ថ្ងៃទី២៩ ខែ១០ គឺជាកាលបរិច្ឆេទចុងក្រោយសម្រាប់អតីតនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត្រា ប្តឹងឧទ្ធរណ៍ជុំវិញក្តីក្តាំប្រាក់ឧបត្ថម្ភថ្លៃស្រូវ ប៉ុន្តែអ្នកស្រីពុំបានបង្ហាញហើយក៏ពុំបានទាក់ទងជាមួយមេធាវី។
កាលពីខែ៩ តុលាការកំពូលបានប្រកាសកាត់ទោសកំបាំងមុខឲ្យអ្នកស្រីយីងឡាក់ជាប់ពន្ធនាគារ៥ឆ្នាំពីបទព្រងើយកន្តើយ ខ្វះការទទួលខុសត្រូវ ធ្វើឲ្យខាតបង់យ៉ាងធំធេងក្នុងគោលនយោបាយគាំទ្រតម្លៃស្រូវនិងស្តុកស្រូវ។
អតីតនាយករដ្ឋមន្ត្រីថៃយីងឡាក់ ស៊ីណាវ៉ាត្រា
ម្សិលមិញនេះ មេធាវីណូរ៉ាវីត ឲ្យដឹងថា ពុំអាចទាក់ទងបានជាមួយនឹងអ្នកស្រីយីងឡាក់ ដើម្បីទទួលសំណូមពរបណ្តឹងឧទ្ធរណ៍។ នៅថ្ងៃដដែលនោះ ស្ថាប័នឯកយកា បានប្រកាសជាផ្លូវការថា ករណីក្តីក្តាំនេះត្រូវបានបញ្ចប់។
គួររំលឹកឡើងវិញថា កាលពីចុងខែសីហា ឆ្នាំ២០១៧នេះ អ្នកស្រីយីងឡាក់ បានភៀសខ្លួនចញេពីប្រទេសថៃ តុលាការបានចេញសាលក្រមកំបាំងមុខដូចពោលខាងលើ។ ពីពេលនោះមក គេពុំទាន់ដឹងច្បាស់ថា អតីតនាយករដ្ឋមន្ត្រីរូបនេះកំពុងស្ថិតនៅទីណាឲ្យប្រាកដឡើយ៕ ដោយ ៖ សូយន