាន់មាត់ថា៖ «ប្លែក មិនធ្លាប់ដឹងសោះ លើកទី១ហើយ ដែលបានឃើញបែបនេះ, ល្អម្យ៉ាងដែរមង្គលការសម័យកូវីដ តែមិនខាត ឬ ចំណេញទេ»។ រីឯអ្នកខ្លះទៀត ក៏បានព្រួយបារម្ភចំពោះម្ចាស់ដើមការថា «ម្យ៉ាងដែរ យកទៅផ្ទះបានស៊ីទាំងអស់គ្នា តែបើរៀបមិនស្រួលខាតវិញ ម្នាក់មាន់មួយ ១តុ ១០នាក់ ១០មាន់ស្ងោរ នៅស្រា៤កំប៉ុងទៀត មិនចំណេញទេមើលទៅ, តែបើល្មមមិនខាតទេ! បើខាងបាត់ដំបងវិញ បានទឹកផ្លែឈើពីរកំប៉ុង និងស្រាពីរកំប៉ុង!»។ ចំណែកអ្នកខ្លះទៀត ដែលធ្លាប់ចងដៃទទេ អត់បានអីមកវិញ បានប្រាប់ថា «នេះសំណាងហើយ រោងខ្លះអត់បានអីទេ ដើរចងតែញយៗហ្នឹង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង












