Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ADB និងកម្ពុជា ចុះហត្ថលេខាលើកញ្ចប់ ហិរញ្ញប្បទាន ៣៣២ លានដុល្លារ ដើម្បីបង្កើនការងើបឡើងវិញ នៃសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា បានចុះហត្ថលេខាលើកញ្ចប់ហិរញ្ញប្បទាន ៣៣២,0៥ លានដុល្លារ ដើម្បី គាំទ្រ​ដល់ការឆ្លើយតបរបស់កម្ពុជានឹងជំងឺកូវីដ១៩ អភិវឌ្ឍវិស័យហិរញ្ញវត្ថុ កសាងហេដ្ឋារចនាសម្ព័ន្ធ ទីក្រុង និង ​ជួយ​កែលម្អបណ្តាញផ្លូវ។

ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង នាយកស្តីទីប្រចាំប្រទេសកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាស៊ី​ លោក Anthony Gill បានចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចី និង ហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងសន្តិសុខសុខភាពមហា អនុតំបន់មេគង្គ (GMS) ចំនួន ៣0 លានដុល្លារ គម្រោងវិនិយោគទីក្រុងដែលអាចរស់នៅបាន ១៨0 លានដុល្លារ គម្រោងកែលម្អបណ្តាញផ្លូវថ្នល់ (ដំណាក់កាលទី២) ៨២,0៥ លានដុល្លារ និង កម្មវិធី​អភិវឌ្ឍន៍​វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន ៤0 លាន។

លោក Gill បានមានប្រសាសន៍ថា “ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏យូរអង្វែងរបស់កម្ពុជា ADB ប្តេជ្ញា​គាំទ្រលទ្ធភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចរបស់ប្រទេស និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន។ គម្រោង​ទាំងនេះនឹងជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា តាមរយៈការកែលម្អសេវាថែទាំសុខភាព បរិយាប័ន្ន​ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទីក្រុងនៅទីតាំងយុទ្ធសាស្ត្រមួយចំនួន និងបណ្តាញផ្លូវថ្នល់។”

គម្រោងសន្តិសុខសុខភាពមហាអនុតំបន់មេគង្គ នឹងធ្វើឱ្យប្រសើរឡើងនូវសេវាមន្ទីរពិសោធន៍ និង​ការត្រួតពិនិត្យបង្ការការឆ្លងរោគតាមមន្ទីរពេទ្យខេត្ត និង​ ស្រុកចំនួន ៨១ នៅទូទាំងប្រទេសកម្ពុជា។ វានឹង ជំរុញប្រព័ន្ធតាមដាននិងឆ្លើយតបជំងឺ ការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ១៩ និងការតាមរកករណីឆ្លង ដោយភ្នាក់ងារសុខាភិបាល​ មជ្ឍិម ខេត្ត និងស្រុក។ គម្រោងនេះក៏ត្រូវបានផ្តល់​ជាមូលនិធិ​តាមរយៈជំនួយ ចំនួន ៥ លានដុល្លារ​ ពីមូលនិធិជប៉ុនសម្រាប់ការកាត់បន្ថយភាពក្រីក្រ (Japan Fund for Poverty Reduction ឬ JFPR) របស់រដ្ឋាភិបាលជប៉ុនផងដែរ។

គម្រោងវិនិយោគទីក្រុងដែលអាចរស់នៅបាន នឹង​ ជួយផ្តល់សេវាគ្រប់គ្រងទឹកសំណល់ និង​សំណល់​រឹងកាន់តែប្រសើរ សម្រាប់ប្រជាពលរដ្ឋជាង ១៤ម៉ឺននាក់ នៅក្រុងបាវិត កំពត និងប៉ោយប៉ែត។ វា​នឹង​ជួយ​ទីក្រុង​ទាំង​បី​កែលម្អ​ប្រព័ន្ធបង្ហូរទឹកភ្លៀង និង​ប្រព័ន្ធ​លូ​ក្នុង​ទីក្រុង និង​កាត់បន្ថយ​ទឹកជំនន់។ JFPR បានផ្តល់ជំនួយបច្ចេកទេសចំនួន ២ លានដុល្លារ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អផែនការ ប្រើប្រាស់ដីធ្លី និងអភិបាលកិច្ច ក៏ដូចជាការងារផ្សេងទៀត។

ដំណាក់កាលទី ២ នៃគម្រោងកែលម្អបណ្តាញផ្លូវ នឹងស្តារឡើងវិញនូវផ្លូវជាតិ និង​ ផ្លូវខេត្តប្រវែង ៤៨ គីឡូម៉ែត្រ ក្នុងខេត្តព្រៃវែង និងខេត្តកណ្តាល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចតាមច្រករបៀងសេដ្ឋកិច្ច មហាអនុតំបន់មេគង្គ​ ភាគខាងត្បូង។ គម្រោងនេះនឹងបញ្ចូលការរចនាដែលធន់នឹងគ្រោះមហន្តរាយ និង​អាកាសធាតុ​ ហើយជួយក្រសួងសាធារណការ និង ដឹកជញ្ជូន ក្នុងការគ្រប់គ្រងផ្លូវថ្នល់ ឱ្យបានកាន់តែ​ប្រសើរ។

កម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន​ នឹងជួយរដ្ឋាភិបាលពង្រីកលទ្ធភាពទទួល​បានឥណទាន ក្នុងចំណោមសហគ្រាសខ្នាតតូច និង មធ្យម អនុវត្តកំណែទម្រង់ដើម្បីជំរុញស្ថិរភាព ហិរញ្ញវត្ថុ និង ធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្នែកហិរញ្ញវត្ថុ។

បច្ចុប្បន្នធនាគារអភិវឌ្ឍន៍អាស៊ី កំពុង​អនុវត្ត​គម្រោង​វិនិយោគ​សរុប​មានតម្លៃ ២,០៨ ពាន់​លាន​ដុល្លារ ​នៅ​កម្ពុជា។ ក្នុងឆ្នាំ ២០២០ ADB បានផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណង ៤៧៧,២ លាន​ដុល្លារដល់កម្ពុជា និងផ្តល់បន្ថែមចំនួន ២៨១,៣ លានដុល្លារ តាមរយៈការផ្តល់សហហិរញ្ញប្បទាន។ ទឹកប្រាក់បម្រុងពី ADB សម្រាប់ឆ្នាំ ២០២១-២០២៤ រួមមាន ប្រាក់កម្ចីសម្បទានចំនួន​​ ១,៣៨ ពាន់​លាន​ដុល្លារ និង ​ជំនួយឥតសំណង ៣៦,៨ លានដុល្លារ ត្រៀមគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និង ការងើប ឡើងវិញពីជំងឺរាតត្បាតកូវីដ១៩ របស់កម្ពុជា៕ 

×