បន្ទាយមានជ័យ៖ ប្រជាកសិករ ដាំដំឡូងមីនៅខេត្តបន្ទាយមានជ័យ កំពុងចាប់ផ្តើមប្រមូលផលដំឡូងដើមរដូវ បានបង្ហាញពីក្តីរីករាយ ដោយសារ ដំឡូងមីនៅឆ្នាំនេះលក់បានខ្ពស់ជាងឆ្នំាមុន ជាពិសេសដោយមានតម្រូវការច្រើនពីប្រទេសថៃ គ្រាដែលដំឡូងមីឆ្នាំនេះរងការខូចខាតអស់មួយចំនួនព្រោះតែជំនន់ទឹកភ្លៀង។
កសិករដាំដំឡូងមី ឈ្មោះ លី កុ អាយុ ៦០ឆ្នាំ រស់នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា តម្លៃដំឡូងមីឆ្នាំនេះ លក់បានថ្លៃខ្ពស់ជាងឆ្នាំមុន។ ឆ្នាំនេះ ដំឡូងមានហាងឆេងខ្ពស់គួរសមជាងឆ្នាំមុន ព្រោះខាងថៃកំពុងមានតម្រូវការ។ លោកថា ឆ្នាំនេះ ដំឡូងស្រស់លោកទិញចូល ១គីឡូថ្លៃ ២៨០រៀល ខណៈឆ្នាំទៅទិញតែ១គីឡូថ្លៃពី ១៨០រៀល ទៅ ២៤០រៀល ចំពោះដំឡូងមីស្ងួត ទិញចូល ១គីឡូ ៧៦០រៀល បើប្រៀបធៀបនឹងឆ្នាំមុន កើនឡើងថ្លៃជាងឆ្នាំមុន ព្រោះឆ្នាំនេះកសិករដាំដុះឡូងរងការខូចខាតច្រើន ដោយសារទឹកជំនន់លិច អស់មួយចំនួនធំ។
គួរបញ្ជាក់ថា បើតាមលោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា ចំពោះដំណាំដំឡូងមីនៅឆ្នាំនេះនៅតែមានហាងឆេងល្អ បើទោះបីជាមានទឹកលិចខូចខាតខ្លះក៏ដោយ។ចំពោះខេត្តបន្ទាយមានជ័យ ការដាំដុះដាំដំឡូងឆ្នាំនេះ សរុបមានចំនួន ៨ម៉ឺនហិកតា ដោយជាមធ្យមក្នុង ១ហិកតាទទួលផលបានក្នុងចន្លោះពី ២២តោន ទៅ ២៥តោន៕