ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត និងជាធនាគារពាណិជ្ជទី១ ដែលបានចុះបញ្ជី ក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា កាលពីថ្ងៃពុធ (ទី៨ ខែធ្នូ ឆ្នាំ២០២១បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូ ស្តីពីការបម្រើសេវាទូទាត់វិក្កយបត្រ ជាមួយ និងក្រុមហ៊ុន តូតាល់កម្ពុជា ដែលជាសាខារបស់ក្រុមហ៊ុនTotalEnergies។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខាថា តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូនេះ រាល់ការទូទាត់សេវា និងទូទាត់វិក្កយបត្រ នៅក្រុមហ៊ុន តូតាល់ អាចធ្វើឡើងជាមួយនឹងធនាគារអេស៊ីលីដា ភីអិលស៊ី តាមរយៈអេស៊ីលីដាម៉ូបាល និងការទូទាត់ប្រាក់តាមរយៈអេស៊ីលីដាអ៊ីនធើណែត។
លោកបណ្ឌិត អ៊ិន ចាន់នី មានប្រសាសន៍បន្ថែមថា៖«ការចាប់ដៃគូនេះ នឹងផ្តល់មធ្យោបាយក្នុងការទូទាត់តាមបែបឌីជីថល ប្រកបដោយសុវត្ថិភាព សាមញ្ញ និងមានប្រសិទ្ធភាពខ្ពស់។»
គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ២០០៥ ក្រុមហ៊ុនតូតាល់កម្ពុជា បានបើកគណនី សេវាប្រមូលសាច់ប្រាក់ (Cash Collection) ជាមួយ ធនាគារ អេស៊ីលីដា ភីអិលស៊ី។ ចាប់ពីឆ្នាំ២០១៥ រហូតដល់ បច្ចុប្បន្ន ក្រុមហ៊ុន តូតាល់កម្ពុជា បានពង្រីកការទូទាត់តាមម៉ាស៊ីន POS របស់ធនាគារ អេស៊ីលីដា រហូតដល់ ៥៩ ស្ថានីយ។
ដោយយល់ឃើញពីសារៈសំខាន់ និងសេចក្តីត្រូវការរបស់អតិថិជន ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនតូតាល់កម្ពុជា បានសហការគ្នាពង្រីក និងបន្ថែមមធ្យោបាយទូទាត់ តាមរយៈអេស៊ីលីដាម៉ូបាល ដែលជាជម្រើសទាន់សម័យ ដើម្បីបម្រើអតិថិជនទាំងអស់។ សមាជិកប័ណ្ណតូតាល់កម្ពុជា ក៏អាចបញ្ចូលទឹកប្រាក់ក្នុងប័ណ្ណប្រេងឥន្ធនៈរបស់ពួកគេ តាមរយៈកម្មវិធី អេស៊ីលីដាម៉ូបាល ផងដែរ។ លើសពីនេះ ដៃគូចែកចាយ តូតាល់កម្ពុជា នឹងអាចទូទាត់វិក្កយបត្រ (Bill Payment) សម្រាប់ផលិតផល និងសេវាកម្ម តាមរយៈអេស៊ីលីដាម៉ូបាល ដោយភាពជឿជាក់ និងងាយស្រួល៕